លីគកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodian League) បានបញ្ចប់ការប្រកួតសប្តាហ៍ទីមួយ ដោយរកឃើញក្រុមខ្លាំងៗដែលឈ្នះការប្រកួតជាប់ៗគ្នា រួមមានសមាគមក្លិបបាល់ទះវិសាខា ក្លិបបញ្ជាការដ្ឋានអង្គរក្ស និងសមាគមក្រសួងមហាផ្ទៃ។ ក្លិបស្នងការនគរបាលខេត្តកណ្តាល ពោធិ៍សាត់ និងក្លិបកងពលអន្តរាគមន៍លេខ៣ សុទ្ធតែចាញ់ទាំងពីរប្រកួតដំបូង។
ការប្រកួតធ្វើឡើងនៅថ្ងៃទី១៣ ខែមករា នៅក្នុងសាលបាល់ទះវិមានអូឡាំពិក ក្លិបបញ្ជាការដ្ឋានអង្គរក្សបង្ហាញសមត្ថភាពខ្លាំងរបស់ខ្លួន បូករួមជាមួយកីឡាករសញ្ជាតិឥណ្ឌូណេស៊ី ២រូបក្នុងក្រុម ប្រកួតយកឈ្នះលើក្លិបបាល់ទះខេត្តព្រះសីហនុ ដោយលទ្ធផលសិត ៣-០ មុនពេលដែលសមាគមក្រសួងមហាផ្ទៃ យកឈ្នះការប្រកួតលើក្លិបស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ក្នុងលទ្ធផលសិត ៣-១។
សមគមបាល់ទះវិសាខា ដែលប្រកួតមិត្តភាពវាយបកឈ្នះក្រុមខ្លាំងមកពីវៀតណាម Sanest Khanh Hoa លទ្ធផល ៣-១ កាលពីថ្ងៃទី១២ ខែមករា បន្តបង្ហាញសាច់ដុំនៅក្នុងការប្រកួតតេជោលីគ ដោយបំបាក់ក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្តាល លទ្ធផល ៣សិត ទល់នឹងសូន្យ។ កងពលធំអន្តរាគមន៍លេខ ៣ ចាញ់ក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងប្រទាញប្រទង់ក្នុងលទ្ធផល ៣-២ សិត។
ក្លិបអង្គរក្ស បន្តយកឈ្នះការប្រកួតទីពីរ សម្រាប់គូបើកឆាកថ្ងៃទី១៤ ខែមករា យកឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ ៣ លទ្ធផលសិត ៣-១ មុនពេលដែលសមាគមក្រសួងមហាផ្ទៃយកឈ្នះលទ្ធផលសិត ៣-១ ដូចគ្នាលើក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ គូទី៣ ក្លិបព្រះសីហនុ រកបានជ័យជម្នះលើកដំបូងលទ្ធផលសិត ៣-០ លើក្លិបនគរបាល់ខេត្តកណ្តាល មុនពេលដែលវិសាខា គូចុងក្រោយ បំបាក់ក្លិបនគរបាលខេត្តពោធិ៍សាត់លទ្ធផលសិត ៣-០។
ឆ្លងកាត់សប្តាហ៍ដំបូង រយៈពេល ២ថ្ងៃ បញ្ជាការដ្ឋានអង្គរក្ស, សមាគមក្រសួងមហាផ្ទៃ និងក្លិបវិសាខា ជាក្រុមដែលប្រកួតឈ្នះការប្រកួត ២លើកដំបូងជាប់គ្នា ហើយក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ឈ្នះ ១ និងចាញ់ ១ រីឯក្រុមកងពលធំអន្តរាគមន៍លេខ ៣, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, និងពោធិ៍សាត់ ចាញ់ការប្រកួត ២លើកជាប់គ្នា។
ក្លិប និងសមាគមទាំង៨ក្រុម ដែលប្រកួតប្រជែងក្នុងលីគបាល់ទះ«តេជោលីគ» កំពុងប្រជែងនៅក្នុងជុំទីមួយ ដោយការប្រកួតទាំងមូលមានរូបមន្តប្រកួតចំនួន ៣ជុំ។ ជុំទីមួយ ក្រុមទាំង ៨ ត្រូវប្រកួតវិលជុំប៉ះគ្នា ដោយស្វែងរកក្រុមដែលមានពិន្ទុពីលេខ ១ ដល់លេខ ៦ ដើម្បីឡើងទៅកាន់ជុំទីពីរ ខណៈក្រុមមានពិន្ទុទាបចំនួន ២ត្រូវធ្លាក់ចេញ។
ការប្រកួតជុំទីពីរ ក្រុមចំនួន ៦ ត្រូវបន្តការប្រកួតតាមរូបមន្តប៉ះគ្នាវិលជុំដដែល ដើម្បីស្វែងរកក្រុមជើងខ្លាំងចំនួន ៤ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីបន្តប្រជែងគ្នាយក២ក្រុម ទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតសប្តាហ៍ទីពីរ ដណ្តើមពានរង្វាន់«តេជោលីគ» នឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ ២១ ខែមករា៕