អន្តរជាតិ
កងទ័ព​អុីស្រាអែល​ប្រយុទ្ធ​នឹង​ក្រុម​សកម្មជន​នៅ​ទូទាំង​តំបន់​ហ្កាហ្សា​ខាងជើង​ដែល​គ្មាន​ទឹក គ្មាន​ភ្លើង
22, Nov 2023 , 6:59 pm        
រូបភាព
ពលរដ្ឋ​ប៉ាឡេស្ទីន​ភៀសខ្លួន​ចេញពី​តំបន់​ហ្កាហ្សា​ភាគខាងជើង​ឆ្ពោះ​ទៅ​ភាគខាងត្បូង ខណៈដែល​រថក្រោះ​អ៊ីស្រាអែល​រំកិល​ចូល​កាន់តែជ្រៅ ក្នុងពេល​មាន​ជម្លោះ​ដែល​កំពុង​កើតមាន​ជា​បន្ត​រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់​នៅ​តំបន់​ហ្គាហ្សាស្ទ្រីព។
ពលរដ្ឋ​ប៉ាឡេស្ទីន​ភៀសខ្លួន​ចេញពី​តំបន់​ហ្កាហ្សា​ភាគខាងជើង​ឆ្ពោះ​ទៅ​ភាគខាងត្បូង ខណៈដែល​រថក្រោះ​អ៊ីស្រាអែល​រំកិល​ចូល​កាន់តែជ្រៅ ក្នុងពេល​មាន​ជម្លោះ​ដែល​កំពុង​កើតមាន​ជា​បន្ត​រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស់​នៅ​តំបន់​ហ្គាហ្សាស្ទ្រីព។
ដោយ: VOA
កងទ័ព​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​នឹងក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ ក្នុង​ទីក្រុង​និងនៅ​ជិត​មន្ទីរពេទ្យ​មួយ​កន្លែង​ ខណៈ​កងទ័ព​អ៊ីស្រាអែលកំពុងពង្រីក​ប្រតិបត្តិការ​យោធា​នៅ​ទូទាំង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង​ ដែលនៅ​ទី​នោះ​ពលរដ្ឋ​កំពុងគ្មានអគ្គិសនីនិង​ទឹក​ប្រើប្រាស់​ គ្មាន​ស្បៀងអាហារ​ និង​របស់​របរ​ចាំបាច់​អស់​ពេល​ជា​ច្រើន​សប្តាហ៍​កន្លង​ទៅ​។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។

 
សង្គ្រាម​ក្នុង​សមរភូមិ​ជួរមុខ​ ដែល​ចូល​ដល់​សប្តាហ៍​ទី​៧​ហើយ​នោះ​ ពេល​នេះកំពុងរាល​ទៅ​ដល់ជំរំ​ជន​ភៀសខ្លួន Jabaliya ដែល​ជា​ទី​តាំង​ដែល​មាន​អគារ​ថ្មជា​ច្រើន​នៅ​ជិតទីក្រុង​ហ្កាហ្សា​ ដែល​ជាទី​ជំរករបស់ក្រុមគ្រួសារ​ដែលបាត់​បង់​ផ្ទះសម្បែងកាល​ពី​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៤៨ ជា​ពេល​ដែល​រដ្ឋ​អ៊ីស្រាអែលមួយ​ត្រូវ​បាន​បង្កើត​ឡើង។ អ៊ី​ស្រាអែល​បាន​បាញ់​ដាក់​តំបន់​នោះ​អស់​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ ហើយ​យោធា​អ៊ីស្រាអែលនិយាយ​ថា​ ពួក​យុទ្ធជន​ហាម៉ាស់​ បានប្រមូល​កម្លាំង​របស់​ខ្លួន​ឡើង​វិញនៅ​ទី​នោះ​ ក៏​ដូច​ជា​នៅ​ក្នុង​បណ្តា​ស្រុក​ភាគ​ខាង​កើត​មួយ​ចំនួន ក្រោយ​ពី​ត្រូវ​បាន​វាយ​រុញ​ចេញ​ពីទីក្រុង​ហ្កាហ្សា​មួយ​ផ្នែក​ធំ​នោះ។
 
ការ​ប្រយុទ្ធ​គ្នា​ក៏​កំពុង​មាន​សភាព​ខ្លាំង​ផង​ដែរនៅ​ជិតអគារ​មន្ទីរពេទ្យ​ឥណ្ឌូណេស៊ី​ ដែល​មន្ត្រីសុខាភិបាល​ប៉ាឡេស្ទីន​និយាយ​ថា​ ការ​វាយប្រហារ​តាម​ផ្លូវ​អាកាសកាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​សម្លាប់មនុស្ស​១២​នាក់។​ ពួក​គេ​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​អ្នក​ជំងឺ​រាប់​រយនាក់និង​អ្នក​គ្មាន​ផ្ទះ​សម្បែង​ជា​ច្រើន​នាក់​បាន​ជាប់​នៅ​ក្នុងមន្ទីរពេទ្យ​នោះ​ ដោយ​ការ​ផ្គត់​ផ្គង់​កាន់​តែ​អស់​ទៅៗ​ ​បន្ទាប់​ពី​មនុស្ស​ប្រមាណ​២០០​នាក់​ ត្រូ​វបានជម្លៀសចេញ​មួយ​ថ្ងៃមុន។​ ​
 
ទន្ទឹម​នឹង​នេះ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ហាម៉ាស់បាន​និយាយ​ថា​ ពួកគេ​ជិត​ឈាន​ទៅ​សម្រេចបានកិច្ចព្រម​ព្រៀង​មួយតាម​រយៈ​អ្នកសម្របសម្រួលអន្តរជាតិ ដើម្បី​ដោះលែង​ចំណាប់ខ្មាំង​ ដែល​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនួន​២៤០​នាក់​ ដែលក្រុម​ហាម៉ាស់​បាន​ចាប់​កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលាកន្លង​ទៅ ពេល​ពួក​គេ​ចូល​វាយប្រហារ​លើ​អ៊ីស្រាអែល​ ដែល​បង្កើត​ឱ្យ​មាន​សង្គ្រាម​នៅពេល​នេះ។​ ប៉ុន្តែ​ការ​ពិភាក្សា​លើ​បញ្ហា​នេះបាន​ជាប់គាំង​ជា​ច្រើន​លើកច្រើន​សារ ហើយ​ការប៉ាន់ស្មានពី​ការ​បំបែក​ភាព​ទាល់​ច្រក​ក្នុង​ពេល​កន្លង​ទៅនៅមិន​ទាន់​ដឹង​នៅ​ឡើយ។
 
ពលរដ្ឋ​ជា​ច្រើន​និយាយ​ថា ​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​ក្លា​ ខណៈ​កម្លាំងថ្មើរជើងអ៊ីស្រាអែល​កំពុង​ព្យាយាម​រុល​ទៅ​មុខ​ ​ដោយ​មានការ​វាយប្រហារ​ជួយ​ពី​លើ​អាកាស​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com