ដោយ៖ឈាង បុប្ផា /RFI
ការផ្អាកបាញ់មនុស្សធម៌ ៤ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលអ៊ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមព្រៀងគ្នា កាលពីថ្ងៃពុធ មិនត្រូវបានអនុវត្ត នៅថ្ងៃព្រហស្បតិ៍ដូចការគ្រោងទុក។ តាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសកាតា ដែលជាអន្តរការី សម្របសម្រួល ភាគីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ការផ្អាកបាញ់រយៈពេល៤ថ្ងៃ ត្រូវចាប់ផ្តើម នៅព្រឹកថ្ងៃសុក្រ ចំណែក ការដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនត្រូវចាប់ផ្តើមនាពេលរសៀលនៅថ្ងៃសុក្រដដែល។
កិច្ចព្រមព្រៀងស្តីពីការផ្អាកបាញ់៤ថ្ងៃ នៅហា្កហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៥០នាក់ ត្រូវបានលើកពេលទៅថ្ងៃសុក្រ ប៉ុន្តែ មិនមែនថ្ងៃព្រហស្បតិ៍ដូចការគ្រោងទុក។ នៅថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ីស្រាអែលនៅបន្តវាយប្រហារទៅលើទីតាំងយោធាជាច្រើនកន្លែងរបស់ក្រុមហាម៉ាស ដែលនៅក្នុងនោះមានផងដែរ រូងក្រោមដី ដែលស្ថិតក្នុងបរិវេណរបស់មន្ទីរពេទ្យ Al Shifa។ នៅថ្ងៃព្រហស្បតិ៍ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនបានឆ្លើយទម្លាក់កំហុសដាក់គ្នាទៅវិញ ទៅមក ក្នុងរឿងលើកពេលអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្អាកបាញ់ ៤ថ្ងៃនៅហ្កាហ្សា។
បើតាមមន្រ្តីប៉ាឡេស្ទីន ការផ្អាកបាញ់ត្រូវបានលើកពេល ដោយសារភាគីអ៊ីស្រាអែលទាមទារ នៅនាទីចុងក្រោយបានដាក់លក្ខខណ្ឌទាមទារច្រើន ដូចជាថា អ៊ីស្រាអែលចង់ឲ្យគ្រូពេទ្យរបស់កាកបាទក្រហមអន្តរជាតិអាចចូលទៅពិនិត្យសុខភាពរបស់រាល់ចំណាប់ខ្មាំងដែលស្ថិតក្នុងដៃរបស់ពួកហាម៉ាស នៅហ្កាហ្សា។
ទៅតាមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលក្រសួងការបរទេសកាតាដែលជាអន្តរការី បានប្រកាសលម្អិត កាលពីថ្ងៃព្រហស្បតិ៍ ការផ្អាកបាញ់រយៈពេល៤ថ្ងៃ នៅហ្កាហ្សា នឹងចាប់ចូលជាធរមាន នៅម៉ោង ៧ព្រឹក ថ្ងៃសុក្រ ចំណែកចំណាប់ខ្មាំងអ៊ីស្រាអែលមួយក្រុមដំបូង ចំនួន១៣នាក់ នឹងត្រូវក្រុមហាម៉ាសដោះលែងបញ្ជូនចេញពីហ្កាហ្សា នៅម៉ោង៤រសៀលនៅថ្ងៃ សុក្រដដែល។ ជារួម ក្រុមហាម៉ាសយល់ព្រមដោះលែងចំណាប់ខ្មាំងជាដំណាក់កាល ដោយត្រូវដោះលែង ចំណាប់ខ្មាំង ជាង១០នាក់ ក្នុងមួយថ្ងៃៗ ជាថ្នូរនឹងការផ្អាកវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល ការផ្អាកដ្រូនតាមដានរបស់អ៊ីស្រាអែល នៅភាគខាងជើងហ្កាហ្សា ការដោះលែងអ្នកទោសប៉ាឡេស្ទីន១៥០នាក់ ហើយនិងការបើកច្រកឲ្យរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីហ្កាហ្សាភាគខាងត្បូង។
