ជាតិ
រដ្ឋបាលខេត្តសៀមរាបប្រាប់ទីតាំងដែលត្រូវបិទផ្លូវបណ្ដោះអាសន្នកំឡុងពេលរៀបចំបុណ្យឆ្លងឆ្នាំ
31, Dec 2023 , 1:59 pm        
រូបភាព
ការលម្អផ្លូវ និងឆាកតន្រ្តីលើកំណាត់ផ្លូវស៊ីវុត្ថាតំបន់ផាប់ស្រ្ទីតក្រុងសៀមរាប ត្រៀមអបអរឆ្លងឆ្នាំថ្មី២០២៤។
ការលម្អផ្លូវ និងឆាកតន្រ្តីលើកំណាត់ផ្លូវស៊ីវុត្ថាតំបន់ផាប់ស្រ្ទីតក្រុងសៀមរាប ត្រៀមអបអរឆ្លងឆ្នាំថ្មី២០២៤។
 
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងពីការបិទផ្លូវមួយចំនួន និងទីតាំងដែលត្រូវរៀបចំកម្មវិធី អបអរបុណ្យឆ្លងឆ្នាំសកល។

 
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត កម្មវិធីបាញ់កាំជ្រួចឆ្លងឆ្នាំ ធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ឬទល់មុខសួនច្បារទល់មុខមហាសណ្ឋាគារអង្គរ។ ចំណែកកម្មវិធីប្រគំតន្រ្តីមានបីទីតាំង រួមមានកំណាត់ផ្លូវអាចារ្យស្វា ប៉ែកខាងកើតស្ទឹងសៀមរាប ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ ដល់ស្ពានវត្តព្រះព្រហ្មរ័ត្ន, កំណាត់ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចកែង​នឹងផ្លូវលេខ១១ (ច្រមុះជ្រូកត្រីកោណ) ដល់ហាង់សំលៀកបំពាក់ ZANDO កំណាត់ផ្លូវតំបន់ផាប់ស្រ្ទីត និងកំណាត់ផ្លូវ A266 (អតីតផ្លូវសុខសាន្ត) និងកំណាត់ផ្លូវ២ធ្នូ, កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្ដុបសួនព្រះរាជដំណាក់ កំណាត់ផ្លូវមុខមហាសណ្ឋាគារអង្គរ កំណាត់ផ្លូវតំបន់សួនព្រះរាជដំណាក់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្ដែង។ នេះជាការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប។ តំបន់ផ្លូវទាំងនេះ នឹងមានការបិទចរាចរណ៍​បណ្ដោះអាសន្នផងដែរ។
 
ដើម្បីសម្រួលដល់ការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណ រដ្ឋបាលខេត្តក៏បានប្រាប់ពីទីតាំងសម្រាប់ ចតយានយន្តផងដែរ ក្នុងនោះរួមមាន នៅវិទ្យាល័យ១០ មករា ១៩៧៩, ដីឡូត៍តារាងបាល់ទះក្រោយមន្ទីរពេទ្យអង្គរ, ចំណតរថយន្តអតីតអាងក្រពើ,​សាលាបឋមសិក្សាសម្ដេច ជា ស៊ីម, សាលាបឋមសិក្សាស្ទឹងថ្មី, វត្តដំណាក់, សាលាបឋមសិក្សាវត្តបូព៌, វត្តពោធិលង្កា, មុខសណ្ឋាគារតាព្រហ្ម និងចំណតមួយចំនួនទៀត៕
 
 

Tag:
 ឆ្លងឆ្នាំសកល២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com