ដោយ៖អៀង សុខម៉ិញ / RFI
សុវត្ថិភាពចំណីអាហារ កំពុងក្លាយជាកង្វល់សង្គមដ៏ធំមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ភ្លាមៗផង និងសម្រាប់រយៈពេលខាងមុខផង។ កាលពីពេលថ្មីៗនេះ ចំណោទជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារបានផ្ទុះឡើងខ្លាំងប្រទេសកម្ពុជា រហូតក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឱ្យសាលារៀនលក់នំមួយចំនួន។ តើអាហារប្រភេទណា ដែលល្អ និងអាហារប្រភេទដែលអាក្រក់សម្រាប់សុខភាព ? តើអ្វីទៅជាអាហារកែច្នៃ ? អាហារឧស្សាហកម្ម ? ហេតុអ្វីត្រូវជ្រើសរើសទទួលទានអាហារជាបន្លែផ្លែឈើស្រស់ តាមរដូវ ?
មនុស្សលោកចេះកែច្នៃអាហារ តាំងពីយូរយារណាស់មកហើយ។ គោលបំណងធំនៃការកែច្នៃអាហារនេះ គឺដើម្បីទុកឱ្យបានយូរផង និងធ្វើឱ្យអាហារអាចកាន់តែស្រួលបរិភោគផង។ បច្ចុប្បន្ន អាហារកែច្នៃ រីកចម្រើនកាន់តែខ្លាំង និងកាន់តែសម្បូរបែបណាស់។
កាន់តែសម្បូរ ចំណោទសួរជុំវិញសុវត្ថិភាពនិងគុណភាពផ្នែកអាហារូបត្ថម្ភមានកាន់តែខ្លាំង ព្រោះនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គំនិតកែច្នៃកាន់តែប្លែក អាហារប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។ ជាអាហារកែច្នៃខ្លាំង តាមបែបឧស្សាហកម្ម ដែលនាំឱ្យមានការប្តូររូបរាង ធាតុគីមី និងជីវសាស្ត្រយ៉ាងខ្លាំង ឬដោយដាក់បន្ថែមយ៉ាងច្រើននូវសារធាតុគីមី នូវគ្រឿងផ្សំឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមកសិកម្ម និងសិប្បនិម្មិត។
នៅប្រទេសបារាំង អាហារកែច្នៃ ឬអាហារឧស្សាហកម្ម មានផ្ទុកថាមពលប្រមាណ៣០%នៃសេចក្តីត្រូវការប្រចាំថ្ងៃរបស់មនុស្ស និងឡើងដល់ទៅ៦០%សម្រាប់ប្រទេសលោកខាងលិចខ្លះដូចយ៉ាងអាមេរិកឬអង់គ្លេស។ នេះបើតាមទិន្នន័យសិក្សារបស់វិទ្យាស្ថានសុខភាពនិងស្រាវជ្រាវសុខាភិបាលជាតិបារាំង។
ដូចម្តេចដែលហៅថា អាហារកែច្នៃ ?
