អន្តរជាតិ
អង់គ្លេសនឹងបញ្ជូនយន្តហោះ​ និងនាវាចម្បាំងទៅមហាសមុទ្រឥណ្ឌា ដើម្បីធ្វើសមយុទ្ធ
11, Jan 2024 , 9:59 am        
រូបភាព
លោក Grant Shapps រដ្ឋមន្រ្តីការពារជាតិអង់គ្លេស នៅថ្ងៃទី៩ ខែមករា។ រូបភាព AFP
លោក Grant Shapps រដ្ឋមន្រ្តីការពារជាតិអង់គ្លេស នៅថ្ងៃទី៩ ខែមករា។ រូបភាព AFP
អង់គ្លេស នៅថ្ងៃទី១០ ខែមករា បានប្រកាសថា​ ខ្លួនអាចនឹងបញ្ជូននាវាចម្បាំងទៅមហាសមុទ្រឥណ្ឌា នៅក្នុងឆ្នាំនេះ និងយន្តហោះចម្បាំងនៅឆ្នាំ​ ២០២៥ សម្រាប់ការហ្វឹកហ្វឺន និងប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងឥណ្ឌា ខណៈដែលប្រទេសទាំង​ពីរមានបំណងពង្រឹង ទំនាក់ទំនងសន្តិសុខទ្វេភាគី។

 
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Grant Shapps បានលើកឡើងថា កងកម្លាំង Littoral Response Group របស់កងទ័ពជើងទឹក នឹងធ្វើដំណើរទៅតំបន់មហាសមុទ្រឥណ្ឌានៅឆ្នាំនេះ ហើយក្រុមនាវា Carrier Strike Group (CSG) នៅឆ្នាំបន្ទាប់។
 
«នេះគ្មានចម្ងល់អ្វីទេ ដែលថាពិភពលោកកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ ដូច្នេះវាមានសារសំខាន់ណាស់ដែលយើងបន្តកសាងទំនាក់ទំនងយុទ្ធសាស្ត្ររបស់យើងជា មួយដៃគូសំខាន់ៗដូចជាឥណ្ឌា»។ លោក Shapps បានបញ្ជាក់បែបនេះ ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី១០ ខែមករា ខណៈសមភាគីឥណ្ឌា លោក Rajnath Singh បាន ធ្វើដំណើរទស្សនកិច្ចនៅអង់គ្លេស។
 
លោក Shapps សម្គាល់ផងដែរថា ជាមួយគ្នា ប្រទេសទាំងពីរចែករំលែកបញ្ហាប្រឈមផ្នែក សន្តិសុខដូចគ្នាហើយមានភាពខ្ជាប់ខ្ជួនលើការប្តេជ្ញាចិត្តក្នុងការរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហរ និងប្រក​បដោយវិបុលភាព។
 
ទន្ទឹមនេះ ក្រសួងការពារជាតិអង់គ្លេស បានយល់ថា ប្រទេសទាំងពីរគួរតែធ្វើសមយុទ្ធយោធារួមគ្នាដ៏ស្មុគស្មាញបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីគាំទ្រដល់គោលដៅរួមរបស់ពួកគេក្នុងការការពារផ្លូវពាណិជ្ជកម្ម និងការធានាសន្តិសុខដែនសមុទ្រផងដែរ៕

Tag:
 អង់គ្លេស
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com