អន្តរជាតិ
ចិន​ ចាប់ផ្តើមពិនិត្យ​ឡើងវិញ​លើពន្ធ​ប្រឆាំង​​ឧបត្ថម្ភធនសម្រាប់​ការ​នាំ​ចូល​ស្រា​អូស្ត្រាលី
01, Dec 2023 , 12:00 pm        
រូបភាព
បុគ្គលិកមួយរូប រៀបដបស្រាអូស្រ្តាលី នៅក្នុងហាងមួយកន្លែង ក្នុងក្រុងNantong ខេត្តភាគខាងកើត Jiangsu ចិន ក្នុងឆ្នាំ២០២០។ រូបភាព AFP
បុគ្គលិកមួយរូប រៀបដបស្រាអូស្រ្តាលី នៅក្នុងហាងមួយកន្លែង ក្នុងក្រុងNantong ខេត្តភាគខាងកើត Jiangsu ចិន ក្នុងឆ្នាំ២០២០។ រូបភាព AFP
ចិន នៅថ្ងៃទី៣០ ខែវិច្ឆិកា បានប្រកាសចាប់ផ្តើមពិនិត្យឡើងវិញលើការប្រឆាំងការលក់បង្ខូចថ្លៃ និងពន្ធប្រឆាំងឧបត្ថម្ភធនលើការនាំចូលស្រារបស់អូស្ត្រាលី ដែលជាផ្នែកមួយនៃកែលម្អទំនាក់ទំនងទ្វេភាគី។

 
 
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ចិនបានសម្រេចចិត្តត្រួតពិនិត្យឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា លើការបន្ធូរបន្ថយពន្ធស្រានាំចូលពីអូស្ត្រាលី ។
 
«ក្រសួងពាណិជ្ជកម្មនឹងពិនិត្យឡើងវិញដោយផ្អែកលើច្បាប់ ដើម្បីការពារសិទ្ធិឱ្យបានពេញលេញសម្រាប់ប្រទេសពាក់ព័ន្ធទាំងអស់»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោកស្រី Shu Jueting បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំងបែបនេះ រួចបន្ថែមថា ចិន​នឹង​សម្រេចប្រកប​ដោយ​មិនលំអៀង ដោយយុត្តិធម៌ និង​ដោយ​ចំហ​។ ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ផងដែរថា ភាគី​​ពាក់ព័ន្ធ ​អាចផ្ដល់​មតិ​យោបល់​ជា​លាយលក្ខណ៍អក្សរ​ក្នុង​រយៈពេល ២០ ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
គួររម្លឹកថា នៅក្នុងឆ្នាំ២០២១ បានដំឡើងពន្ធលើស្រាអូស្រា្តលីរហូតដល់ ២១៨ភាគរយ។ ទំហំពាណិជ្ជកម្មស្រាប្រចាំឆ្នាំរវាងចិន និងអូស្រ្តាលីនៅក្នុងឆ្នាំ២០២១ មានចំនួន ១,២ពាន់លានដុល្លារ។ 
 
ជុំវិញចំណាត់ការរបស់ចិននេះ អ្នក​នាំពាក្យ​ការិយាល័យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​បានថ្លែងថា ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រជាជន​អូស្ត្រាលី​រាប់​ពាន់​នាក់​ដែល​ធ្វើការ​ក្នុង​ឧស្សាហកម្ម​ស្រា​។ អ្នកនាំពាក្យដដែល បានកត់សម្គាល់ថា ចាប់តាំងពីការលុបចោលកាតព្វកិច្ចលើស្រូវបាលីរបស់អូស្ត្រាលីយ៉ាងឆាប់រហ័ស រដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មជាមួយចិន ដើម្បីទទួលបានដំណើរការស្រដៀងគ្នានេះ ដើម្បីដោះស្រាយជម្លោះលើស្រា។
 
កន្លងមក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស បានព្យាយាមធ្វើកែលម្អទំនាក់ទំនងទ្វេភាគីយ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងកង់បេរ៉ា មានជម្លោះលើពាណិជ្ជកម្ម ប្រភពជំងឺកូវីដ-១៩ ចារកិច្ច និងជម្លោះលើក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ជាដើម។ លើសពីនេះ លោក អាល់បានីស បានក្លាយជាមេដឹកនាំអូស្ត្រាលីដំបូងគេដែលបានទៅទស្សនកិច្ចនៅចិន នៅដើមខែវិច្ឆិកា បើគិតចាប់តាំង ពីឆ្នាំ ២០១៦មក៕

Tag:
 (ចិន
  អូស្រ្តាលី)
© រក្សាសិទ្ធិដោយ thmeythmey.com