អ្នកស្រាវជ្រាវម៉ិចស៊ិក បានបំផុសពិភពលោកឱ្យចាប់អារម្មណ៍ពីអាហារកែច្នៃមុនគេ នៅឆ្នាំ២០០៧ ព្រោះឃើញពលរដ្ឋម៉ិចស៊ិកលែងសូវទទួលទានម្ហូបជាតិ ហើយងាកទៅរកអាហារបែបឧស្សាហកម្ម។ សម្រាប់អ្នកស្រាវជ្រាវម៉ិចស៊ិក អាហារកាន់តែមានលក្ខណៈឧស្សាហកម្ម កាន់តែមិនល្អសម្រាប់សុខភាព។ ពួកគាត់បានបែងចែកអាហារ ជាបីកំរិត ៖ ចំណីនិងម្ហូបជាប្រពៃណី ចំណីនិងម្ហូបប្រពៃណីបែបឧស្សាហកម្ម ចំណីនិងម្ហូបទំនើប បែបឧស្សាហកម្ម ឬហៅអាហារកែច្នៃខ្លាំង។
តែនិយមន័យផ្តល់ដោយអ្នកស្រាវជ្រាវប្រេស៊ីលនៅឆ្នាំ២០០៩ ទើបបានទទួលជោគជ័យខ្លាំង នៅទូទាំងពិភពលោក និងទទួលស្គាល់ សម្រាប់សិក្សាវាយតម្លៃអំពីផលប៉ះពាល់នៃអាហារចំពោះសុខភាព។ អ្នកវិទ្យាសាស្ត្រប្រេស៊ីល កំណត់ក្បួន NOVA បែងចែងអាហារទៅតាមកំរិតនៃការបំផ្លែង ទៅតាមកំរិតនៃការប្រើសារធាតុគីមីបន្ថែម ឬការប្រើសារធាតុឧស្សាហកម្មចម្រាញ់ចេញពីវត្ថុធាតុដើមរុក្ខជាតិ ឬសត្វ។ ប្រើគ្រឿងផ្សំកាន់តែច្រើនមុខ អាហារមានការប្តូរផ្លាស់ទម្រង់កាន់តែខ្លាំង។
ការយកបន្លែផ្លែឈើរុក្ខជាតិ ឬសាច់សត្វ មក ហាន់ ចិញ្ចាំ លាយច្របល់ ហាលចំអិន ផ្អាប់ ផ្អើរ ត្រាំ ប្រលាក់ ដោយប្រើតែ អំបិល ម្រេច ប្រេង ឬគ្រឿងទេសផ្សេងៗ ដូចជាធ្វើ អាហារកំប៉ុង ផ្អក ប្រហុក ប្រូម៉ា សាច់ងៀត ត្រីងៀត ត្រីឆ្អើរ ... ត្រូវបានគេចាត់ទុកជាអាហារកែច្នៃហើយ តែជាការកែច្នៃបែបបូរាណ។
ប៉ុន្តែគឺការកែច្នៃ តាមបែបបទឧស្សាហកម្ម ដែលធ្វើឱ្យអាហារប្តូរផ្លាស់ទ្រង់ទ្រាយខ្លាំង និងជាច្រើនត្រលប់ ហើយត្រូវបានគេដាក់បន្ថែមនូវគ្រឿងផ្សំគីមី ឬគ្រឿងផ្សំបែបសិប្បនិម្មិត (ឧស្សាហកម្ម) ជាច្រើនមុខទៀត ដូចជា បន្ថែមសារធាតុគីមីពណ៌(លាក់)ដើម្បីឱ្យម្ហូបអាហារឡើងពណ៌ល្អ ថែមមេថែមម្សៅដើម្បីដំឡើងបរិមាណ ថែមរសជាតិដើម្បីឱ្យម្ហូបកាន់តែឆ្ងាញ់ ថែមអង់ទីអុកស៊ីដង់ដើម្បីទុកបានយូរ ។ល។ និង។ល។ នេះហើយដែលហៅថាអាហារកែច្នៃខ្លាំង ឬអាហារកែច្នៃបែបឧស្សាហកម្ម។
ភេសជ្ជៈកំប៉ុង ភេសជ្ជៈមានរសជាតិទឹកដោះគោ/ផ្លែឈើ ហតដក ស៊ូរីម៊ី នូហ្កែតមាន់ នូហ្កែតត្រី មីកញ្ចប់ ស៊ុបបន្លែសម្ងួត នំចំណី នំផ្អប់-នំកញ្ចប់ ឆាហួយ សេរៀលសម្រាប់អាហារពេលព្រឹក គ្រឿងបង្អែមថែមស្ករថែមក្លិនសិប្បនិម្មិត ស្ករគ្រាប់ ស្ករកៅស៊ូ ផលិតផលអាហារបញ្ចុះទម្ងន់ ម្ហូបស្រាប់ អាហារធ្វើហើយ... សុទ្ធសឹងជាអាហារកែច្នៃខ្លាំង។
អាហារកែច្នៃបែបឧស្សាហកម្មនេះ មាន ដាក់លក់យ៉ាងពោរពាស ស្រួលណាស់រកទិញណាស់ ហើយបានឆ្ងាញ់មាត់និងទាន់សម័យទៀត។ ប៉ុន្តែអាហារឧស្សាហកម្ម អាហារកែច្នៃខ្លាំង មិនប្រាកដថាល្អសម្រាប់សុខភាពទេ បើគិតអំពីគុណភាពផ្នែកអាហារូបត្ថម្ភ។ អាហារបែបនេះ ជាប់ឈ្មោះអាក្រក់ ថាអាចបង្កឱ្យមានជំងឺសរសៃឈាមបេះដូង និងអាចនាំឱ្យមានហានិភ័យដល់ប្រព័ន្ធរំលាយអាហារ ឬកើតជំងឺមហារីកផង។ ហានិភ័យកើតសរសៃឈាមជំងឺបេះដូង (ឡើងទម្ងន់ ធាត់ជ្រុល លើសឈាម) កើនឡើងទៅតាមបរិមាណនៃការទទួលអាហារកែច្នៃ។
ហេតុអ្វីបានជាអាហារកែច្នៃ អាហារឧស្សាហកម្ម អាចបំផ្លាញសុខភាព ?
លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck គ្រូពេទ្យឯកទេសរបបអាហារនិងអាហារូបត្ថម្ភ នៅក្រុងដាកាប្រទេសសេណេហ្កាល់៖ “ពីព្រោះចំណីអាហារកែច្នៃ -ចំណីអាហារឧស្សាហកម្ម មានផ្ទុកសារធាតុគីមីបន្ថែម ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងដល់ដំណើរការជាធម្មតារបស់សរីរាង្គកាយមនុស្ស។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ អ្នកស្រាវជ្រាវ និយាយអំពីផលរំខានដល់ក្រពេញអ័រមូនលូតលាស់ (Perturbateur endocrinien)។ អាហារឧស្សាហកម្ម មានបង្កប់សារធាតុខ្លាញ់ ជាតិផ្អែម (ស្ករ) ដែលមិនល្អទាល់សោះសម្រាប់សុខភាព។ ទទួលទានអាហារស្រស់ អាហារតាមរដូវ និងតាមតំបន់ ទើបល្អ។ ពិសារកាន់តែច្រើន សុខភាពកាន់តែប្រសើរ។ ចំណីអាហារស្រស់ មិនត្រឹមតែមានឱជារស ឆ្ងាញ់ពិសារទេ តែថែមទាំងធានាបាននូវគុណភាពអាហារូបត្ថម្ភខ្ពស់ទៀតផង។
ហេតុអ្វីត្រូវជ្រើសរើសទទួលទានបន្លែនិងផ្លែឈើស្រស់តាមរដូវ ?
លោកស្រីវេជ្ជបណ្ឌិតBinetou Cheikh Seck ៖ បើនិយាយអំពី បន្លែផ្លែឈើនេះ គួរតែជ្រើសរើសទទួលទាន បន្លែផ្លែឈើតាមរដូវ និងដុះក្នុងស្រុក ព្រោះបន្លែផ្លែឈើនេះ ដុះលូតលាស់លើទឹកដីដែលត្រូវនឹងធាតុអាកាសស្រុកនោះ - ដុះលូតលាស់ត្រង់កន្លែងដែលត្រូវលូតលាស់ និងប្រមូលផល នៅពេលដែលត្រូវកាច់បេះ ពោលគឺពេញសាច់ ពេញផ្លែ ត្រឹមត្រូវ។ បន្លែផ្លែឈើបែបនេះ មានផ្ទុកកំហាប់អាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែ យ៉ាងពេញលេញ។ ចំណែកបន្លែផ្លែឈើនាំចូលវិញ ដើម្បីរក្សាទុកឱ្យបានយូរ គេប្រហែលជាត្រូវប្រើវិធីបែបសិប្បនិម្មិត។”
អាហារបង្កក
បន្លែផ្លែឈើស្រស់ តាមរដូវ ដុះតាមស្រុកក្បែរផ្ទះ មិនឡូយទេ តែជាអាហារដ៏មានឱជារស និងល្អសម្រាប់សុខភាពណាស់។ នេះជាជម្រើសដ៏ប្រពៃបំផុត ប៉ុន្តែដោយមូលហេតុថវិកា លក្ខខណ្ឌការងារ ឬពេលវេលា ស្វែងរកអាហារស្រស់ បន្លែផ្លែឈើតាមរដូវ មិនមែនជាប្រការស្រួលឡើយ។ ក្នុងករណីនេះ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង សូមណែនាំឱ្យលោកអ្នកជ្រើសរើសបន្លែផ្លែឈើ បង្កក។
