ជាតិ
បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
ក្រសួងព័ត៌មាន នឹងបង្កើតយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
× ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋ ទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ បើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន យុទ្ធនាការនេះ នឹងចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៤ ដោយឃោសនា និងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
លោក ទេព អស្នារិទ្ធ បានបញ្ជាក់ទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឬ Zero Fake News Campaign នឹងចាប់ផ្ដើមនាពេលខាងមុខ ដោយអនុវត្តសកម្មភាពឃោសនា និងផ្សព្វផ្សាយព័ត៌មាន ពីវិធានការទប់ស្កាត់ឥទ្ធិពលព័ត៌មានក្លែងក្លាយ និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់សាធារណជនទូទាំងប្រទេស។
បើតាម លោក អស្នារិទ្ធ ក្រសួងរំពឹងថា យុទ្ធនាការនេះ នឹងចូលរួមជាផ្នែកមួយសម្រាប់ផ្ដល់ការយល់ដឹងដល់ពលរដ្ឋពីផលអវិជ្ជមាន និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ «ក្រសួងសង្ឃឹមថានឹងទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកប្រើប្រាស់ព័ត៌មានលើបណ្ដាញសង្គម និងប្រព័ន្ធអ៊ីនធើណិតទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ»។ នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ។
អ្នកនាំពាក្យរូបនេះ អំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ម្យ៉ាងទៀត ក៏ត្រូវពិចារណាឱ្យច្បាស់លាស់មុនចែករំលែកព័ត៌មានលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ។ ក្រសួងព័ត៌មាន ក៏អំពាវនាវដល់អ្នកសារព័ត៌មាន ឱ្យផ្សព្វផ្សាយពិតគ្រប់ជ្រុងជ្រោយ មានប្រភពព័ត៌មានច្បាស់លាស់ ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។ លោកបានបញ្ជាក់ថា អ្នកសារព័ត៌មាន ជាតួអង្គដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕
Tag:
យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
Zero Fake News Campaign
© រក្សាសិទ្ធិដោយ thmeythmey.com