សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីដកបម្រាមហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត
23, Nov 2023 , 8:59 pm        
រូបភាព
រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Gazprom Neft នៅជាយក្រុងម៉ូស្គូ ។ រូបភាព​៖ AFP
រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Gazprom Neft នៅជាយក្រុងម៉ូស្គូ ។ រូបភាព​៖ AFP
រុស្ស៊ីបានលុបចោលការហាមឃាត់នាំចេញប្រេងម៉ាស៊ូតដែលបានដាក់ចេញកាលពីថ្ងៃទី២១ខែកញ្ញា ដោយសារមានការផ្គត់ផ្គង់ក្នុងស្រុកលើស។

 
ក្រសួងថាមពលរុស្ស៊ីនៅថ្ងៃទី២២ ខែវិច្ឆិកាបានប្រកាសថា រដ្ឋាភិបាលបានសម្រេចលុបចោលការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដោយសារទីផ្សារក្នុងស្រុកបានផ្គត់ផ្គង់គ្រប់គ្រាន់ និងនៅសេសសល់។
 
សេចក្តីប្រកាសរបស់ក្រសួងថាមពលរុស្ស៊ី បានបញ្ជាក់ថា  រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានសម្រេចដកការហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងម៉ាស៊ូត ដែលដាក់ចេញនៅថ្ងៃទី២១ ខែកញ្ញា ជាផ្នែកនៃវិធានការជាបន្តបន្ទាប់ដើម្បីរក្សាស្ថិរភាពតម្លៃនៅក្នុងទីផ្សារឥន្ធនៈសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ 
 
ចាប់តាំងពីថ្ងៃទី២១ ខែកញ្ញាមក រុស្ស៊ីបានដាក់បម្រាមបណ្តោះអាសន្នលើការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក ដោយមានករណីលើកលែងមួយចំនួន។
 
កាលពីថ្ងៃទី៦ ខែតុលា រុស្ស៊ីក៏បានលុបចោលការរឹតបន្តឹងលើការនាំចេញប្រេងម៉ាស៊ូតតាមរយៈបំពង់ទៅកាន់កំពង់ផែសមុទ្រសម្រាប់ក្រុមហ៊ុនផលិតដែលផ្គត់ផ្គង់យ៉ាងហោចណាស់ ៥០ភាគរយនៃផលិតកម្មប្រេងម៉ាស៊ូតទៅកាន់ទីផ្សារក្នុងស្រុក។
 
បន្ទាប់​មក​នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា រដ្ឋាភិបាល​បាន​ដក​បម្រាម​បណ្ដោះ​អាសន្ន​លើ​ការ​នាំ​ចេញ​ប្រេងសាំងថែមទៀត។ 
 
កន្លងមក ប្រទេសនេះបានរឹតបន្តឹងការនាំចេញប្រេងឆៅចំនួន ៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃចាប់តាំងពីខែសីហា។ គោលនយោបាយនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៣ ក្នុងគោលបំណងរឹតបន្តឹងការផ្គត់ផ្គង់ និងគាំទ្រតម្លៃប្រេងពិភពលោក៕
 

Tag:
 ប្រេងម៉ាស៊ូត
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com