RFI
អន្តរជាតិ
របាយការណ៍​​វិទ្យាសាស្ត្រ​ ៖ ទឹកបរិសុទ្ធ​ក្នុង​ដបជ័រ ​ផ្ទុក​លម្អងធាតុប្លាស្ទិក​រាប់​ពាន់
11, Jan 2024 , 7:59 am        
រូបភាព
រូប​ភាព​តំណាង។ សម្បកដបជ័រ​ ក្នុងដំណើរការ​ច្នៃប្រើឡើងវិញ នៅប៉ាគីស្ថាន ឆ្នាំ​២០២៣។ AP - Pervez Masih
រូប​ភាព​តំណាង។ សម្បកដបជ័រ​ ក្នុងដំណើរការ​ច្នៃប្រើឡើងវិញ នៅប៉ាគីស្ថាន ឆ្នាំ​២០២៣។ AP - Pervez Masih
ដោយ៖ហេង ឧត្តម/RFI
 
ទឹកក្នុង​ដបជ័រប្លាស្ទិក គឺអ្នក​វិទ្យាសាស្ត្រ​​រកឃើញថា មានផ្ទុកជាតិ​ប្លាស្ទិក​ ជា​​ទម្រង់​លម្អង ជា​ធាតុល្អិត​តូច​ឆ្មារ និង​មីក្រូប្លាស្ទិក​។ ជាក់ស្តែង​ ទឹកបរិសុទ្ធ​ក្នុង​ដប​ជ័រ មាន​ផ្ទុក​លម្អងសារធាតុប្លាស្ទិក ដល់ទៅ​​​រាប់​​ពាន់ឯណោះ​ ក្នុងចំណុះ​​ទឹក​១លីត្រ​។ នេះបើតាម​របាយការណ៍​សិក្សា​ថ្មី​ ចេញផ្សាយ​នៅក្នុង​ ទស្សនាវដ្តី​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​អាមេរិក (Proceedings of the National Academy of Sciences – PNAS)  ​នៅថ្ងៃ​ចន្ទ ទី​៨ មករា។

 
អ្នក​វិទ្យាសាស្ត្រអាមេរិក បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ និង ប្រព័ន្ធឡាស្សែរ ដើម្បី​ធ្វើ​តេស្តពិសោធ​ គុណភាព​ទឹក​នៅក្នុង​​ដប​ប្លាស្ទិក ជាច្រើន​ប្រភេទផ្សេងគ្នា និង​បាន​ឲ្យដឹង​ថា ប្រសិន​បើ​គិត​ជាមធ្យម យ៉ាង​ហោច​ មាន​បំណែកជាតិ​ប្លាស្ទិក ២៤ម៉ឺន​ បំណែក ​ក្នុង​ចំណុះ​ទឹក ១ លីត្រ​ នៃ​ដប​ទឹក​ជ័រ​។ ដើម្បី​ធ្វើ​ពិសោធវិទ្យាសាស្ត្រ នៅក្នុង​សិក្សាថ្មី​​នេះ គឺគេ​បាន​យកដប​ទឹកជ័រប្លាស្ទិក ​ម៉ាក់​ល្បីៗ ចំនួន ៣​ ប្រភេទ ដែល​អ្នក​ស្រាវជ្រាវ​ សូម​មិន​បញ្ជេញ​ឈ្មោះទេ​។ ​
 
សហនិពន្ធ​របាយការណ៍ម្នាក់​​ ឈ្មោះ បីស្ហាន់ យ៉ាន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​អាអេហ្វប៉េ ប្រចាំរដ្ឋធានី​វ៉ាស៊ីនតោន ថា ​«តាមរយៈ​ការសិក្សា​ថ្មី​នេះ គឺ ពុំ​មែន​ចង់​ផ្តល់​អនុសាសន៍​ កុំឲ្យ​បរិភោគទឹក​ ក្នុង​ដប​ទឹកបរិសុទ្ធ​ជ័រ​ប្លាស្ទិក​ដាច់​ខាច​នោះទេ តែ​គេ​នៅតែ​បន្ត​ពីសា​បាន ប្រសិន​បើ​ចាំបាច់។ ពីព្រោះថា ការ​ស្ងួត​ខ្វះជាតិទឹក គឺអាច​នឹងនាំ​ហានិយភ័យ​ដល់​សុខភាព​ខ្លាំង។ »
 
​​នាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លម្អងសារធាតុប្លាស្ទិក ណាណូប្លាស្ទិក គឺ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​សិក្សា​ស្រាវជ្រាវ​និង​ក្រុម​អ្នក​បរិស្ថាន​ខ្លាំងណាស់។ គេ​ដឹងស្រេច​​ហើយថា​ មីក្រូប្លាស្ទិក ​គឺ​តូច​ជាង ៥ ពាន់​ មីក្រូម៉ែត្រ (ឬតូចជាង​ប្រមាណ ៥ មីលីម៉ែត្រ) ហើយ​ ណាណូប្លាស្ទិក គឺតូច​ជាង​ ១ មីក្រូម៉ែត្រ ទៅទៀត។ ដូច្នេះ ​​លម្អង​ណាណូប្លាស្ទិក​ គឺ ​ល្អិត​តូចខ្លាំង​ណាស់​ ​ដែល​អាច​ជ្រៀប​ចូល​នៅក្នុង​ប្រព័ន្ធ​ឈាម​ និង​សរីរាង្គ​មនុស្ស ហើយ​វា​អាច​ចូល​ដល់​ខួរក្បាល​ និង​បេះដូង បាន​​​យ៉ាង​ងាយដែរ។ ​
 
​​ទោះយ៉ាងនេះក្តី សហនិពន្ធ​របាយការណ៍សិក្សា​វិទ្យាសាស្ត្រ​ ​លោក បីស្ហាន់ យ៉ាន បាន​លើកឡើងថា «ករណី​ប្រសិន​បើ​មនុស្ស​យើង​ ព្រួយ​បារម្ភ​​​​ខ្លាច​ ​​លម្អងជាតិ​​ប្លាស្ទិក​ ណាណូប្លាស្ទិក​ ​ក្នុង​ដប​ទឹក​បរិសុទ្ធ គឺ ក្នុងដំណាក់​កាល​​នេះ គេ​អាចផឹក ឬ​​​ប្រើប្រាស់​ទឹក​រ៉ូប៊ីនេ ជា​បណ្តោះ​អាសន្នសិន​»។
 
ថ្ងៃ​អនាគត អ្ន​កវិទ្យាសាស្ត្រ​​រពឹងសង្ឃឹម ​ថា​នឹង​ពិសោធ​ទឹក​ក្នុង​ប្រព័ន្ធ​ទឹក​រ៉ូប៊ីនេ ដែល​គេជឿថា​អាច​នឹង​​​​លម្អង​ប្លាស្ទិក​ ណាណូប្លាស្ទិកខ្លះដែរ ប៉ុន្តែ​ វា​ទំនង​ជាតិចតួច​ជាង ណាណូប្លាស្ទិក​ក្នុង​ទឹក​ដប​ជ័រ​ប្លាស្ទិក​៕​

© រក្សាសិទ្ធិដោយ thmeythmey.com