ជាតិ
ព្រឹទ្ធាចារ្យខ្លែងឯក លោក ឈុំ ម៉ៅ ចង់អភិរក្សខ្លែងឯកកុំឱ្យបាត់បង់
07, Jan 2024 , 7:19 pm        
រូបភាព
ព្រឹទ្ធិចារ្យ ឈុំ ម៉ៅ ជាមួយខ្លែងឯករបស់លោក។
ព្រឹទ្ធិចារ្យ ឈុំ ម៉ៅ ជាមួយខ្លែងឯករបស់លោក។
សៀមរាប៖ ជាអ្នកចេះដឹងជំនាញខ្លែងឯកដ៏កម្រមួយរូប ព្រឹទ្ធាចារ្យ ឈុំ ម៉ៅ កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយលើកស្ទួយកីឡាខ្លែងឯករបស់ខ្មែរឱ្យបន្តរស់រានឡើងវិញ។ លោក ឈុំ ម៉ៅ ចង់អភិរក្សខ្លែងឯកខ្មែរឱ្យគង់វង្ស និងចង់ផ្ទេរចំណេះជំនាញដែលលោកចេះដឹងទៅក្មេងៗជំនាន់ក្រោយ។

 
ព័ត៌មានលម្អិត សូមទស្សនាបទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក ឈុំ ម៉ៅ ដូចតទៅ៖

 

មានវ័យខ្ទង់១០ឆ្នាំ លោក ឈុំ ម៉ៅ ធ្លាប់បានឃើញជីដូនធ្វើខ្លែងឯក ដើម្បីកម្សាន្តលេងនារដូវរំហើយតាមភូមិ។ ជាក្មេងចង់ចេះចង់ដឹង និងចូលចិត្តលេងខ្លែងឯកមួយផងនោះ លោក ឈុំ ម៉ៅ ស្រូបបានចំណេះធ្វើខ្លែងឯកពីជីដូន ដោយមិនដឹងខ្លួន។ កំឡុងឆ្នាំ២០០៧ លោកព្រឹទ្ធាចារ្យរូបនេះ ចាប់ផ្តើមធ្វើខ្លែងឯកដោយខ្លួនឯង បន្ទាប់ពីមានការជំរុញលើកទឹកចិត្តពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប និងនាំលោកចូលមហោស្រពខ្លែងឯកនៅរាជធានីភ្នំពេញ។ 
 
បច្ចុប្បន្ន លោក ឈុំ ម៉ៅ មានវ័យ៦៤ឆ្នាំ។ ក្រៅពីខ្លែងឯក លោកក៏ជាអាចារ្យ ចៅមហា អ្នកពោលក្នុងល្ខោនស្បែកតូច ស្បែកធំ ដ៏ជំនាញមួយរូបផងដែរ។ ចំណែកការងារខ្លែងឯក ជាការងារបន្ទាប់បន្សំ ដែលលោកធ្វើតែនៅពេលគេបញ្ជាទិញ។ ក៏មានខ្លែងខ្លះ ដែលលោកធ្វើទុក សម្រាប់បង្ហោះលេងកម្សាន្តនៅក្នុងភូមិ ឬក្រោយរដូវច្រូតកាត់ផងដែរ។


 
ចំពោះការងារខ្លែងឯក លោក ឈុំ ម៉ៅ រៀបរាប់ថា ការធ្វើមានភាពល្អិតល្អន់ខ្លាំង ពិសេសការជ្រើសរើស និងការបិត ពត់ឬស្សី។ លោកពោលដូច្នេះថា៖« ចាស់ពីដើមតែងថា ខ្លែងឯកក្នុងមួយភូមិរើសឫស្សីបានគុម្ព ដល់ឫស្សីមួយគុម្ពរើសបានមួយដើម ដល់ឫស្សីមួយដើមរើសបានមួយសាច់»។ ការរើសឫស្សីមិនបានល្អសម្រាប់ធ្វើឆ្អឹងស្លាប ធ្វើឱ្យខ្លែងហោះមិនបានល្អ ឬអាចបាក់ស្លាបតែម្ដង។ 
 
ខ្លែងឯកដែលត្រូវមានលក្ខណៈបច្ចេកទេស មានទំហំ ២,២០មx២,៤០ម។ យ៉ាងណា គេក៏អាចច្នៃតាមទំហំតូចធំ ដែលជាការពេញនិយមរបស់អ្នកទិញផងដែរ។ នេះជាការបញ្ជាក់របស់លោក ឈុំ ម៉ៅ មកកាន់អ្នកសារព័ត៌មានឌីជីថលថ្មីៗ។ ខ្លែងឯកមួយ លោក ឈុំ ម៉ៅ អាចលក់បានតម្លៃ២០០ដុល្លារ ឬអាចច្រើនតិចតាមទំហំ និងគំនូដែលជាការលេងម៉ូដរបស់អតិថិជន។ 


 
ព្រឹទ្ធាចារ្យខ្លែងឯកដែលរស់នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លោក ឈុំ ម៉ៅ ខ្វល់ខ្វាយច្រើនពីការផ្ទេរជំនាញខ្លែងឯកទៅក្មេងសារក្រោយ។ លោកថា ចង់មានកន្លែងសម្រាប់ការអភិរក្ស ខ្លែងឯកមួយកន្លែង និងប្រមូលក្មេងៗរៀនជំនាញមួយនេះកុំឱ្យបាត់បង់។ តែបញ្ហាត្រង់ថា ទីផ្សារខ្លែងឯកនៅមានកម្រិត មិនគេជាវច្រើន ធ្វើឱ្យក្មេងៗមិនសូវចង់ចេះ ហើយងាកទៅធ្វើការ ឬរៀនជំនាញផ្សេង៕



Tag:
 ខ្លែងឯក
  ឈុំ ម៉ៅ
  ព្រឹទ្ធាចារ្យខ្លែងឯក
© រក្សាសិទ្ធិដោយ thmeythmey.com