ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ដាក់តំបន់ព្រៃឡង់ ជាតំបន់ក្រហម ដោយឈប់ចេញអាជ្ញាបណ្ណរ៉ែគ្រប់ប្រភេទ
21, Nov 2023 , 3:19 pm        
រូបភាព
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល(រូបទីមួយរាប់ពីឆ្វេង)ក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល(រូបទីមួយរាប់ពីឆ្វេង)ក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ ។
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា រដ្ឋាភិបាលបានសម្រេចដាក់តំបន់ព្រៃឡង់ជាតំបន់ក្រហម កាលពីថ្ងៃទី២ វិច្ឆិកា ដោយមិនចេញអាជ្ញាបណ្ណធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀត លើកលែងតែក្រុមហ៊ុនចំនួនពីរ ដែលទទួលបានការអនុញ្ញាត កាលមុនមកហើយ។

 

ក្នុងវេទិកាពិភាក្សាសារព័ត៌មានលើប្រធានបទ៖ «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រដ្ឋាភិបាលអាណត្តិថ្មីនេះ សម្រេចឱ្យពិនិត្យឡើងវិញ ពីលទ្ធភាពក្នុងការកាត់បន្ថយផ្ទៃដី ដែលសិក្សារួច និងមិនមានសក្តានុពលធ្វើអាជីវកម្មធនធានរ៉ែ ដើម្បីយកផ្ទៃដីនោះ ត្រឡប់មកវិញ។
 
សូមអញ្ជើញស្ដាប់សំឡេង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖  
 


 
ជាទូទៅនៅពេលក្រុមហ៊ុនណាមួយស្នើសុំសិក្សាពីអាជីវកម្មធនធានរ៉ែ គឺគេតែងតែស្នើសុំក្នុងផ្ទៃដីធំ ប៉ុន្តែនៅពេលគេសិក្សារួច នឹងមានការបង្រួមផ្ទៃដីតូចវិញ។ ដូច្នេះ ផ្ទៃដីដែលសិក្សារួច នឹងត្រូវប្រគល់ឱ្យរដ្ឋគ្រប់គ្រងវិញ។ នេះជាការពន្យល់បន្ថែមរបស់លោក កែវ រតនៈ ។
 
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានឯកភាព មិនអនុញ្ញាតឱ្យពង្រីកផ្ទៃដីបន្ថែម លើអាជ្ញាប័ណ្ណអាជីវកម្មរ៉ែ ដែលមានស្រាប់ នៅតំបន់ព្រៃឡង់ទៀតឡើយ។ 
 
នៅតំបន់ព្រៃឡង់សព្វថ្ងៃ មានក្រុមហ៊ុនចំនួន១៣ ដែលទទួលបានសិទ្ធិសិក្សា រុករក និងធ្វើអាជីវកម្មរ៉ែ។ ក្នុងចំណោមក្រុមហ៊ុនទាំង១៣នោះ មានអាជីវកម្មសិក្សាស្រាវជ្រាវនិងរុករករ៉ែចំនួន៣ និងអាជីវកម្មធ្វើរ៉ែមាសចំនួន១ នៅខេត្តកំពង់ធំ។ នៅខេត្តក្រចេះវិញ មានក្រុមហ៊ុនចំនួន៧ ដែលកំពុងសិក្សារុករករ៉ែ ហើយនៅព្រះវិហារ មានចំនួន២ក្រុមហ៊ុន ដែលមិនទាន់ធ្វើអាជីវកម្មនៅឡើយ។ ចំណែកនៅខេត្តស្ទឹងត្រែងវិញ ក្រុមហ៊ុនស្វែងរករ៉ែ មានចំនួន១។ នេះបើតាម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

Tag:
 រ៉ែ
  តំបន់ព្រៃឡង់
© រក្សាសិទ្ធិដោយ thmeythmey.com