អន្តរជាតិ
WEF ៖ បញ្ហាអាកាសធាតុ និងព័ត៌មានមិនពិតជាហានិភ័យខ្លាំងសម្រាប់ពិភពលោក
11, Jan 2024 , 11:29 am        
រូបភាព
ស្រ្តីជនជាតិឥណ្ឌា អាំងភ្លើង ដើម្បីការពារត្រជាក់នៅក្នុងរដ្ឋ Punjab នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ រូបភាព Xinhua
ស្រ្តីជនជាតិឥណ្ឌា អាំងភ្លើង ដើម្បីការពារត្រជាក់នៅក្នុងរដ្ឋ Punjab នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។ រូបភាព Xinhua
ការស្រង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលចេញផ្សាយនៅថ្ងៃទី១០ ខែមករា បានលើកឡើងថា អ្នកឯកទេសផ្នែកហានិភ័យមើលឃើញថាអាកាសធាតុអាក្រក់ និងព័ត៌មានក្លែង ក្លាយនឹងអាចបង្កឱ្យមានវិបត្តិពិភពលោកក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។

 
តាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ខណៈដែលអាកាសធាតុមានស្ថានភាពអាក្រក់ខ្លាំង ត្រូវបានគេកំណត់ថាជាហានិភ័យធំនៅឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ ជាបញ្ហាបន្ទាប់ទីពីរហើយត្រូវ បានរកឃើញថា ជាហានិភ័យសកលធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលពីរឆ្នាំខាងមុខដែលអាចបង្ក ការគំរាមកំហែងជាក់លាក់មួយនៅពេលដែលមនុស្សរាប់ពាន់លាននាក់ត្រៀមនឹងចូលរួមបោះឆ្នោតសំខាន់ៗក្នុងប្រវត្តិសាស្ត្រ។
 
ប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ៗដូចជា អាម៉េរិក និងឥណ្ឌា និងម៉ិកស៊ិកនឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ដោយទុកឱ្យអ្នកដឹកនាំឧស្សាហកម្ម និងនយោបាយពឹងផ្អែកលើការ ស្ទង់មតិ និងការព្យាករណ៍ដើម្បីវាយតម្លៃថាលើបរិយាកាស គោលនយោបាយនឹងទៅជាយ៉ាងណានៅឆ្នាំ ២០២៥ ។
 
«ការប្រើប្រាស់យ៉ាងទូលំទូលាយនៃព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ និងឧបករណ៍ដើម្បីផ្សព្វផ្សាយអាចធ្វើឱ្យខូចដល់ភាពស្របច្បាប់នៃរដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មី»។ ឯកសារ ខាងលើព្រមានបែបនេះ រួចបន្ថែមផងដែរថា ភាពចលាចលដែលបណ្តាលឱ្យកើតមានអាចមាន ចាប់ពីការតវ៉ាដោយហិង្សា និងឧក្រិដ្ឋកម្ម រហូតដល់ការប្រឈមមុខគ្នាស៊ីវិល និងអំពើភេរវកម្ម ក៏អាចកើតមានឡើងដោយសារការចែកចាយព័ត៌មានមិនពិតផងដែរ។
 
របាយការណ៍ខាងលើ ត្រូវបានរៀបចំក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង Zurich និង ក្រុមហ៊ុន Marsh McLennan នៅមុនកិច្ចប្រជុំ WEF ប្រចាំឆ្នាំនៅសប្តាហ៍ក្រោយ។
 
ប្រធាន WEF លោក Borge Brende បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃដដែលថា វេទិកា WEF ប្រចាំឆ្នាំលើកទី ៥៤ នៅទីក្រុង Davos នឹងធ្វើឡើង ហើយជជែកជុំវិញ​បញ្ហាភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុត រាប់ចាប់ពី សង្គ្រាមនៅកាហ្សា និងអ៊ុយក្រែន ដល់ការកើនឡើងបំណុល និងថ្លៃរស់នៅផងដែរ។
 
ក្នុងការស្ទង់មតិដដែល អ្នកជំនាញហានិភ័យចំនួនពីរភាគបីបានរំពឹងថា ពិភពលោកពហុប៉ូល ឬសណ្តាប់ធ្នាប់ពិភពលោកដែលបាក់បែក នឹងលេចឡើងក្នុងទសវត្សរ៍ក្រោយដែលក្នុងនោះមហាអំណាចកណ្តាល និងមហាអំណាចនឹងប្រកួតប្រជែង កំណត់ និងអនុវត្តច្បាប់ និងបទដ្ឋានក្នុងតំបន់៕

Tag:
 អាកាសធាតុ
  ព័ត៌មានមិនពិត
  វេទិកាសេដ្ឋកិច្ចពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com