ភាគីអ៊ីស្រាអែលពន្លយរួចហើយថា ការផ្អាកបាញ់នឹងអាចមានច្រើនជាង ៤ថ្ងៃ បើសិនក្រុមហាម៉ាសបន្តដោះលែងចំណាប់ខ្មាំង ពោល គឺ ចំណាប់ខ្មាំង១០នាក់ ជាថ្នូរនឹងការផ្អាកបាញ់របស់កងទ័ពអ៊ីស្រាអែល ១ថ្ងៃ។ ដោយធ្វើដូច្នេះ អ៊ីស្រាអែលសង្ឃឹមរំដោះ យកចំណាប់ខ្មាំងទាំងអស់ ជាង២០០នាក់ ដែលក្រុមហាម៉ាសបានចូលទៅចាប់ជាចំណាប់ខ្មាំង នៅក្នុងព្រឹត្តិការណ៍វាយឆ្មក់ កាលពីថ្ងៃ ទី៧តុលាកន្លងទៅ។
ការរំដោះចំណាប់ខ្មាំងចេញអស់ពីដៃរបស់ពួកហាម៉ាស នឹងសម្រាលបន្ទុកដ៏ធំរបស់កងទ័ពនៅក្នុងប្រតិបត្តិការរុករកចំណាប់ខ្មាំង ហើយនិងសម្រាលបន្ទុករបស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលកំពុងរងការដាក់សម្ពាធពីមតិសាធារណៈជាតិ និងអន្តរជាតិ នៅក្នុងរឿងរំដោះសង្រ្គោះចំណាប់ខ្មាំង។ ធ្លាប់បដិសេធដាច់អហង្កា ទាត់ចោលបទឈប់បាញ់មនុស្សធម៌ នៅហ្កាហ្សា ដើម្បីកុំឲ្យក្រុមហាម៉ាសអាចប្រមូលកម្លាំង លោកនាយករដ្ឋមន្រ្តីបេនចាមីន នេតាន់យ៉ាហ៊ូលើកនេះ សុខចិត្តផ្អាកបាញ់ រយៈពេល៤ថ្ងៃ ប៉ុន្តែ សន្យា នឹងចាប់ផ្តើមវាយប្រហារឡើងវិញ នៅក្រោយចប់ការដោះដូរចំណាប់ខ្មាំង នៅប៉ុន្មានថ្ងៃខាងមុខ។ ម្យ៉ាង ការផ្អាកបាញ់រយៈពេល ៤ថ្ងៃនឹងជួយឲ្យកងទ័ពអ៊ីស្រាអែលបានសម្រាក បន្ទាប់ពីហត់នឿយនឹងការប្រយុទ្ធជិត២ខែមកនេះ។
សម្រាប់ក្រុមហាម៉ាស ការផ្អាកវាយប្រហារផ្លូវអាកាស និងគ្មានដ្រូនយកការណ៍របស់អ៊ីស្រាអែលនៅភាគខាងជើងហ្កាហ្សា នឹងជួយឲ្យក្រុមប្រដាប់អាវុធ អាចដកដង្ហើមឡើងវិញ បានបន្តិច បន្ទាប់ពីរងការវាយប្រហារដ៏សន្ធប់របស់អ៊ីស្រាអែល នៅជាង៥០ថ្ងៃមកនេះ។ ការផ្អាកវាយប្រហាររបស់អ៊ីស្រាអែលនឹងអនុញ្ញាតឲ្យក្រុមហាម៉ាសអាចប្រមូលកម្លាំងយោធា និងរៀបចំយុទ្ធសាស្រ្ត ដើម្បីត្រៀមប្រយុទ្ធសាជាថ្មី។
អាចនិយាយបានថា ការផ្អាកបាញ់៤ថ្ងៃនៅហ្កាហ្សានឹងធ្វើឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ផ្លាស់ប្តូរយុទ្ធសាស្រ្តយោធារៀងៗខ្លួន ហើយមិនជួយជំរុញឲ្យមានបទឈប់បាញ់ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមនៅហ្សាហ្កានោះទេ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្តេជ្ញាហើយថា នឹងកម្ទេចក្រុមហាម៉ាសឲ្យខ្ទេច មិនឲ្យមានមុខ តទៅទៀត នៅទឹកដីហ្កាហ្សា ដើម្បីគំរាមកំហែងអ៊ីស្រាអែល៕