ជាតិ
ឈប់អុំទូកដឹកទេសចរ លោកយាយ សូ ឡត់ ដាំដំណាំខ្នាតតូចមុខផ្ទះ ទុកគ្រាន់ជួយជីវភាពប្រចាំថ្ងៃ
14, Jan 2024 , 5:59 pm        
រូបភាព
ថោង ប្រណី
សៀមរាប៖ ក្រោយឈប់ពីការងារអុំទូកខ្នាតតូចដឹកទេសចរ លោកយាយ សូ ឡត់ វ័យ៧៥ឆ្នាំ បានប្រើពេលវេលាធ្វើការកំប៉ិកកំប៉ុកនៅផ្ទះ បន្ទាប់ពីមើលថែប្ដីដែលដេកឈឺនៅហ្នឹងកន្លែង ។រ ដូវនេះ​លោកយាយឆ្លៀតដាំបន្លែបន្ដិចបន្ដួចលើ​ដីមុខផ្ទះ។ សណ្ដែក និងតាសក់ ត្រូវបានលោកយាយ​ដាំលើរោងតែមួយ និងកំពុងចេញផ្កែបណ្ដើរៗហើយ។

 
សូមទស្សនាវីដេអូខ្លីនៃកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោកយាយ សូ ឡត់ រស់នៅភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដូចតទៅ៖ 

 
វេលាម៉ោង១១ថ្ងៃត្រង់ លោកយាយ សូ ឡត់ កំពុងនៅក្នុងរោងបន្លែដ៏តូចមួយ ដែលបាំងបិទដោយរណាំងមិនសូវរៀបរយនៅជាប់ជណ្ដើរផ្ទះ។ រោងបន្លែតូចនោះ លោកយាយវ័យ ឆ្លៀតដាំបានសណ្ដែក តាសក់ ស្ទឹកខ្លឹមលាយសាឡាត់តូចៗ និងជីនាងវង ហើយនៅជាប់នោះ មានគុម្ពចេកជ្វាផង។
 

មិនកំណាញ់ស្នាមញញឹមទេ លោកយាយបានបង្ហាញនូវស្នាមជាមួយនឹងផ្ទៃមុខស្ងួតជ្រីវជ្រួញ ចំណែកធ្មេញស្ទើរតែមិននៅសេសសល់។ ពីមុនលោកយាយជាអ្នកអុំទូកខ្នាតតូច នាំភ្ញៀវកម្សាន្ត ក្រោមព្រៃដើមរាំងដ៏ពេញនិយមសម្រាប់ទេសចរ។ ដោយសារវ័យកាន់តែជរា ពិសេសរូបភាពមិនល្អសម្រាប់ទេសចរដែលថា ប្រើប្រាស់កម្លាំងពលកម្មមនុស្សចាស់នោះ ទើបលោកយាយត្រូវបង្ខំឱ្យឈប់ពីការងារអុំទូក។ 



ឥឡូវនេះលោកយាយ សូ ឡត់ មានពេលច្រើននៅផ្ទះ។ ទោះមិនបានចំណូលសមរម្យដូចមុនៗ តែការដាំបន្លែក៏ជាផ្នែកមួយជួយឱ្យលោកយាយបានចំណូលខ្លះ និងបានបញ្ចេញថាមពលផងដែរ៕
 
 

Tag:
 កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com