ជាតិ
គ្រាប់ក្វាតជិត៧ពាន់គ្រាប់ដែលរកឃើញនៅស្រះស្រង់ ត្រូវបានដាក់តាំងពិព័រណ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
13, Jan 2024 , 3:09 pm        
រូបភាព
គ្រាប់ក្វាតដែលតាំងបង្ហាញក្នុងពិព័រណ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
គ្រាប់ក្វាតដែលតាំងបង្ហាញក្នុងពិព័រណ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ គ្រាប់ក្វាតចំនួន ៦ ៩៥៦គ្រាប់ ដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវ និងជួសជុលប្រាសាទកណ្ដាលស្រះស្រង់ កាលពីឆ្នាំ២០២០ ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ វត្ថុសិល្បៈនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

 
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការតាំងបង្ហាញនេះគឺដើម្បីឱ្យសាធារណជនបានស្គាល់​គ្រាប់ក្វាត បន្ទាប់ពីក្រុមការងារសារមន្ទីរបានសម្អាត និងរៀបចំរួច។
 

គ្រាប់ក្វាតដែលតាំងបង្ហាញក្នុងពិព័រណ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ រូបភាពពីអាជ្ញាធរជាតិអប្សរា

មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ប្រាប់ថា ការតាំងបង្ហាញនេះ ចាប់ផ្តើមពីថ្ងៃទី១៦ ខែមករាតទៅ ដែលជាការតាំងពិពរណ៍ជាអចិន្ត្រៃយ៍​ក្នុងសាលពិព័រណ៍សារមន្ទីរ។ មគ្គុទ្ទេសក៍ដដែលបានបញ្ជាក់ថា វត្ថុសិល្បៈទាំងនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន)Amethyst ពណ៌លឿង(ស៊ីទ្រីន)Citine និងពណ៌សថ្លា(គ្រីស្តាល់)Crystal។ 
 
ក្រៅពីគ្រាប់ក្វាត ក្នុងនោះក៏មានអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ ក៏ត្រូវបានដាក់បង្ហាញព្រមគ្នាផងដែរ ដែលរូបទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវបានប្រទះឃើញ​នៅប្រាសាទកណ្ដាលស្រះស្រង់។
 
លោក គុន ផល្លី បញ្ជាក់ថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរ៕
 
 

Tag:
 គ្រាប់ក្វាត
  ស្រះស្រង់
  សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com