អន្តរជាតិ
ពលរដ្ឋថៃជាច្រើនរយនាក់ ​នឹង​ត្រូវ​ជម្លៀស​ចេញ​ពី​មីយ៉ាន់ម៉ា​ តាម​ប្រទេស​ចិន ក្នុង​ករណីប្រយុទ្ធគ្នា​ដ៏​ខ្លាំង​នៅ​រដ្ឋភាគ​ខាងជើង
22, Nov 2023 , 7:59 am        
រូបភាព
ក្នុង​រូប​ដែល​ថត​និង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ​កងទ័ព​ភូមិន្ទ​ថៃ បង្ហាញ​ពី​យោធា​ថៃ​ជាមួយនឹង​ជនជាតិ​ថៃ​មួយចំនួន​ក្នុង​ចំណោម ៤១ នាក់​នៅ​លើ​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ទៅ​ក្រុង Mae Sai បន្ទាប់ពី​ពួកគេ​ត្រឡប់​ទៅ​ថៃ​វិញ ក្រោយពី​ពួកគេ​ជាប់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។
ក្នុង​រូប​ដែល​ថត​និង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយ​កងទ័ព​ភូមិន្ទ​ថៃ បង្ហាញ​ពី​យោធា​ថៃ​ជាមួយនឹង​ជនជាតិ​ថៃ​មួយចំនួន​ក្នុង​ចំណោម ៤១ នាក់​នៅ​លើ​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ទៅ​ក្រុង Mae Sai បន្ទាប់ពី​ពួកគេ​ត្រឡប់​ទៅ​ថៃ​វិញ ក្រោយពី​ពួកគេ​ជាប់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។
ដោយ: VOA
ពលរដ្ឋ​ថៃ​ប្រមាណ​ជាង​២០០​នាក់ ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​ការ​ឡោមព័ទ្ធ​វាយប្រហាររវាង​កង​យោធា​មីយ៉ាន់ម៉ា​និងក្រុម​ជនជាតិ​ភាគតិច​ប្រដាប់​អាវុធ​នៅ​ផ្នែក​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​ កំពុង​ត្រូវ​បាន​ជួយ​ជម្លៀសទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ​ តាម​រយៈប្រទេស​ចិន។ នេះបើ​តាមការ​ឱ្យដឹងរបស់ក្រសួង​ការបរទេស​ថៃ​ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។ ​



ក្រុម​យោធា​មីយ៉ាន់ម៉ា​ ដែលដណ្តើម​កាន់អំណាច​ក្នុងរដ្ឋប្រហារ​យោធា​ក្នុងឆ្នាំ​២០២១​នោះ បាន​បាត់​បង់ទី​តាំង​គ្រប់គ្រង​នៅ​តាម​ទី​ប្រជុំជន​ជា​ច្រើន​កន្លែង​ និង​ទីតាំង​យោធា​ជួរ​មុខ​មួយ​ចំនួន​នៅ​ជុំវិញ​ប្រទេស​ ក៏​ដូច​ជា​ផ្នែក​ខ្លះ​ក្នុង​តំបន់​ភាគ​ខាងជើង​ផង​ដែរ​ នៅ​ក្នុងសមរភូមិ​ប្រយុទ្ធ​ដ៏​ធំ ​ដែល​មាន​ការ​រៀបចំ និង​ត្រូវ​បានធ្វើ​ឡើង​កាល​ពី​ខែ​មុន​ ដោយក្រុម​សម្ព័ន្ធ​ជនជាតិ​ភាគតិចចំនួន​៣​ក្រុម​ និង​យុទ្ធជនគាំទ្រ​លទ្ធិប្រជាធិប​តេយ្យ​។​ ​
 
ក្រសួង​ការបរទេស​ថៃ​និយាយ​ថា ក្រុម​ជនជាតិ​ថៃ​ដែល​មាន​គ្នា​២៦៦​នាក់​ ​និង​ជនជាតិ​ហ្វីលីពីន​និង​សិង្ហបុរីដែល​មិនដឹង​ចំនួន​ច្បាស់​ ត្រូវ​បាន​ជម្លៀស​ចេញពី​ស្រុក​ Laukkaing ក្នុង​រដ្ឋ​ Shan​ ភាគ​ខាង​ជើង ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ចិន​និង​មីយ៉ាន់ម៉ា ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​មីយ៉ាន់ម៉ា​ផង​ដែរ។
 
ក្រសួង​ការបរទេស​ថៃនិយាយ​ថា​ ក្រុម​ពលរដ្ឋ​ទាំង​នេះ​នឹង​ត្រូវ​អនុញ្ញាតឱ្យ​ចូល​ទៅ​ប្រទេស​ចិន​ ហើយ​បន្ទាប់​មក​នឹង​ជិះយន្ត​ហោះជួល​ពីរ​គ្រឿងពីទីក្រុង ​Kunming ​របស់​ចិន​ ទៅ​កាន់​រដ្ឋធានីបាងកក​ ប្រទេស​ថៃ ដែល​នៅ​ទី​នោះ​ពួក​គេ​នឹង​ត្រូវ​ធ្វើការ​ត្រួត​ពិនិត្យ​លើកំណត់​ហេតុជួញ​ដូរ​មនុស្ស​និង​បទ​ឧក្រិដ្ឋ។ ​
 
ក្រសួង​ការបរទេស​ថៃ​មិន​បាន​បញ្ជាក់ពី​ការ​មក​ដល់នៃ​ក្រុមពលរដ្ឋទាំង​នេះ​ទេ​ ប៉ុន្តែ​ថា ​ពួក​គេ​បាន​ទៅ​ដល់​ព្រំដែន​ប្រទេស​ចិន​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​
 
អាជ្ញាធរ​ថៃបាន​និយាយ​ក្នុង​ពេល​កន្លង​ទៅ​ថា​ ​មនុស្ស​មួយ​ចំនួន​ដែល​ជាប់​គាំងក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ជា​ជន​រងគ្រោះ​នៃ​អំពើ​រត់ពន្ធមនុស្ស​ ហើយ​មួយ​ចំនួន​ទៀត​ អាច​ជាប់ពាក់ព័ន្ធ​នឹងក្រុម​បោកប្រាស់​តាម​អ៊ីនធឺណិត​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com