RFI
អន្តរជាតិ
ការបាញ់បង្ហោះផ្កាយរណបរបស់ចិន​បង្ក​ឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់
10, Jan 2024 , 9:19 pm        
រូបភាព
ដោយ៖ ឈាង បុប្ផា/ RFI
 
សាររបស់​ក្រសួងការពារជាតិតៃវ៉ាន់​ជាភាសា​ចិនអំពាវនាវ​ឲ្យប្រជាជន​ប្រុងប្រយ័ត្ននឹង​បំណែកគ្រាប់រ៉ូក្កែត​ដែលចិន​បាញ់នៅថ្ងៃអង្គារទី​៩មករា AP - Ng Han Guan៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រ​តៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃ​អង្គារទី​៩​មករា ការបាញ់បង្ហោះ​ផ្កាយរណប​របស់​ចិន បាន​បង្ក​ឲ្យមានការភ័យ​ជ្រួលច្របល់​នៅ​កោះតៃវ៉ាន់។ បេក្ខជន​ប្រធានាធិបតី មកពីគណបក្សកាន់អំណាច​បានទម្លាក់កំហុស​ដាក់ប៉េកាំង​ថា កំពុងធ្វើនយោបាយ​ដាក់សម្ពាធ​លើ​អ្នកបោះឆ្នោត​តៃវ៉ាន់ រីឯ​បក្ស​ប្រឆាំង បក្សគួមីនតាំង​ដែលជិតស្និទ្ធ​នឹង​រដ្ឋអំណាច​ចិន​ចោទប្រកាន់​បក្សកាន់អំណាច​ថា ផ្ញើសារ បំភិតបំភ័យ​ប្រជាជនតៃវ៉ាន់​ដើម្បី​ប្រយោជន៍​សំឡេងឆ្នោត។



នៅថ្ងៃ​អង្គារ ចិន​បានអះអាងថា ខ្លួន​បាន​បាញ់បង្ហោះដោយ​ជោគជ័យ ផ្កាយរណប​សម្រាប់​តាមដាន កាំរស្មី​X នៅក្នុងទីអវកាស។ ប៉ុន្តែ នៅ​តៃវ៉ាន់​វិញ ការបាញ់​បង្ហោះ​ផ្កាយរណបរបស់​ចិន​បាន​បង្ក​ឲ្យមាន​ការភ័យ​ជ្រួលច្របល់ខ្លាំង ក៏ដោយសារ​តែ​សារ​ទាញអាសន្ន​របស់​រដ្ឋាភិបាល​តៃវ៉ាន់តែម្តង។ នៅ​រសៀល​ថ្ងៃ​អង្គារនេះ ពោល​គឺ​ប៉ុន្មាននាទីក្រោយ ចិន​បាញ់បង្ហោះរ៉ូកក្កែត​នាំយកផ្កាយរណប​ទៅកាន់​គន្លងតារាវិថី សារផ្លូវការ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ត្រូវបានផ្ញើ​ទៅគ្រប់​ទូរស័ព្ទដៃ​របស់​ប្រជាជន​តៃវ៉ាន់។ នៅក្នុងសារ​ប្រកាសអាសន្ន ជាភាសាអង់គ្លេស គេអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន ព្រោះថា មាន​មីស៊ីល​របស់​ចិន​ហោះកាត់​ដែនអាកាសខាងត្បូង​របស់​តៃវ៉ាន់។ អ្នកប្រើប្រាស់​អ៊ីនធ័នែតរបស់​តៃវ៉ាន់​ភ័យបារម្ភ និងនាំគ្នា​ចោទសំណួរថា តើអ្វីដែលកើតឡើង​ពិតប្រាកដ ព្រោះថា សាររបស់រដ្ឋាភិបាល​តៃវ៉ាន់ ដដែល ជាភាសា​ចិន និយាយ​ពី​ការបាញ់បង្ហោះ​ផ្កាយរណប។
 
ដោយសារ​ហេតុការណ៍​នេះ​កើតឡើង​នៅក្នុងអំឡុងសន្និសីទ​កាសែត​របស់​លោកនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu បានធានាអះអាង​កុំ​ឲ្យប្រជាជន​ភ័យបារម្ភ​ព្រោះថា វាគ្រាន់តែ​ការបាញ់​បង្ហោះផ្កាយរណប ប៉ុន្តែមិនមែន មីស៊ីល​ដូចក្នុងសារ ជា​ភាសា​អង់គ្លេសទេ។ អាច​ជាកំហុស​ក្នុងការបកប្រែភាសា ប៉ុន្តែ ប្រមុខការទូត​តៃវ៉ាន់​នៅតែអំពាវនាវ​ឲ្យ​ប្រជាជនតៃវ៉ាន់​ប្រុងប្រយ័ត្ន​ខ្លួនជានិច្ច ព្រោះថា ទោះមិនមែនជាមីស៊ីល ប៉ុន្តែ បំណែក​រ៉ូក្កែតរបស់ចិន​អាច​ធ្លាក់​មកលើ​កោះតៃវ៉ាន់ និង​បង្ក​គ្រោះថ្នាក់​គ្រប់​ពេលវេលា។
 
