RFI
អន្តរជាតិ
ប្រធានាធិបតីចិនថា​សេដ្ឋកិច្ច​មាន​វឌ្ឍនភាព​រឹងមាំឡើងវិញ និងថា ​តៃវ៉ាន់​នឹង​រួមរស់​​វាសនាជាតិ​តែមួយ
01, Jan 2024 , 9:59 pm        
រូបភាព
ប្រធានាធិបតី ស៊ី ជីនពីង ថ្លែងសារអបអរបុណ្យដាច់ឆ្នាំចាស់ផ្លាស់ឆ្លងចូលឆ្នាំថ្មី។ AP - Ju Peng
ប្រធានាធិបតី ស៊ី ជីនពីង ថ្លែងសារអបអរបុណ្យដាច់ឆ្នាំចាស់ផ្លាស់ឆ្លងចូលឆ្នាំថ្មី។ AP - Ju Peng
ដោយ៖ហេង ឧត្តម/RFI
ក្នុង​ឱកាស​ថ្លែងសារ​អបអរ​បុណ្យដាច់​ឆ្នាំចាស់​ផ្លាស់​​ឆ្លងចូល​​ឆ្នាំថ្មី ប្រធានាធិបតី​ ស៊ី ជីនពីង ​ធានាប្រាប់​ប្រជាជាតិ​ថា សុខភាព​សេដ្ឋកិច្ចចិនមាន​វឌ្ឍនភាព​មាំទាំ ហើយ​និងសន្ទុះឡើងវិញ​។ ​ក្នុង​សុន្ទរកថា ថ្ងៃអាទិត្យ ទី​៣១ធ្នូ​​ ប្រមុខរដ្ឋចិនបាន​លើកឡើងដែរ​អំ​​ពីការ​បង្រួប​ប​ង្រួម​តៃវ៉ាន់ ហើយ​និង​ ចំណង​ទាក់ទងល្អ​​កាន់តែ​ស្និទ្ធល្មួត​ជាមួយ​ រុស្ស៊ី។​
 
ក្រោយ​ពីសេដ្ឋកិច្ច​​ត្រូវលង់​​ធ្លាក់​ចុះ​ខ្លាំង​ រយៈពេល​ប្រមាណ ៣ឆ្នាំ ក្នុង​វិបត្តិជំងឺ​​កូវីដ១៩​ រដ្ឋអំណាច​ចិន ​បាន​សម្រេច​លុបចោល​វិធានការណ៍​​តឹងតែង «នយោបាយ​កូវីដសូន្យ» កាល​ខែធ្នូ​ ចុងឆ្នាំ​២០២២ ហើយ​ការណ៍​នេះ​​បានជួយ​​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ងើប​ឡើងខ្លះ​ នៅក្នុង​ឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក្តី​ ទំនុកទុកចិត្ត​ពីអ្នក​វិនិយោគនិងអ្នក​ប្រើប្រាស់នៅ​មិនទាន់​មាំទាំ ហើយ​បញ្ហា​យុវជន​ចិន​អត់​ការងារធ្វើ ក៏​កើន​ឡើង​ច្រើននៅឡើយ​​ រួម​ទាំង​វិបត្តិ​អចលនាទ្រព្យ​នៅទ្រឹង គឺ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ជួប​ការ​លំបាក រយៈពេល ​៩ខែ​ ​ ក្នុង​ឆ្នាំ២០២៣​​​។ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ រដ្ឋអំណាច​ចិន​ បាន​ចាត់វិធានការកែទម្រង់និង​បង្កើន​សន្ទុះ​សេដ្ឋកិច្ច ពិសេស​ក្នុង​វិស័យ​សិប្បកម្ម ​ដែល​បាន​ជំរុញ​ឲ្យ​មាន​កំណើន​គ្រាន់​បើ​​​ឡើងវិញ។ ដូច្នេះហើយ​ ទើបពេលនេះ​ ប្រ​មុខ​រដ្ឋ​ចិន បាន​ចេញមុខ​ធានា​ថា​ សេដ្ឋកិច្ចចិន​​មាន​សន្ទុះរឹងមាំឡើងវិញ។​
 
