កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ដើរថយក្រោយ ខណៈ Chelsea, Liverpool និង Man City បោះ​ជំហាន​ទៅ​មុខ
23, Mar 2014 , 8:33 am        
រូបភាព
ដោយ: ថ្មីៗ
Arsenal កំពុងតែ​ប្រឈមមុខ​នឹង​ការកាត់បន្ថយ​ការគ្រប់គ្រង​ក្នុងការ​ប្រជែង​ដណ្តើមពាន ក្រោយពី​ការបរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៦-០ នៅលើ​ទឹកដី​ក្រុម Chelsea ក្នុងការ​ប្រកួត​ជា​លើក​ទី១០០០របស់លោក Arsene Wenger ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​កាលពី​ថ្ងៃ​សៅរ៍។



លោក Wenger បាន​ចាត់ទុកថា លទ្ធផល​នេះ គឺជា​ថ្ងៃមួយ​ក្នុងចំណោម​ថ្ងៃ​ដ៏​អាក្រក់​បំផុត​នៃ​អាជីព​របស់លោក ហើយ​ភាព​វេទនា​របស់លោក​បាន​កើនឡើង​បន្ថែមទៀត​តាមរយៈ​ការទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​របស់​ក្រុម​ប្រជែង​ដណ្តើមពាន Liverpool និង Manchester City ដែល​បានធ្វើ​ឲ្យ​ក្រុម​របស់លោក​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ៤ ។

ខ្សែប្រយុទ្ធ Luis Suarez បាន​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់ ខណៈដែល Liverpool បានទទួល​ជ័យជម្នះ ៦-៣ នៅលើ​ទឹកដី​ក្រុម Cardiff City ដើម្បី​ដេញតាម​ពីក្រោយ​ក្រុម Chelsea បួន​ពិន្ទុ ខណៈដែល Man City ដេញតាម​ពីក្រោយ​ពីរ​ពិន្ទុ​បន្ថែមទៀត ប៉ុន្តែ ជាមួយនឹង​ការ​នៅសល់៣ប្រកួត​ក្នុង​ដៃ ក្រោយពី​ខ្សែបម្រើ Yaya Toure ក៏បាន​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់​ផងដែរ​ក្នុងពេល​ពួកគេ​ទទួល​ជ័យជម្នះ ៥-០ លើ​ក្រុម Fulham។

Arsenal បាន​ដេញតាម​ពីក្រោយ​ក្រុម​ឈរ​លេខ១៧ពិន្ទុ បើទោះបី​នៅសល់១ប្រកួត​ក្នុង​ដៃ​ក៏ដោយ ក្រោយពី​ក្រុម​របស់លោក Wenger បាន​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ជាច្រើន​នៅត្រឹម​តង់​ទី១ពី​សំណាក់​កីឡាករ Samuel Eto'o, Andre Schurrle, Eden Hazard និង Oscar នៅឯ​កីឡដ្ឋាន Stamford Bridge ។


ស្របពេល​ជាមួយគ្នានេះ លោក​អាជ្ញាកណ្តាល Andre Marriner បានធ្វើ​ការសុំ​អភ័យទោស​ចំពោះ​កំហុស​លើ​ការផ្តល់​កាត​ក្រហម​ដល់​ខ្សែការពារ Kieran Gibbs របស់​ក្រុម Arsenal ក្រោយ Alex Oxlade-Chamberlain បាន​យកដៃ​វៃ​បា​ល់ពី​ការ​ស៊ុត​របស់ Hazard៕

លទ្ធផល​កាលពី​ថ្ងៃ​សៅរ៍
Chelsea 6-0 Arsenal
Cardiff 3-6 Liverpool
Everton 3-2 Swansea
Hull 2-0 West Brom
Man City 5-0 Fulham
Newcastle 1-0 Crystal Palace
Norwich 2-0 Sunderland
West Ham 0-2 Man Utd

ប្រែសម្រួលដោយ ផេង សំណាង


© រក្សាសិទ្ធិដោយ thmeythmey.com