កីឡាអន្តរជាតិ
អន្តរជាតិ
លទ្ធ​ផល​នៃការចាប់​ឆ្នោត​សម្រាប់​ជំនួប​​វគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League
21, Mar 2014 , 11:24 pm        
រូបភាព
ដោយ: រួបរួម
យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​វគ្គ១/៤ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ Champions League នា​ថ្ងៃ​សុក្រ ទី២១ ខែ​មិនា ឆ្នាំ២០១៤ នៅ​តំបន់ Nyon ប្រទេស​ស្វ៊ី​ស ក្លិប Manchester United ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក Bayern Munich, Chelsea ជួប Paris Saint-Germain, Real Madrid ប៉ះ Borussia Dortmund ខណៈ Barcelona ត្រូវ​តទល់​ជាមួយ Atletico Madrid ដែល​មកពី​អេ​ស្ប៉ា​ញ​ដូចគ្នា។



Manchester United ត្រូវ​ប៉ះ​ជាមួយ Bayern Munich ដែល​ខ្លួន​ធ្លាប់​បំបាក់​ដើម្បី​ឈ្នះ​ពាន European Cup ពី​ឆ្នាំ១៩៩៩ ។ ក្រុម​ទាំងពីរ​ធ្លាប់​ប៉ះ​គ្នាន​នៅ​វគ្គ​ដូចគ្នានេះ កាលពី​ឆ្នាំ២០១០ ដោយ​បញ្ចប់​ក្នុង​លទ្ធផល​សរុប ៤-៤ ប៉ុន្តែ Bayern មានប្រៀប​លើ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្រៅ​ដី។ តាម​ប្រវត្តិ​នៃ​ជំនួប​កន្លងមក Bayern ឈ្នះ៣លើក Man Utd ឈ្នះ២លើក និង​ស្មើ៤លើក។

លោក Jose Mourinho អ្នកចាត់ការ​ទូទៅ​ក្លិប Chelsea ត្រូវ​ប្រឈម​ជាមួយ​ខ្សែប្រយុទ្ធ Zlatan Ibrahimovic នៃ​ក្លិប PSG ដោយ​អ្នក​ទាំងពីរ​ធ្លាប់​ធ្វើជា​គ្រូ និង​សិស្ស​នៅក្នុង​ក្លិប Inter Milan របស់​អ៊ីតាលី។ Chelsea ធ្លាប់​ជួប PSG តែម្តង​គត់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​កាលពី​ឆ្នាំ២០០៤ ដែល​នៅ​កាលនោះ តោ​ខៀវ​ឈ្នះ ៣-០ នៅក្រៅ​ដី ប៉ុន្តែ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​នៅ​ក្នុងផ្ទះ។

Barcelona តទល់​ជាមួយ Atletico Madrid ដែល​មកពី​អេ​ស្ប៉ា​ញ​ដូចគ្នា សម្រាប់​ជំនួប​លើកទីមួយ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​តំបន់​អឺរ៉ុប។ រីឯ​ចំណាត់ថ្នាក់​ក្នុង​ក្របខណ្ឌ La Liga វិញ ក្រុម​ទាំងពីរ​កំពុងមាន​ពិន្ទុ​ប្រដេញ​គ្នា ដោយ Atletico Madrid កំពុង​ឈរ​លំដាប់​លេខ​ពីរ និង​នាំមុខ Barcelona មួយ​ពិន្ទុ។

ដោយឡែក Real Madrid ត្រូវ​ប៉ះ​ជាមួយ​ជើងឯក​រង​ឆ្នាំ​ចាស់ Borussia Dortmund។ ក្រុម​ទាំង​ពីរបាន​ជួបគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំមុន ដែល​នៅ​កាលនោះ Dortmund បាន​បោះជំហាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​ជ័យជម្នះ​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៤-៣ ។

ការប្រកួត​ជើង​ទីមួយ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១ ទី២ ខែមេសា រីឯ​ជើង​ទី​ពីរ​នៅ​ថ្ងៃទី៨ ទី៩ ខែមេសា។ ការចាប់​ឆ្នោត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប្រព្រឹត្ត​នៅ​ថ្ងៃទី១១ ខែមេសា ខណៈ​ជំនួប​ផ្តាច់ព្រ័ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន Estadio do Sport Lisboa e Benfica ទីក្រុង Lisbon ប្រទេស​ព័រ​ទុយ​ហ្គា​ល់៕



© រក្សាសិទ្ធិដោយ thmeythmey.com