អន្តរជាតិ
ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន និង​ព្យួរ​តំណែង​មន្ត្រី ក្រោយ​មនុស្ស​១៦​នាក់​ស្លាប់​ក្នុង​កុបកម្ម​
11, Jan 2024 , 10:06 pm        
រូបភាព
កុបកម្មនៅប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃទី១០ ខែមករា។ រូបភាព AFP
កុបកម្មនៅប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃទី១០ ខែមករា។ រូបភាព AFP
នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ នៅ​ថ្ងៃទី​១១ ខែមករា បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន និង​ព្យួរ​មន្ត្រី និង​ប៉ូលិស​មួយចំនួន​ក្រោយ​មនុស្ស​ចំនួន ១៦ នាក់​ត្រូវបាន​ស្លាប់​ក្នុង កុបកម្ម​។​



​រូបភាព​ចាក់ផ្សាយ​លើ​ទូរទស្សន៍​បានបង្ហាញ​ពី​មនុស្ស​រាប់ពាន់នាក់​នៅតាម​ដងផ្លូវ​នៃ​រដ្ឋធានី ព័រ​ម៉ូ​រេស​ប៊ី បាន​ដឹកទំនិញ​ដែល​ទំនង​ដូចជា​ត្រូវបាន​លួច​យក ខណៈដែល​ផ្សែង ខ្មៅ​បាន​ហុយ​ពេញទី​ក្រុង​។ ទូរទស្សន៍​រដ្ឋ​អូស្ត្រាលី ABC បាន​រាយការណ៍​ថា មនុស្ស ៩ នាក់ បាន​ស្លាប់​នៅក្នុង​កុបកម្ម​នៅ​ទីក្រុង​ព័រ​ម៉ូ​រេស​ប៊ី និង ៧ នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង Lae ភាគ​ខាងជើង​។​

​នាយករដ្ឋមន្ត្រី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ លោក James Marape បាន​ប្រាប់​សន្និសីទ​ព័ត៌មាន ថា លោក​បាន​ព្យួរ​តំណែង​ប្រធាន​ប៉ូលិស​របស់​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ និង​មន្ត្រីការិយាធិបតេយ្យ​កំពូលៗ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​រតនាគារ ខណៈដែល​រដ្ឋាភិបាល​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​មូលហេតុ​នៃ​កុបកម្ម​។​

«​ទីនេះ​មាន​ព័ស្តុតាង​នៃ​កុបកម្ម​គ្រោង​រៀបចំ​ទុក​មុន បានកើត​ឡើង​»​។ លោក Marape ថ្លែង​បែប នេះ​ដោយ​បន្ថែមថា ការពិនិត្យ​ឡើងវិញ​នឹង​ធានាថា ពួកគេ​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ និង​ព្រមទាំង​នីតិរដ្ឋ​។​

​លោក​សម្គាល់​ផងដែរ​ថា បុគ្គលិក​យោធា​ប្រមាណ ១ ពាន់​នាក់​កំពុង​រង់ចាំ ដើម្បី​បង្ការ​ភាពចលាចល​ដែល​អាច​កើតមាន​បន្ថែមទៀត​។​

​មន្ត្រីប៉ូលិស​បានធ្វើ​កូដកម្ម កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា បន្ទាប់ពី​រកឃើញ​ការកាត់បន្ថយ កញ្ចប់​ប្រាក់ខែ​របស់​ពួកគេ​។ មន្ត្រី​ក៏បាន​បន្ទោស​លើ​ភាពមិនប្រក្រតី​ផ្នែក​រដ្ឋបាល ដែលមាន ការធ្លាក់ចុះ​នៃ​ច្បាប់​របស់​ប្រទេស​។ យ៉ាងណាមិញ មូលហេតុ​នៃ​កុបកម្ម​មិនទាន់​បញ្ជាក់​ជា​ផ្លូវ ការ​នៅឡើយ​។​

​ទន្ទឹមនេះ ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​ព័រ​ម៉ូ​រេស​ប៊ី​បង្ហាញថា ប៉ូលិស​បាន​ត្រឡប់ ទៅធ្វើ​ការ វិញ​ហើយ ប៉ុន្តែ​ភាព​តានតឹង​នៅតែមាន​កម្រិត​ខ្ពស់​។ ឯ​ស្ថានទូត​ចិន​បញ្ជាក់ថា ពលរដ្ឋ​ចិន​ជា ច្រើន​នាក់​បាន​រងរបួស​ស្រាល ខណៈ​ហាង​របស់​ពលរដ្ឋ​ចិន​ត្រូវបាន​ទទួលរង​ការបំផ្លិចបំផ្លាញ និង​ការ​លួច​ផងដែរ​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក អាន់​តូ​នី អាល់​បា​នី​សមាន​ប្រសាសន៍ថា គណៈកម្មការ​ជាន់ ខ្ពស់​របស់​ប្រទេស​នេះ​កំពុង​តាមដាន​ស្ថានការណ៍ ហើយ​ទីក្រុង​កង់​បេ​រ៉ា មិនបាន​ទទួល​សំណើ សុំ​ជំនួយ​ណាមួយ​ពី​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​នោះឡើយ ទោះបីជា​អូស្ត្រាលី​ជា​ទៀងទាត់ តែងតែ​គាំទ្រ​ក្នុង​ផ្នែក​ប៉ូលិស និង​សន្តិសុខ​ប្រទេសមួយ​នេះ​។​

​គួរ​បញ្ជាក់ថា ប៉ូលិស​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​បាន​តស៊ូ​ជាមួយនឹង​ការកើនឡើង​នៃ​ឧក្រិដ្ឋកម្ម ហឹ​ង្សា​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។ មេដឹកនាំ Marape សង្កត់ធ្ងន់ថា ការជំរុញ​សន្តិសុខ នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ​បរទេស​នៅក្នុង​ធនធាន​មាស និង​ទង់ដែង​៕




© រក្សាសិទ្ធិដោយ thmeythmey.com