ភាពខុសគ្នាដ៏ចម្បងមួយនៃបន្លែផ្លែឈើស្រស់និងបន្លែផ្លែឈើកក គឺសម្រស់ខាងក្រៅ និងភាពស្រស់ស្រួយនៅពេលទំពារ។ គេមិនអាចទទួលអារម្មណ៍ដូចគ្នា នៅពេលទំពារបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកកទេ។ ប៉ុន្តែមិនដូចអ្វីដែលគេធ្លាប់មានជំនឿ បន្លែផ្លែឈើកក ផ្តល់គុណប្រយោជន៍ដល់សុខភាព ស្មើនឹងអាហារស្រស់ដែរ។ សូមជ្រើសរើសទទួលទានអាហារកក ដោយរីករាយចុះ ព្រោះ ឧស្សាហកម្មចំណីអាហារកក មានបណ្តាញដាច់ដោយឡែក។ បន្លែផ្លែឈើ ត្រីសាច់ សម្រាប់បង្កក តែងតែកាត់បេះ នេសាទបាន ភ្លាមដាក់បញ្ចូលក្នុងបណ្តាញបង្កកភ្លាម។ ដូច្នេះបន្លែផ្លែឈើ ត្រីសាច់ទាំងនោះនៅស្រស់ៗល្អខ្លាំងណាស់ ព្រមទាំងមានផ្ទុកគុណភាពផ្នែកអាហារូបត្ថម្ភ យ៉ាងខ្ពស់ខ្លាំង ក្នុងកំរិតស្ទើរស្មើនឹងអាហារស្រស់ដែរ។ បើតាមគ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភ មានការប្រែប្រួលតិចណាស់រវាងបន្លែផ្លែឈើស្រស់ និងបន្លែផ្លែឈើកក ដោយភាពត្រជាក់និងកក អាចរក្សាវីតាមីន សេ និងដេ របស់បន្លែផ្លែឈើបានយ៉ាងពេញលេញ។
ការទទួលទានបន្លែផ្លែឈើកក ជួនកាលល្អជាងបរិភោគបន្លែផ្លែឈើស្រស់ផង។ ទុកបន្លែផ្លែឈើ ចោល (ហាលវាលហាលខ្យល់) ក្នុងផ្ទះយូរថ្ងៃពេក អាចធ្វើឱ្យបន្លែផ្លែឈើទាំងនោះបាត់បង់ប្រយោជន៍ផ្នែកអាហារូបត្ថម្ភ ជាពិសេសបាត់បង់សារធាតុវីតាមីន សេ និងសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់។ ហេតុដូច្នេះហើយបានជាវេជ្ជបណ្ឌិតជំនាញ សូមលើកទឹកចិត្តឱ្យ យើងគ្រប់គ្នា បើប្រសិនមានលទ្ធភាព សាកល្បងបង្កបន្លែផ្លែឈើដោយខ្លួនឯង។ ទិញមកពីផ្សារច្រើន រំលែកទទួលទានមួយភាគភ្លាម សល់ប៉ុន្មាន ចិតកាត់បន្លែផ្លែឈើត្រីសាច់ ស្រស់ៗ ជាដុំៗតូចល្មម ហើយយកទៅបង្កកទុកភ្លាម។ បន្លែត្រីសាច់ទាំងនោះនឹងរក្សាគុណភាពបានដូចនៅស្រស់។
សូមប្រយ័ត្ន អ្នកជំនាញអួតសរសើរអំពីគុណភាពអាហារកកនេះ គឺសំដៅតែលើ បន្លែ ផ្លែឈើ ត្រី សាច់ សុទ្ធបង្កកដោយគ្មានការកៃច្នៃទេ។ អាហារឆ្អិនស្រាប់ ឬអាហារកែច្នៃធ្វើហើយដាក់បង្កកលក់ មានរាប់បញ្ចូលក្នុងបញ្ជីនេះទេ។ ជាថ្មីម្តងទៀត អាហារធ្វើស្រាប់ ឬអាហារកែច្នៃ ធ្វើឡើងតាមបែបឧស្សាហកម្ម គ្មានគុណភាពល្អសម្រាប់សុខភាពឡើយ៕