សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើ AI ជះឥទ្ធិពលកម្រិតណាដល់ការងារនាពេលអនាគត?
12, Jan 2024 , 9:09 am        
រូបភាព
រូបភាព ៖  AFP
រូបភាព ៖ AFP
បញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូររបៀបដែលមនុស្សធ្វើការ ហើយវាកើតឡើងលឿនជាងអ្វីដែលអ្នកគិត។ មនុស្សជាង ១០០លាននាក់បានប្រើប្រាស់ ChatGPT ជារៀងរាល់សប្តាហ៍រួចហើយ ហើយច្រើនជាងពាក់កណ្តាលនៃបុគ្គលិកធ្វើការនៅតាមកន្លែងនានាបានអះអាងថា ពួកគេប្រើឧបករណ៍ AI នៅកន្លែងធ្វើការ។ នេះបើយោងតាម LinkedIn News។ ការស្រាវជ្រាវមួយបង្ហាញថា ៤០ភាគរយនៃកម្លាំងពលកម្មសកលនឹងត្រូវបណ្តុះបណ្តាលជំនាញឡើងវិញនៅ ៣ឆ្នាំខាងមុខ ដោយសារផលប៉ះពាល់នៃការដាក់ពង្រាយ AI។

 
ម៉ូដែល AI ជំនាន់ថ្មីដូចជា ChatGPT អាចបំពេញកិច្ចការផ្សេងៗជាច្រើនដូចជាការឆ្លើយយ៉ាងស្ទាត់ជំនាញនូវសំណួរដែលអ្នកសួរ មិនថាជាវិស័យអ្វីនោះទេ។ ក្រៅ​ពី​នេះ ChatGPT ក៏​អាច​សរសេរ​កំណាព្យ តែង​បទភ្លេង សរសេរ​អក្សរ រចនា និង​ថែម​ទាំងកែតម្រូវ​កំហុស​ក្នុង​ការ​សរសេរ​កម្មវិធី​ទៀត​ផង។ មនុស្សជាច្រើនបានប្រើ ChatGPT ដើម្បីធ្វើកិច្ចការខាងលើនេះ ដែលការណ៍នេះបានធ្វើឲ្យ AI កាន់តែឆ្លាតជាងមុន។
 
ជាមួយនឹងភាពឆ្លាតវៃរបស់ ChatGPT មនុស្សជាច្រើនភ័យខ្លាចថាបច្ចេកវិទ្យានេះនឹងជំនួសការងាររបស់ពួកគេ។ ការសិក្សាចុងក្រោយមួយកាលពីខែតុលា ឆ្នាំ២០២៣ របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក IBM បង្ហាញថាមនុស្សមិនគួរខ្លាចបច្ចេកវិទ្យានេះទេ ប៉ុន្តែគួរតែទាញយកប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះ។ 
 
របាយការណ៍របស់ IBM បានវិភាគពីរបៀបដែលការលេចឡើងនៃ AI កំពុងផ្តល់ផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសរបៀបដែលពួកគេប្រើ AI ដើម្បីអនុវត្តប្រតិបត្តិការកាងាររបស់ពួកគេ និងរបៀបដែលវាមានឥទ្ធិពលទៅលើការងារ។
 
ដើម្បីស្វែងរកចម្លើយជុំវិញសំណួរទាំងនេះ IBM បានទាញទិន្នន័យពីការស្រាវជ្រាវចំនួន២  កានោះគឺការស្ទង់មតិនាយកប្រតិបត្តិចំនួន៣ពាន់នាក់ក្នុងចំណោម ២៨ប្រទេស និងការស្ទង់មតិមួយទៀតលើកម្មករចំនួន ២១ពាន់នាក់ក្នុងចំណោម ២២ប្រទេស។ លទ្ធផលបង្ហាញថា AI ពិតជានឹងបង្កើតការផ្លាស់ប្តូរនៅក្នុងកម្លាំងការងារ និងអាជីវកម្ម ប៉ុន្តែមិនអាក្រក់ណាស់ណាពេកនោះទេ។
 
នាយកប្រតិបត្តិដែលបានស្ទង់មតិបានប៉ាន់ប្រមាណថាប្រហែល ៤០ភាគរយនៃកម្លាំងការងាររបស់ពួកគេនឹងត្រូវបណ្តុះបណ្តាលជំនាញថ្មីមួយឡើងវិញនៅរយៈពេល ៣ឆ្នាំខាងមុខ ដោយសារតែផលប៉ះពាល់នៃការប្រើប្រាស់ AI ដែលតំណាងឱ្យកម្មករប្រហែល ១,៤ពាន់លាននាក់ក្នុងចំណោមមនុស្សសរុបចំនួន ៣,៤ពាន់លាននាក់ដែលស្ថិតនៅក្នុងចន្លោះអាយុធ្វើការនៅទូទាំងពិភពលោក។
 
យ៉ាងណាមិញ ៨៧ភាគរយនៃនាយកប្រតិបត្តិទាំងនោះរំពឹងថា AI ជំនាន់ថ្មីនឹងពង្រឹងតួនាទីរបស់ខ្លួនជាជាងជំនួសកន្លែងធ្វើការរបស់ពួកគេ។
 
