ជាតិ
ជាពលរដ្ឋគំរូផ្នែកបរិស្ថាន អ្នកស្រី អុក យ៉ុន ចង់ឱ្យអ្នកភូមិឯទៀតទុកដាក់សំរាមឱ្យមានរបៀបរៀបរយ អ្នកស្រី អុក យ៉ុន ពលរដ្ឋភូមិត្នោតកំប៉ុត ឃុំកំពង់ភ្លុក។
× សៀមរាប៖ អ្នកស្រី អុក យ៉ុន បានក្លាយជាពលរដ្ឋគំរូ និងទទួលបណ្ណសរសើរ ក្នុងនាមពលរដ្ឋដែល មានភាពស្អាត និងទុកដាក់សំរាមបានត្រឹមត្រូវ ជាផ្នែកមួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុង សហគមន៍ឃុំកំពង់ភ្លុក។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
អ្នកស្រី អុក យ៉ុន ជាគ្រួសារមួយក្នុងចំណោមគ្រួសារពលរដ្ឋ៣២ នៃសហគមន៍ឃុំកំពង់ភ្លុក ដែលមានរបៀបក្នុងការទុកដាក់សំរាមបានត្រឹមត្រូវ។ អ្នកស្រីបានច្នៃស្បៃមង ដេរភ្ជាប់ជាកន្រ្តកញែកសំរាម គួរឱ្យទាក់ទាញ។ ស្រ្តីវ័យ៥៨ឆ្នាំរូបនេះ ក៏ទទួលបានចំណាត់លេខ១ផងដែរ ជាពលរដ្ឋដែលមានភាពស្អាត និងមិនបោះបង់សំរាមចោលផ្ដេសផ្ដាស។ កំឡុងព្រឹត្តិការណ៍បុណ្យទន្លេនៅកំពង់ភ្លុកក្នុងខែ មិថុនា ឆ្នាំ២០២៣ អ្នកស្រី អុក យ៉ុន បានថវិកាចំនួន១លានរៀលពីគណៈកម្មការរៀបចំពិធី និងអង្គការគាំទ្រ។
នៅមុខផ្ទះមានតូបលក់ឥវ៉ាន់ ដែលក្បែរនោះ គឺស្បៃមងដែលមានច្រកសំបកដបទឹកសុទ្ធ រីឯមួយទៀតគឺ ទុកដាក់សំរាមប្លាស្ទិកទូទៅ ដូចជាថង់ ស្លោជាដើម។ ក្នុងនោះមិនមានសំរាមផ្ទះបាយលាយឡំទេ ហើយការញែកដូច្នេះក៏ដើម្បីងាយស្រួលក្រុមការងារសហគមន៍ដើរប្រមូលយកទៅកន្លែងចោលសំរាមផង។ នេះជាការបញ្ជាក់ពីអ្នកស្រី អុក យ៉ុន ដោយបន្ថែមថា សំរាមសំបកដប អ្នកស្រីអាចលក់អេតចាយ។
សហគមន៍កំពង់ភ្លុកមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ សំរាមមិនមានភាពរាយប៉ាយ ដ្បិតពលរដ្ឋកាន់តែច្រើនយល់ដឹងពីការទុកដាក់ និងញែកបានត្រឹមត្រូវ។ អ្នកស្រី អុក យ៉ុន សប្បាយរីករាយ ដែលរួមចំណែកជួយឱ្យសហគមន៍ទេសចរណ៍ធម្មជាតិមួយនេះកាន់តែស្រស់ស្អាត និងស្រូបទាញទេសចរបានច្រើន។ បន្ថែមពីនោះ អ្នកភូមិត្នោតកំបុតរូបនេះ ចង់ឱ្យពលរដ្ឋឯទៀត ចូលរួមបន្ថែមទៀត ដើម្បីឱ្យសហគមន៍ទាំងមូលមានភាពស្អាត។
លោក យឹម យឿន វ័យ៦៣ឆ្នាំ ជាអ្នកដើរប្រមូលសំរាម និងរើសប្លាស្ទិកតាមផ្លូវនៅក្នុងសហគមន៍កំពង់ភ្លុក ចាប់អារម្មណ៍ថា ប្រជាជនខ្ទង់៧០ភាគរយយល់ពីការទុកដាក់ និងវេចខ្ចប់សំរាម។ លោកជឿថា មិនយូរមិនឆាប់ សហគមន៍ទេសចរណ៍កំពង់ភ្លុក នឹងក្លាយជាសហគមន៍គំរូ ដែលគ្របដណ្ដប់ដោយភាពស្អាត៕
© រក្សាសិទ្ធិដោយ thmeythmey.com