ចិនបង្ហាញសាច់ដុំយោធា នៅប៉ុន្មានថ្ងៃ​មុន​បោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់

កាន់តែកៀកថ្ងៃ​បោះឆ្នោត តៃវ៉ាន់​បាន​ចោទប្រកាន់​ចិនថា ក្រៅតែបញ្ជូន​យន្តហោះចម្បាំង​ទៅហោះរំលោភចូលដែនអាកាស​តៃវ៉ាន់ ចិន​ទើប​បញ្ជូន​បាឡុងចារកិច្ច​ទៅ​ហោះលើ​មូលដ្ឋានទ័ព​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យទី៧មករា។ សម្រាប់បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​បក្សកាន់អំណាច​២អាណត្តិជាប់គ្នា នៅតៃវ៉ាន់ នេះជា​ចេតនា​ច្បាស់ក្រឡែត​របស់​ចិន​ដើម្បី​បំភិតបំភ័យ កុំឲ្យ​ប្រជាជន​តៃវ៉ាន់នៅ​ប៉ុន្មានថ្ងៃ​មុន​តៃវ៉ាន់ រៀបចំ​ការបោះឆ្នោត។
 
តៃវ៉ាន់​ទទួលស្គាល់​ថា ការដាក់សម្ពាធ​របស់​ចិនមកលើកោះតៃវ៉ាន់ មិនថា ផ្នែកយោធា សេដ្ឋកិច្ច ​កាន់តែ​ខ្លាំងឡើងៗ ចាប់តាំង​ពី​តៃវ៉ាន់​ស្ថិតក្រោម​ការដឹកនាំ​របស់លោកស្រី ត្សៃ អ៊ីងវេន មកពី​គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលចិន​ចោទប្រកាន់​ថា មាននិន្នាការ​ចង់ប្រកាស​ទាមទារឯករាជ្យ​ឲ្យ​កោះតៃវ៉ាន់ តាមរយៈ​ការបង្កើន​ទិញ បំពាក់​សព្វាវុធ​ពីអាមេរិក។ នៅប៉ុន្មានថ្ងៃ​មុន​ការបោះឆ្នោត​ប្រធានាធិបតី តៃវ៉ាន់ ដែល​នឹងទៅ​កំណត់​អនាគត​ទំនាក់ទំនាក់​ចិន និង​កោះប្រជាធិបតេយ្យ​តៃវ៉ាន់ ចិន​បាន​បង្កើនការដាក់សម្ពាធ​បន្ថែមទៀត ជាពិសេស​ផ្នែកយោធា ដូចជា​បញ្ជូន​យន្តហោះចម្បាំង នាវាចម្បាំងបើកហោះហែល ឆ្វែលតៃវ៉ាន់ ឬ​ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ នៅ​សប្តាហ៍មុននេះទៀតសោត តៃវ៉ាន់​ចាប់បាន​សញ្ញាយន្តហោះចម្បាំងចិន ហោះរំលោភចូលក្នុងដែនអាកាស​របស់​ខ្លួន។ បន្ទាប់មក នៅថ្ងៃអាទិត្យ ក្រសួងការពារ​ជាតិតៃវ៉ាន់ បាន​ចេញសារ​ព្រមាន​ចិន ដែលបាន​បញ្ជូន​បាឡុង​ចារកម្ម​ចំនួន​៤​ទៅ​ហោះឆ្លងកាត់​ដែនអាកាស​តៃវ៉ាន់ ដែល​នៅក្នុងនោះ បាឡុង​ចិន​មួយ​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​តៃវ៉ាន់ ​ភាគខាងត្បូង។
 
សម្រាប់​បេក្ខជនប្រធានាធិបតី មកពីគណបក្ស​កាន់អំណាច បក្ស​ចម្រើនប្រជាធិបតេយ្យ ចិន​ប្រើគ្រប់មធ្យោបាយ​ដើម្បី​លូកដៃ​ចូល​រាល់​ការបោះឆ្នោត​ប្រធានាធិបតី​នៅតៃវ៉ាន់ តាមរយៈ ការបំភិតបំភ័យ​នយោបាយ កងទ័ព និង​សេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងការបោះឆ្នោត​តៃវ៉ាន់លើកនេះ ចិនធ្វើយុទ្ធនាការច្រើន មិនថា ការធ្វើសមយុទ្ធយោធា ឬ​ផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងគោលដៅ​ដាក់សម្ពាធ​ខ្លាំង​យក​តែមែនទែន​លើ​ប្រជាជនតៃវ៉ាន់ ដែលជា​ម្ចាស់សំឡេងឆ្នោត។
 