យោងតាមការស្រាវជ្រាវរបស់ IBM អ្នកទទួលយកបច្ចេកវិទ្យាដែលមានជំនាញក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរការងារដែលជំរុញដោយបច្ចេកវិទ្យា អាចមានអត្រាកំណើនប្រាក់ចំណូលខ្ពស់ជាងមធ្យមភាគ១៥ភាគរយ ហើយអ្នកដែលផ្តោតលើ AI នឹងមានកំណើនប្រាក់ចំណូលខ្ពស់ជាង ៣៦ភាគរយ។
 
របាយការណ៍របស់ IBM បញ្ជាក់ថា បច្ចេកវិទ្យា AI នឹងមិនជំនួសការងារមនុស្សបានទេ ប៉ុន្តែអ្នកដែលប្រើ AI នឹងជំនួសអ្នកដែលមិនប្រើ AI ។ ឧបករណ៍ដូចជា ChatGPT អាចឱ្យកម្មករធ្វើកិច្ចការបានច្រើនជាងអ្នកដែលមិនសូវមានចំណេះដឹងមានប្រើប្រាស់បច្ចេកវិទ្យា។
 
ជាមួយនឹងការអភិវឌ្ឍរបស់ ChatGPT មនុស្សយកចិត្តទុកដាក់កាន់តែច្រើនទៅលើជំនាញដូចជា សមត្ថភាពគ្រប់គ្រង និងការធ្វើការជាក្រុម សមត្ថភាពទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីៗ។
 
យ៉ាងណា នៅពេលមានការវិវត្តិ AI ជំនាន់ថ្មី មនុស្សហាក់ដូចជាបានប្រែទៅជាការប្រុងប្រយ័ត្នជាងមុន ស្របពេលអង្គការនានាកំពុងចាត់វិធានការ ឬពិចារណាលើការហាមឃាត់ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មីនេះ។
 
យោងតាមការសិក្សារបស់ក្រុមហ៊ុនកាណាដា BlackBerry Electronics Corporation ដែលធ្វើឡើងកាលខែមិថុនា និងខែកក្កដាឆ្នាំ២០២៣ ជាមួយនឹងការស្ទង់មតិរបស់អ្នកធ្វើការផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ចំនួន២ពាន់នាក់ នៅអូស្ត្រាលី ជប៉ុន បារាំង អាល្លឺម៉ង់ កាណាដា ហូឡង់ អាម៉េរិក និងអង់គ្លេស បង្ហាញថាប្រហែល ៧៥ភាគរយនៃអាជីវកម្មជុំវិញពិភពលោកបច្ចុប្បន្នកំពុងអនុវត្ត ឬពិចារណាផែនការដើម្បីហាមឃាត់កម្មវិធី ChatGPT និងកម្មវិធី AI ផ្សេងទៀតនៅក្នុងកន្លែងធ្វើការរបស់ពួកគេ។ ក្នុង​នោះ ៦១ភាគរយបាន​និយាយ​ថា វិធានការ​បែប​នេះ​នឹង​មាន​លក្ខណៈ​ជា​អចិន្ត្រៃយ៍ ឬក៏អាចអនុវត្ត​រយៈពេល​វែង។
 
អ្នកឆ្លើយតបទាំងនោះបានលើកឡើងពីហានិភ័យទាក់ទងនឹងសុវត្ថិភាពទិន្នន័យ ឯកជនភាព និងកេរ្តិ៍ឈ្មោះម៉ាកយីហោ ដែលសុទ្ធសឹងតែជាហេតុផលសម្រាប់ការហាមឃាត់។ ការឆ្លើយតបចំនួន ៨៣ភាគរយនៃមនុស្សដែលត្រូវបានស្ទង់មតិមានការព្រួយបារម្ភថាកម្មវិធីដែលមិនមានសុវត្ថិភាព​​ជាការគំរាមកំហែងដល់បរិយាកាសការងាររបស់ពួកគេ។
 
ដោយឡែក ប្រសិនបើមិនគិតពីកត្តាសុវត្ថិភាព ភាគច្រើនបានទទួលស្គាល់ឱកាសដែល AI បង្កើតអាចនាំមកច្រើនយ៉ាង ដោយ ៥៥ភាគរយនិយាយថាប្រសិទ្ធភាពការងារកើនឡើង ខណៈ ៥២ភាគរយជឿថាបច្ចេកវិទ្យាអាចជំរុញការបង្កើតថ្មី។ 
 
ការងារដែលមានហានិភ័យខ្ពស់ក្នុងការជំនួសដោយ AI
 
ការស្រាវជ្រាវដែលបានចេញផ្សាយថ្មីៗនេះដោយក្រុមហ៊ុនហិរញ្ញវត្ថុអាម៉េរិក Goldman Sachs បានបង្ហាញថា ការប្រើប្រាស់ AI ដែលជះឥទ្ធិពលដល់ការងារអាស្រ័យទៅតាមជំនាញ និងវិស័យផ្សេងៗ។ ឧទាហរណ៍ វិស័យរដ្ឋបាល និងច្បាប់អាចរងផលប៉ះពាល់ខ្លាំងបំផុតដោយមានអត្រា ៤៦ភាគរយនិង ៤៤ភាគរយរៀងគ្នាចំពោះហានិភ័យនៃការជំនួសដោយ AI ។
 