ក្នុង​សុន្ទរកថា​អបអរ​ឆ្នាំថ្មី ប្រធានាធិបតី​ ស៊ី ជីនពីង ​ក៏​បាន​ឆ្លៀត​ឱកាស​លើកអំ​ពីសំណុំ​រឿង​ដ៏​រសើ​ប​ គឺបញ្ហា​​កោះ​តៃវ៉ាន់។ តៃវ៉ាន់ដែល​ហៀប​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​​ជាតិ​​ នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។​ ប្រធានា​ធិបតី​ចិន ​អះអាង​ព្រមាន​ថា ចិននិងតៃវ៉ាន់អាច​នឹង​រួបរួម​គ្នាបាន​យ៉ាងជាក់ច្បាស់។ លោក ស៊ី ជីនពីង បាន​ប្រកាស​ទៀត​ថា ពលរដ្ឋ​ទាំងពីរខាងត្រូវតែ​ភ្ជាប់គ្នា​ដោយគោលដៅតែមួយ និង​ ចែករំលែក​ភាព​ត្រចះត្រចង់​​​ក្រោម​វាសនា​ជាតិចិន​​តែមួយ​​។​
 
ឯចំណងទាក់ទងនឹងជាមួយ​​ចៅហ្វាយវិមាន​ក្រេមឡាំងវិញ ដោយ​ចាត់ទុក​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ ពូទីន ជា«មិត្ត​ល្អ» ​ប្រមុខរដ្ឋចិន បាន​បញ្ជាក់​ថា ទំនុក​ទុក​ចិត្ត​​ទាំង​ស្មារតី​និង​សម្ភារៈ​ រវាង​ចិន​និងរុស្ស៊ី ឈាន​ដល់កម្រិតកំពូល​ ហើយ​សាធារណៈមតិចិន​ចំពោះរុស្ស៊ី​ ក៏​ល្អខ្លាំងដែរ​។ នៅ​លើ​ទិដ្ឋភាព​​ពាណិជ្ជកម្មក្នុង​ឆ្នាំនេះ​ គឺ​​កម្រិត​ផ្លាស់ប្តូរ​ជំនួយរបស់​រុស្ស៊ី​និង​ចិន មាន​ទំហំ​កើន​ឡើង​​ជាង ២០០ ពាន់​លាន​ដុល្លារ ដែល​ច្រើន​ជាង​ការរំពឹង​ទុក​ទៅទៀត។​
 
ប្រឈម​មុខ​នឹង​ស្ថានការណ៍ក្នុង​តំបន់​និង​​អន្តរជាតិ គឺ​កាន់តែ​ធ្វើ​ឲ្យ​ការទាក់ទង​របស់ជាតិ​ទាំងពីរ ​កាន់តែរឹងមាំ និង​​រីកចម្រើន​ទៅរក​ផ្លូវ​ល្អ​។​ លោក ស៊ី ជីនពីង គូស​បង្ហាញថា ឆ្នាំ​២០២៣ ជាឆ្នាំ​ដែល​ទំនាក់ទំនង​​​ដ៏ល្អ​​និង​រឹងមាំ​បំផុត រវាង​រដ្ឋបាល​ក្រុងប៉េកាំង​និង​​ម៉ូស្គូ​ ហើយ​​ឆ្នាំ២០២៤ ដែល​នឹងចូល​មកដល់ គឺ​ជាឆ្នាំគម្រប់​ខួប​ ៧៥ ឆ្នាំ ​នៃទំនាក់​ទំនង ​ប្រទេស​​ទាំងពីរ។ នេះ​ដែលជំរុញឲ្យ​ប្រធានាធិបតីចិនថា​ រដ្ឋបាល​ក្រុង​ប៉េកាំង ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ដើម្បី​រៀប​ចំ​​អបអររំឭក​ខួប​មេត្រីភាព រុស្ស៊ី-ចិន​៕​

© រក្សាសិទ្ធិដោយ thmeythmey.com