ប្រជាជន​តៃវ៉ាន់​នឹងសម្រេច​ផ្តល់​ជោគវាសនា​អនាគត​របស់​តៃវ៉ាន់​ទៅ​ឲ្យ​គណបក្ស​មួយណា?
នៅចំពោះមុខ​ការដាក់សម្ពាធ​ពីប្រទេស​ចិន ប្រជាជន​តៃវ៉ាន់​ត្រូវ​ប្រឈម​នឹង​ជម្រើស​លំបាក។ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតីលើកនេះ មាន​គណបក្ស​បីដែលចូលរួម គឺ គណបក្ស​ចម្រើនប្រជាធិបតេយ្យ ដែលជា​គណបក្ស​កាន់អំណាច​របស់​លោកស្រី ប្រធានាធិបតី​ត្សៃអ៊ីងវេន គណបក្ស​គួមីនតាង​ដែល​មានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយប៉េកាំង និងដែលត្រូវ​គណបក្សកាន់អំណាច​ចោទប្រកាន់ថា ត្រូវរ៉ូវ​ជាមួយ​ចិន ហើយនិង​គណបក្ស​ក្មេងខ្ចីថ្មី គឺគណបក្ស​ប្រជាជន។
 
ទំនាក់ទំនង​ជាមួយ​ចិន ជា​ចំណុចស្នូល​នៅក្នុងការតស៊ូមតិ​របស់​បេក្ខជន​គណបក្ស​នយោបាយ​ទាំងបី។ នៅ​ថ្ងៃ​អង្គារ ពោលគឺ​នៅ​៤ថ្ងៃ​មុន​ការបោះឆ្នោត​ដែលត្រូវ​ប្រព្រឹត្ត​ទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គណបក្ស​គួមីនតាង​បាន​ប្រកាស​ប្រាប់​អ្នកបោះឆ្នោត​តៃវ៉ាន់ ឲ្យជ្រើសរើស​រវាង​សង្រ្គាម និង​សន្តិភាព។ មានន័យថា បើគេបោះឆ្នោត​ឲ្យ​គណបក្ស​គួមីនតាង នោះ តៃវ៉ាន់​នឹង​នឹង​មានសន្តិភាព ដោយសារ​គណបក្ស​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយចិន។ ផ្ទុយទៅវិញ តៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ នឹង​ត្រូវ​រុញច្រាន​ឲ្យ​នៅមាត់ជ្រោះ​គ្រោះថ្នាក់ សង្រ្គាម ព្រោះថា គណបក្ស​ចម្រើនប្រជាធិបតេយ្យ ចេះតែ​ចង់​ចេញមុខ តទល់​ជាមួយចិន តាមរយៈ​ការបង្កើនបំពាក់សព្វាវុធ។
 
ប៉ុន្តែ សម្រាប់​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ចម្រើន​ប្រជាធិបតេយ្យ លោក​ឡៃ ជីងតេ ដែលជា​អនុប្រធានាធិបតីតៃវ៉ាន់​ដែរនោះ តៃវ៉ាន់មិនអាច​ជួបសន្តិភាពបានទេ បើសិន​តៃវ៉ាន់ ទទួលយកគោលការណ៍ចិនតែមួយ។ ករណី ហុងកុងនិងទីបេ ជាឧទាហរណ៍ស្រាប់។
 
បើតាម​លោក​លោក​ឡៃ ជីងតេ សន្តិភាព​ដែលគ្មានដែនអធិបតេយ្យភាព ដូចជា​ហុងកុងនោះ គឺជាសន្តិភាពក្លែងក្លាយ។ យ៉ាងណាក៏ដោយ លោក ឡៃ ជីតេ ដែលត្រូវ​គេស្ទង់មតិថា នឹង​ទទួលការគាំទ្រពី​អ្នកបោះឆ្នោត​តៃវ៉ាន់ បញ្ជាក់​ដែរ​ថា នៅ​ក្រោមការដឹកនាំ​របស់​គណបក្ស​របស់​លោក រដ្ឋាភិបាលតៃវ៉ាន់​នៅតែ​បើកទ្វារ​ស្វាគម​ការសហការជាមួយចិន ប៉ុន្តែ ក្នុង​រូបភាព​ស្មើភាពគ្នាជានិច្ច។ តើប្រជាជន​តៃវ៉ាន់​នឹង​បោះឆ្នោត​ជ្រើសរើស​យកគណបក្ស​មួយណា? មួយ​ប្រកាស​ត្រលប់ទៅ​ស្តារទំនាក់ទំនងល្អជាមួយចិន វិញ ប៉ុន្តែ មួយទៀត ប្រកាស​ពង្រឹង វិស័យ​ការពារ តៃវ៉ាន់ នៅចំពោះមុខការគំរាមកំហែង​របស់ចិន។ គេនឹង​អាច​ដឹង​លទ្ធផល ឃើញការសម្រេចចិត្ត​របស់​ប្រជាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃ សៅរ៍ខាងមុខនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com