ចំណែកការងារដែលមានការប៉ះពាល់តិចបំផុតចំពោះ AI រួមមានការសម្អាត និងថែទាំ ការដំឡើង និងការជួសជុល និងការងារទាក់ទងមួយចំនួនទាក់ទងនឹងវិស័យសំណង់។ ជារួមមុខរបរដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មអាចប្រឈមនឹងហានិភ័យទាបដូចជា វិស័យសំណង់ប្រឈមនឹងការគំរាមកំហែងត្រឹមតែ៦ភាគរយ ខណៈដែលការងារទាក់ទងនិងការថែទាំមានហានិភ័យត្រឹមតែ ៤ភាគរយប៉ុណ្ណោះ។
 
ចំណែកបញ្ហាការងារនៅពេល AI chatbots អាចជំនួសបាន លោក Sam Altman នាយកប្រតិបត្តិនៃ OpenAI ដែលជាស្ថានិកកម្មវិធី ChatGPT បាននិយាយថា ការងារដែលរងផលប៉ះពាល់ខ្លាំងពីកម្មវិធីនេះរួមមាន ការងារសរសេរនិពន្ធ និងសរសេរកម្មវិធីកុំព្យូទ័រ។
 
លោកបញ្ជាក់ថា ការងារដែលប៉ះពាល់ដល់ការគិតបែបវិទ្យាសាស្ត្រ និងការរិះរកគឺមិនសូវប៉ះពាល់ដោយស្វ័យប្រវត្តិកម្មទេ។ ចំណែក អ្នករៀបចំតារាងពន្ធ អ្នករចនាឌីជីថល អ្នកនិពន្ធ ជំនួយការរដ្ឋបាល គណិតវិទូ និងវិស្វករ ប្លុកឆេន សុទ្ធសឹងតែជាការងារដែលនឹងត្រូវបានរងផលប៉ះពាល់ដោយការមកដល់នៃ AI chatbots ដូចជា ChatGPT​ ជាដើម។
 
បើតាមលោក Sam Altman ការងារដែលមានប្រាក់ខែខ្ពស់ងាយរងឥទ្ធិពលពី ChatGPT ជាងការងារសាមញ្ញៗដូចជា ចុងភៅ ជាងឈើ អ្នកបំរើ អ្នករត់តុ កសិករទាំងអស់ប៉ះពាល់តិចតួចបំផុត។
 
អត្ថប្រយោជន៍នៃការវិនិយោគលើជំនាញ AI

ការវិនិយោគលើជំនាញ AI មិនត្រឹមតែមានសារៈសំខាន់សម្រាប់បុគ្គលប៉ុណ្ណោះទេ វាក៏នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនដែលធ្វើការបណ្តាក់ទុនលើជំនាញនេះដែរ។ 
 
ការប្រើប្រាស់បច្ចេកវិទ្យា AI និងជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។ នៅពេលដែលបុគ្គលិករៀនពីរបៀបប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធ AI ថ្មី ពួកគេអាចធ្វើការកាន់តែមានប្រសិទ្ធភាពជាងមុន ហើយវានឹងនាំទៅដល់ការបង្កើនផលិតភាព និងការសន្សំការចំណាយសម្រាប់ក្រុមហ៊ុន។
 
ទន្ទឹមនេះ ឧបករណ៍ AI អាចជួយក្រុមហ៊ុននានាផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជនរបស់ពួកគេ។ ឧទាហរណ៍ chatbots ដំណើរការដោយស្វែយប្រវត្តិ ដែលមានអាចឆ្លើយសំណួរដែលសួរញឹកញាប់បានយ៉ាងរហ័ស និងត្រឹមត្រូវ។ 
 
លើសពីនេះ ក្រុមហ៊ុនដែលវិនិយោគច្រើនជាមួយ AI នឹងមានទីតាំងល្អប្រសើរជាងមុនដើម្បីប្រកួតប្រជែងជាមួយអាជីវកម្មផ្សេងទៀទៅតាមវិស័យផ្សេងៗ។ ពួកគេនឹងមានកម្លាំងការងារដែលមានជំនាញបន្ថែមទៀត ដែលអាចទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗដែលបង្ហាញដោយ AI។
 
ជារួម បច្ចេកវិទ្យា AI កំពុងផ្លាស់ប្តូររបៀបដែលយើងធ្វើការ ហើយវាជារឿងសំខាន់ដែលយើងចាប់ផ្តើមគិតពីវាក្នុងការពង្រឹងសមត្ថភាពខ្លួនឡើងវិញ ដើម្បីសម្របខ្លួនក្នុងយុគសម័យ AI នេះ ៕ 

Tag:
 AI
 ​ ការងារ
  បញ្ញាសិប្បនិម្មិត
© រក្សាសិទ្ធិដោយ thmeythmey.com