RFI
អន្តរជាតិ
ប៉ាគីស្ថានផាត់បេក្ខភាពអតីតនាយករដ្ឋមន្ត្រីអុីរ៉ាន់ខាន់ ចេញពីបញ្ជីបោះឆ្នោតសភា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ ថ្ងៃទី ១៨ឧសភា២០២៣ AP - K.M. Chaudary
×
ដោយ៖អៀង សុខម៉ិញ/RFI
ដោយគ្មានការភ្ញាក់ផ្អើល ប៉ាគីស្ថានបានប្រកាសនៅថ្ងៃអាទិត្យទី ៣១ធ្នូ២០២៣ មិនទទួលយកបេក្ខភាពអតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាន់ខាន់ និងសកម្មជនបក្ស ឱ្យចូលរួមក្នុងការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈខាងមុខទេ។
បេក្ខភាពរបស់លោកអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងប្រមុខដឹកនាំថ្នាក់ជាតិ និងថ្នាក់ខេត្តរបស់គណបក្សTehreek-e-insaf របស់លោក អ៊ីរ៉ាន់ខាន់ ស្ទើរទាំងអស់ ត្រូវបានផាត់ចេញពីបញ្ជីបោះឆ្នោត។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យគណបក្ស ក្រោយពីស្ថាប័នគ្រប់គ្រងការបោះឆ្នោតបានបិទបញ្ជីចុះឈ្មោះបោះឆ្នោតជាស្ថាពរ។ ជាសរុប បេក្ខភាពរបស់សកម្មជនគណបក្សប្រមាណ៩០ទៅ៩៥% ត្រូវច្រានចេញពីបញ្ជីបោះឆ្នោត។
សម្រាប់គណៈកម្មការរៀបចំការបោះឆ្នោត ការផាត់សកម្មជនបក្សគណបក្សTehreek E insaf រាប់ទាំងរូបលោកអ៊ីរ៉ាន់ខាន់ ដែលកំពុងជាប់ឃុំឃាំងតាំងពីខែសីហាមក ធ្វើឡើងស្របតាមសាលក្រមតុលាការ។ ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្សដដែល នេះជាយុទ្ធសាស្ត្ររារាំងមិនឱ្យបេក្ខជនបក្សប្រឆាំងចូលរួមតែប៉ុណ្ណោះ។ គណបក្សនឹងធ្វើគ្រប់យ៉ាងដើម្បីបានស្ថិតនៅលើឆាកនយោបាយ និងមិនធ្វើពាហិការមិនចូលក្នុងការបោះឆ្នោតនេះឡើយ។ អ្នកនាំពាក្យរូបនេះបានអះអាងថា គណបក្សនឹងធ្វើបណ្តឹងតវ៉ា ដោយ ប្រើគ្រប់មធ្យោបាយស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងនយោបាយ។
គណៈកម្មការរៀបចំការបោះឆ្នោតត្រូវបង្ហាញបញ្ជីអ្នកឈរឈ្មោះបោះឆ្នោត ជាផ្លូវការនៅថ្ងៃទី២៣មករាខាងមុខ។ ការតវ៉ារបស់គណបក្សTehreek e insaf ដឹកនាំដោយលោកអ៊ីនរ៉ាន់ខាន់ ប្រឆាំងនឹងការផាត់សកម្មជនចេញពីដំណើរការបោះឆ្នោតច្បាស់ជានឹងឡើងដល់តុលាការឬគណៈកម្មការបោះឆ្នោតជាមិនខាន។ លោកអ៊ីនរ៉ាន់ខាន់ អាយុ៧១ឆ្នាំ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានខ្ទាតពីអំណាចក្រោយមានជម្លោះជាមួយក្រុមមេដឹកនាំយោធាកាលពីឆ្នាំទៅ។ ក្លាយជាជាបក្សប្រឆាំង លោក អ៊ីរ៉ាន់ខាន់ បានដឹកនាំធ្វើយុទ្ធនាការឃោសនារិះគន់ក្រុមយោធាដែលមានប្រវត្តិជាអ្នកដឹកនាំប្រទេសដោយផ្ទាល់អស់ជាច្រើនឆ្នាំ។ លោកបានចោទក្រុមយោធាថាអ្នកផ្សំគំនិតក្បត់ទម្លាក់លោកពីតួនាទីប្រមុខរដ្ឋាភិបាល និងបានប៉ុនប៉ងធ្វើឃាតរូបលោករហូតបង្កឱ្យមានរបួស។ ក្រោយការចាប់ខ្លួនលោកអ៊ីមរ៉ាន់ខាន់នៅខែឧសភា គណបក្សTehreek-e-insaf បានរងការបង្ក្រាបគាបសង្កត់យ៉ាងខ្លាំង។ មេដឹកនាំបក្សមួយចំនួនទៀតក៏ជាប់ឃុំហើយខ្លះទៀតត្រូវបង្ខំដើរចេញពីបក្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com