អន្តរជាតិ
នាយក​​ភ្នាក់ងារ​ CIA ​​ទៅ​ដល់​រដ្ឋធានី​ដូហាដើម្បី​ជួប​​ប្រជុំ​ពី​សង្គ្រាម​អុីស្រាអែល​-ហាម៉ាស់​ និង​ចំណាប់ ខ្មាំង​
30, Nov 2023 , 9:59 pm        
រូបភាព
រូបឯកសារ៖ លោក William Burns នាយក​ទី​ភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​​​ CIA អាមេរិកថ្លែង​អំឡុង​សវនាការ​របស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាដើម្បីពិនិត្យការគំរាមកំហែង​ទូទាំង​ពិភពលោក​លើ​វិមានសភា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​០៨ មីនា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក William Burns នាយក​ទី​ភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​​​ CIA អាមេរិកថ្លែង​អំឡុង​សវនាការ​របស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាដើម្បីពិនិត្យការគំរាមកំហែង​ទូទាំង​ពិភពលោក​លើ​វិមានសភា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពីថ្ងៃទី​០៨ មីនា ឆ្នាំ២០២៣។
ដោយ: VOA
មន្ត្រី​សហរដ្ឋអាមេរិក​កម្រ​និយាយ​ពីផែន​ការ​ធ្វើ​ដំណើរ​របស់​នាយក​ទី​ភ្នាក់ងារស៊ើបការណ៍​សម្ងាត់​ CIA អាមេរិក លោក William Burns ណាស់​ ប៉ុន្តែ​មន្ត្រី​អាមេរិក​មួយ​រូប​បាន​បញ្ជាក់មក​កាន់​វីអូអេ​ថា​ លោក ​Burns បាន​ទៅ​ដល់​រដ្ឋធានី​ដូហា​ ប្រទេស​កាតាហើយកាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

 
បើ​យោង​ទៅ​លើ​មន្ត្រី​អាមេរិករូប​នេះ​បាន​ឱ្យ​ដឹង​ថា​ កិច្ចប្រជុំ​ពិភាក្សា​កម្រិត​ខ្ពស់​ នឹង​ត្រូវ​ផ្តោត​ទៅ​លើជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ ដែល​រហូត​មក​ដល់ពេល​នេះ​បាន​ឈានចូល​ដល់​ថ្ងៃ​ទី​៥៣​ហើយ និង​ពី​ចំណាប់​ខ្មាំង​ចំនួន​១៧៥​នាក់​ទៀត​ ដែលកំពុងត្រូវ​បាន​ឃុំខ្លួន​ដោយ​ក្រុម​ហាម៉ាស់​នៅ​ឡើយ​នោះ។​ ​
 
លោក​ Paul Pillar ជា​អតីត​មន្ត្រី​ស៊ើបការណ៍​ CIA ជាន់ខ្ពស់ ដែល​ពេល​នេះ​កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ Georgetown សហរដ្ឋអាមេរិក​ បាន​ប្រាប់​វីអូថា​ គោលបំណង​គឺ​ហាក់​ដូច​ជា​ចង់​រក្សា​ការ​ផ្អាក​បទ​ឈប់បាញ់គ្នា​ជា​បណ្តោះ​អាសន្ន​នៅ​ពេល​នេះ​ បន្ត​ទៅ​មុខ​ទៀត។ លោក​ថ្លែង​ដូច​នេះ​ថា៖
 
«គោលបំណង​របស់រដ្ឋបាល​អាមេរិក​នា​ពេល​នេះ​ គឺ​ច្បាស់​ណាស់​ថា​ ចង់​ព្យាយាមពន្យា​ពេលបទ​ឈប់​បាញ់​គ្នា​នេះ​បន្ត​ទៅ​មុខ​ទៀត​ប្រសិន​បើ​អាច​ធ្វើទៅ​បាន​ ​និងដើម្បី​ជួយ​ឱ្យមាន​ការ​ដោះលែងក្រុម​ចំណាប់​ខ្មាំងឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​តាម​ដែល​អាច​ធ្វើ​បាន»។
 
យ៉ាង​ហោច​ណាស់ ក៏នេះ​ជា​លើក​ទី​២​ហើយក្នុង​ខែ​នេះ​ ដែល​នាយក​ស៊ើបការណ៍​សម្ងាត់អាមេរិក​រូប​នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា ក្រោយក្រុម​ហាម៉ាស់​បានវាយប្រហារ​ភេរវកម្ម​ទៅ​លើអ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​កន្លងមក​ ដែល​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​១.២០០​នាក់។​
 
កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ​ ​មន្ត្រី​សហរដ្ឋអាមេរិក​មួយ​ចំនួន​និយាយ​ថា​ នាយកទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA រូប​នេះ​ បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើននៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ដើម្បី​ពិភាក្សា​ពី​ចំណាត់​ការ​ឆ្លើយ​តប​វិញ​របស់​អ៊ីស្រាអែល​លើ​ក្រុម​ហាម៉ាស់។
 
លោក​ Pillar ​និយាយ​ថា​ វា​មិន​មែន​ជា​រឿង​គួ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ឡើយ​ ​បើ​គិតពី​ប្រវត្តិការងារ​របស់​លោក​ Burns។ លោក​បន្ថែម​ដូច​នេះ​ទៀត​ថា​៖
 
«លោក​ជា​អ្នកការទូតដែល​សម្រេច​បាន​ស្នាដៃជា​ច្រើន​និង​ត្រូវ​បាន​គោរព​ខ្លាំង​ ទាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក​និង​នៅ​ក្រៅ​ប្រទេស​។​ ដូច្នេះ​លោក​បាន​ក្លាយ​ជា​បុគ្គល​ដែល​មាន​សារៈ​សំខាន់​ខ្លាំង​ ​សម្រាប់​រឿង​ទូទៅជា​ច្រើន​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Biden ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការទូត​លើ​រឿង​ជា​ច្រើន ដែល​ពាក់ព័ន្ធ​តិចតួច​ឬ​មិន​ពាក់ព័ន្ធ​ទាល់តែសោះ​ ទៅ​នឹង​ការងារប្រចាំថ្ងៃ​របស់​លោកជា​នាយក​ទី​ភ្នាក់ងារ​ចារកម្ម​ CIA នោះ»។
 
ប្រទេស​កាតា​បាន​ដើរ​តួនាទីដ៏​សំខាន់​មួយ​ ក្នុង​ការ​សម្រប​សម្រួលឱ្យ​មាន​ការ​ជួប​ប្រជុំ​ពិភាក្សា​គ្នា រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ ដែលរយៈ​ពេល​ថ្មីៗ​ចុងក្រោយ​បំផុត​នេះ គឺ​បាន​ជួយចរចាឱ្យ​បន្ត​ការ​ផ្អាកការ​ប្រយុទ្ធ​គ្នារវាង​ក្រុម​ទាំង​ពីរ​ ដើម្បីជា​ថ្នូរ​និង​ការ​ដោះលែងចំណាប់​ខ្មាំង​៥០​នាក់ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ក្រុម​ហាម៉ាស់​ និង​ការ​ដោះ​លែង​អ្នកទោស​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន​១៥០​នាក់ ដែលត្រូវ​បាន​ឃុំឃាំង​ដោយ​ប្រទេស​អ៊ីស្រាអែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com