សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែនបានទទួលជំនួយថ្មីពីសហភាពអឺរ៉ុបចំនួន១,៦៤ពាន់លានដុល្លារ
24, Nov 2023 , 8:29 am        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen  និងនាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal ។ រូបភាព ៖ វិបផតថលរដ្ឋាភិបាលអ៊ុយក្រែន
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងនាយករដ្ឋមន្រ្តីអ៊ុយក្រែន Denys Shmyhal ។ រូបភាព ៖ វិបផតថលរដ្ឋាភិបាលអ៊ុយក្រែន
អ៊ុយក្រែនបានទទួលជំនួយពីសហភាពអឺរ៉ុប (EU ) ទំហំ១,៥ពាន់លានអឺរ៉ូ (១,៦៤ពាន់លានដុល្លារ) ដែលធ្វើឲ្យជំនួយសរុបពីប្លុកនេះកើនដល់ ១៦,៥ពាន់លានអឺរ៉ូ ( ប្រហែល១៨ពាន់លានដុល្លារ) នៅឆ្នាំនេះ។

 
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal នៅថ្ងៃទី២២ ខែវិច្ឆិកា បានស្វាគមន៍ជំនួយថ្មីដែលមានតម្លៃ១,៥ពាន់លានអឺរ៉ូពី EU ដោយបញ្ជាក់ថា នេះជា គន្លឹះក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសក្នុងបរិបទនៃជម្លោះជាមួយរុស្ស៊ី។
 
បើតាមក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ជំនួយសរុបពីប្លុកនេះកើនដល់ ១៦,៥ពាន់លានអឺរ៉ូនៅឆ្នាំនេះ។
 
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី Shmyhal រំពឹងថា កម្មវិធី ៥០ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែននឹងត្រូវបានអនុម័តយ៉ាងឆាប់រហ័ស ស្របពេលស្ថានភាពជំនួយពីអាម៉េរិកមានភាពមិនច្បាស់លាស់នៅឆ្នាំក្រោយ។
 
​សូមបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ី​-អ៊ុយក្រែនបានអូសបន្លាយ​ពេល២១ខែមកហើយ ដែលបាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ៊ុយក្រែន​យ៉ាង​ខ្លាំង និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុងកៀវពឹងផ្អែក​ខ្លាំង​លើ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សម្ព័ន្ធមិត្ត​លោកខាងលិច​សម្រាប់​ការចំណាយ​លើសង្គមផ្សេងៗ។ អ៊ុយក្រែនក៏កំពុងប្រឈមមុខនឹងហានិភ័យនៃឱនភាពថវិកាប្រហែល ៤៣ពាន់លានដុល្លារនៅឆ្នាំក្រោយ ហើយគ្រោងទូទាត់ឱនភាពជាមួយនឹងជំនួយហិរញ្ញវត្ថុពីបរទេស។
 
នៅឆ្នាំក្រោយ ទីក្រុងកៀវរំពឹងថា នឹងទទួលបានជំនួយប្រហែល ១៨ពាន់លានអឺរ៉ូពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនរបស់ EU ខណៈប្រទេសនេះក៏កំពុងស្វែងរកជំនួយសេដ្ឋកិច្ចចន្លោះ១២ ទៅ១៤ពាន់លានដុល្លារពីអាម៉េរិកផងដែរ។ យ៉ាងណាមិញ កញ្ចប់ជំនួយរបស់អាម៉េរិកមិនទាន់ត្រូវបានអនុម័តនៅឡើយ៕ 

Tag:
 អ៊ុយក្រែន
  សហភាពអឺរ៉ុប
  ជំនួយ
  EU
© រក្សាសិទ្ធិដោយ thmeythmey.com