អន្តរជាតិ
បេក្ខជនអនុប្រធានាធិបតីតៃវ៉ាន់ថា សង្រ្គាមជាមួយក្រុងប៉េកាំងមិនមែនជាជម្រើសរបស់ក្រុងតៃប៉ិ
23, Nov 2023 , 9:59 pm        
រូបភាព
លោក William Lai បេក្ខជនប្រធានាធិបតីតៃវ៉ាន់ (ឆ្វេង) ជាមួយលោកស្រី​ Hsiao Bi-khim បេក្ខជនអនុប្រធានាធិបតី។ រូបភាព AFP
លោក William Lai បេក្ខជនប្រធានាធិបតីតៃវ៉ាន់ (ឆ្វេង) ជាមួយលោកស្រី​ Hsiao Bi-khim បេក្ខជនអនុប្រធានាធិបតី។ រូបភាព AFP
បេក្ខជនអនុប្រធានាធិបតីតៃវ៉ាន់ លោកស្រី Hsiao Bi-khim នៅថ្ងៃទី២៣ ខែវិច្ឆិកា បានប្រាប់អ្នកសារព័ត៌មានថា សង្រ្គាមជាមួយក្រុងប៉េកាំងមិនមែនជាជម្រើសឡើយ ហើយរដ្ឋាភិបាលក្រុងតៃប៉ិចង់បានកិច្ចពិភាក្សា ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។ អតីតតំណាងទូតប្រចាំនៅអាម៉េរិក ក៏បានប្តេជ្ញាថែរក្សាស្ថានភាពបច្ចុប្បន្ន (Status Quo) ផងដែរ។

 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២៣ ខែវិច្ឆិកា លោកស្រី Hsiao Bi-khim ដែលជាបេក្ខជនអនុប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈរបស់ខ្លួនក្នុងការបន្តការពារប្រជាធិបតេយ្យតៃវ៉ាន់ បើទោះរងសម្ពាធពីយោធាចិនជាច្រើនលើកក៏ដោយ។ 
 
«សង្រ្គាមមិនមែនជាជម្រើសឡើយ»។ បេក្ខជនអនុប្រធានាធិបតីតៃវ៉ាន់ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា សហគមន៍អន្តរជាតិ បានឯកភាពពីការថែរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការដោះស្រាយបញ្ហាការខ្វែងគំនិតគ្នាតាមរយៈកិច្ចចរចាជាដើម។ 
 
បើតាមមន្រ្តីតៃវ៉ាន់ ដែលរងទណ្ឌកម្មពីសំណាក់ចិនរូបនេះ ក្រុងតៃប៉ិ នៅតែបន្តបើកចំហ ហើយប្តេជ្ញាក្នុងការថែរក្សាស្ថានភាពបច្ចុប្បន្នលើច្រកសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
មិនតែប៉ុណ្ណោះ អតីតប្រេសិតតៃវ៉ាន់រូបនេះ បានបន្តថា ការគាំទ្រពីសំណាក់អាម៉េរិក គឺពិតជាសំខាន់ណាស់ ហើយប្រជាជនតៃវ៉ាន់ទាំងអស់ ត្រូវតែរួមសាមគ្គីគ្នា។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្មានចំណងការទូតផ្លូវការជាមួយក្រុងតៃប៉ិឡើយ ប៉ុន្តែក្រសួងការបរទេសអាម៉េរិក តែងបើកភ្លើងបៃតងក្នុងការលក់អាវុធជាច្រើនពាន់លានដុល្លារ។ 
 
ដោយចាត់ទុកជាកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ នៅក្នុងខែមេសាកន្លងមក ចិន បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រី Hsiao ដោយហាមឃាត់លោកស្រី និងអ្នកពាក់ព័ន្ធ មិនឱ្យរកស៊ីនៅចិនដីគោកឡើយ។ 
 
នៅក្នុងថ្ងៃទី១៣ ខែមករាខាងមុខ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា ដោយលោក William Lai ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី និងលោកស្រី Hsiao ជាបេក្ខជនអនុប្រធានាធិបតី។ មកទល់ពេលនេះ បក្សគូមីងតាង ដែលជាបក្សប្រឆាំងដ៏សំខាន់មួយនៅតៃវ៉ាន់ និងមានទំនោរគាំទ្រក្រុមប៉េកាំង មិនទាន់ដាក់បេក្ខជនទៅចុះឈ្មោះនៅឡើយ។ បក្សគូមីងតាង ដែលចងសម្ព័ន្ធភាពជាមួយបក្សប្រជាជនតៃវ៉ាន់ មិនទាន់ឯកភាពនោះទេ លើការជ្រើសរើសបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី ស្របពេលការចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នឹងផុតកំណត់នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា៕  
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com