អន្តរជាតិ
អតីត​មន្ត្រី​ការទូត​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​គុយបា​អស់​ជា​ច្រើន​ទសវត្សរ៍
08, Dec 2023 , 2:29 pm        
រូបភាព
អគារក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានថត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧
អគារក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានថត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧
ដោយ: VOA
អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំ​ប្រទេស​បូលីវី​ លោក​ Manuel Rocha​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ចារកម្ម​ឱ្យ​ប្រទេស​គុយបា​តាំង​ពី​ឆ្នាំ​១៩៨១​មក។​ ​



លោក Rocha ដែលពេល​នេះ​មាន​អាយុ​៧៣​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួនក្នុង​ទីក្រុង Miami ​រដ្ឋ Florida សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ឧក្រិដ្ឋ​សហព័ន្ធ​ជា​ច្រើនករណី​ ដែល​រួម​មានការ​ធ្វើ​សកម្មភាព​ជា​ភ្នាក់ងារ​បរទេសខុស​ច្បាប់​ និង​ប្រើប្រាស់លិខិត​ឆ្លង​ដែន​ ដែលទទួល​បាន​ដោយ​ការ​បន្លំ​ឯកសារ​ជា​ដើម។​ ​
 
យោង​ទៅ​លើ​ពាក្យ​បណ្តឹង​ ​លោក​ Rocha ធ្លាប់បាន​ជួប​ជា​មួយ​ទី​ភ្នាក់ងារ​ចារកម្ម​គុយបា​ និង​បាន​ប្រាប់​ព័ត៌មាន​កុហក់​ដល់​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​អំពី​ការ​ធ្វើ​ដំណើរ​របស់​លោក។​ ​អគ្គរដ្ឋអាជ្ញា​និយាយ​ថា​ លោក Rocha បាន​លាក់បាំង​ពី​អត្តសញ្ញា​ណរបស់​លោក​ដោយធ្វើ​ជាភ្នាក់ងារ​បរទេស​មួយរូប​ ក្នុង​ការ​ប្រឹង​ប្រែង​ដើម្បីការពារ​ខ្លួន​ ​និង​អាច​បន្តធ្វើ​សកម្មភាព​ជា​សម្ងាត់​ដល់​រដ្ឋាភិបាល​គុយបា។​ ​
 
សហរដ្ឋអាមេរិក​តម្រូវឱ្យ​បុគ្គល​នានា​ ដែល​ធ្វើ​សកម្មភាព​ក្នុង​នាម​ទីភ្នាក់ងារ​បរទេស​ ​ត្រូវ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង​យុត្តិធម៌​អាមេរិក។​ ​
លោក​ Rocha​ ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​កូឡុំបី​ ​និង​បាន​ចូលសញ្ជាតិ​អាមេរិក​នោះ​ ធ្លាប់មាន​តួនាទី​ជា​ច្រើនក្នុង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ដែលផ្តល់​ឱ្យ​លោកអាចទទួល​បាន​នូវ​ព័ត៌មាន​សម្ងាត់​ៗជាច្រើន។
 
លោក ​Rocha បានចូល​បម្រើ​ការងារ​ក្នុងក្រសួង​ការបរទេស​អាមេរិក​ក្នុង​ឆ្នាំ​១៩៨១​ និង​ក្រោយ​មក​បាន​ក្លាយ​ជា​មន្ត្រី​ការទូត​អាមេរិក​ជាន់​ខ្ពស់ក្នុង​ប្រទេសអាហ្សង់ទីន​ ​ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​១៩៩៧ ​ដល់​ឆ្នាំ​២០០០​ ហើយ​ក្រោយ​មកក៏​បាន​ក្លាយ​ជា​ឯក​អគ្គរដ្ឋទូត​អាមេរិកប្រចាំ​ប្រទេស​បូលីវី​ ពី​ឆ្នាំ​២០០០ ​ដល់​ឆ្នាំ​២០០២៕ ​
 
ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដក​ស្រង់​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​Associated Press និង​Reuter

© រក្សាសិទ្ធិដោយ thmeythmey.com