ដោយ ៖ ធន់ សេងហុង
(អន្តរជាតិ សង្គម) ម៉ាឡេស៊ី , សភា , ពហុពន្ធភាព
សមាជិកសភា Tuan Ibrahim Tuan Man បានស្នើឱ្យបុរសមូស្លីមរៀបការជាមួយប្រពន្ធលើសពីមួយ ដើម្បីដោះស្រាយបញ្ហាស្ត្រីជាច្រើនដែលរៀបការយឺត។
លោក Tuan Ibrahim Tuan Man អនុប្រធានគណបក្សឥស្លាមម៉ាឡេស៊ី (PAS) បាននិយាយនៅថ្ងៃទី២២ ខែវិច្ឆិកាថា មនុស្សជាច្រើននៅតែចាត់ទុកថាពហុពន្ធភាពជាបញ្ហារសើប ប៉ុន្តែសម្រាប់បុរសដែលមានសមត្ថភាពគួរតែត្រូវបានគាំទ្រឱ្យរៀបការជាមួយប្រពន្ធច្រើន។
បើតាមកាសែត The Star ដែលដកស្រង់សម្តីសមាជិកសភា Tuan Ibrahim ម៉ាឡេស៊ីមានស្ត្រីនៅលីវជាង៨,៤លាននាក់ ហើយការឱ្យបុរសរៀបការជាមួយប្រពន្ធច្រើននឹងជួយដោះស្រាយបញ្ហាស្ត្រីរៀបការយឺត។
លោក Tuan Ibrahim បាននិយាយនៅសម័យប្រជុំសភាថា ៖« ខ្ញុំដឹងថា នេះមិនមែនជាដំណោះស្រាយចុងក្រោយទេ ប៉ុន្តែវាអាចដោះស្រាយបញ្ហានៃការរៀបការយឺត ហើយប្រាកដណាស់សមាជិកសភាបក្សប្រឆាំងមួយចំនួនក៏គាំទ្រដែរ»។
បើតាមច្បាប់ឥស្លាម ម៉ាឡេស៊ីអនុញ្ញាតឲ្យបុរសអាចរៀបការជាមួយប្រពន្ធបានរហូតដល់បួននាក់ ប៉ុន្តែទាមទារការយល់ព្រមពីតុលាការឥស្លាមរបស់រដ្ឋនីមួយៗ ក្រោយពីអាពាហ៍ពិពាហ៍លើកដំបូង។ សម្រាប់អ្នកមិនមែនជាមូស្លីម ពហុពន្ធភាពត្រូវបានហាមឃាត់នៅក្រោមច្បាប់អាពាហ៍ពិពាហ៍សហព័ន្ធម៉ាឡេស៊ីឆ្នាំ ១៩៧៦។
សំណើរបស់លោក Tuan Ibrahim ត្រូវបានមហាជនជាច្រើនរិះគន់។ មេធាវី Siti Kasim បានលើកឡើងថា មានបញ្ហាជាតិសំខាន់ៗជាច្រើនដែលត្រូវលើកមកពិភាក្សានៅចំពោះមុខរដ្ឋសភា មិនមែនជាបញ្ហានៃការរៀបការយឺតយ៉ាវនោះទេ។ លោក Siti បានឲ្យលោក Tuan Ibrahim គួរតែសុំទោសស្ត្រី និងបុរសទាំងអស់។
ទន្ទឹមនេះ អង្គការជំនួយស្ត្រី (WAO) បានបញ្ជាក់ថា មុននឹងលើកកម្ពស់ពហុពន្ធភាព ចាំបាច់ត្រូវធានាថា បុរសយល់ច្បាស់អំពីទំនួលខុសត្រូវរបស់ពួកគេចំពោះភរិយាក្នុងការរស់នៅជាមួយគ្នា និងការចិញ្ចឹមកូន។
អង្គការនេះបាននិយាយថា បុរសត្រូវយល់ថា ស្ត្រីមិនមែនគ្រាន់តែចង់រៀបការ និងមានកូនប៉ុណ្ណោះទេ យើងក៏ជាមនុស្សដែលសមនឹងទទួលបានការគោរព និងកិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងមិនទទួលរងនូវអំពើហិង្សាក្នុងគ្រប់រូបភាព រួមទាំងហិរញ្ញវត្ថុ និងផ្លូវចិត្តផងដែរ។
ចំណែកនៅម៉ាឡេស៊ី ស្ត្រីនៅលីវជាច្រើនបានរិះគន់សមាជិកសភា Tuan Ibrahim យ៉ាងខ្លាំង។ កញ្ញា Husna Karim អាយុ ៣៤ឆ្នាំជាអ្នកបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ស្ត្រីមិនទាន់រៀបការ មិនមែនជាបញ្ហាដែលត្រូវដោះស្រាយនោះទេ។ បើចង់ដោះស្រាយ គួរតែផ្តោតលើឱកាសការងារសម្រាប់យុវវ័យ ព្រោះមានមនុស្សច្រើនចង់រៀបការ ប៉ុន្តែមិនហ៊ាន ដោយសារតម្លៃរស់នៅខ្ពស់ ដែលអាចនឹងនាំឱ្យមានការលែងលះ និងបែកបាក់គ្រួសារផងដែរ៕