កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ថាកីឡាករ-ការរិនីការ៉ាតេ ចូលរួមប្រកួតកើនឡើង ខណៈវិវាទថយចុះ
× ចំនួនក្លិប សមាគម កីឡាករ និងកីឡាការិនី កីឡាការ៉ាតេ ចូលរួមប្រកួតប្រជែងមានការកើនឡើង ខុសពីការប្រកួតឆ្នាំកន្លងទៅ ខណៈការប្រកួតកាត់បន្ថយបញ្ហាវិវាទ ព្រោះតែអត្តពលិកមានការយល់ដឹងច្រើន ពីច្បាប់ និងវិន័យក្នុងការប្រកួត។ នេះជាការលើកឡើងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេ ក្នុងកម្មវិធីបិទការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣។
នាថ្ងៃទី១៤ ខែមករា នៅសាលកីឡាសកលវិទ្យាល័យភូមិន្ទភ្នំពេញ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយការប្រកួតរយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១២ ខែមករា។
បើតាមសេចក្តីថ្លែងការណ៍ក្រោយការប្រកួត លោក វ៉ាត់ ចំរើន បានកត់សម្គាល់អំពីការកាត់បន្ថយបញ្ហាជម្លោះផ្សេងៗនៅក្នុងការប្រកួត ព្រមទាំងការចូលរួមប្រកួតកើនឡើងយ៉ាងគគ្រឹកគគ្រេងពីសំណាក់ក្លិប និងសមាគម ទូទាំងប្រទេស។
«ការប្រកួតលើកនេះ យើងកាត់បន្ថយបាននូវបញ្ហាយ៉ាងច្រើន។ ពីមួយឆ្នាំទៅមួយឆ្នាំ ការយល់ដឹងអំពីបទបញ្ជាការប្រកួត ការយល់ដឹងពីក្រមសីលធម៌កីឡាក្នុងការប្រកួត គឺកាន់តែរីកចម្រើន ហើយកាន់តែទទួលការចូលរួមចំណែកសហការពីសំណាក់គ្រួសារការ៉ាតេ គ្រូបង្វឹក មន្រ្តីកីឡា និងកីឡាករ ចំពោះវិន័យ និងក្រមសីលធម៌កីឡា។ នេះជាសញ្ញាល្អក្នុងការអភិវឌ្ឍវិស័យកីឡាការ៉ាតេ។»។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
លើសពីនេះលោក អគ្គលេខាធិការសហព័ន្ធការ៉ាតេ ក៏បាននាំយកពាក្យផ្តាំផ្ញើរបស់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់ក្រុមកីឡាករ គ្រូបង្វឹក ព្រមទាំងក្លិប និងសមាគមដែលចូលរួមការប្រកួតទាំងអស់ ពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីចូលរួមអភិវឌ្ឍលើវិស័យកីឡាការ៉ាតេ។
បន្ថែមពីនេះ លោក វ៉ាត់ ចំរើន ក៏បានផ្តាំផ្ញើឱ្យមានការត្រៀមលក្ខណៈបច្ចេកទេសឱ្យបានខ្ពស់ សម្រាប់ត្រៀមទៅកាន់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ឱ្យបានល្អជាពេលការប្រកួតស៊ីហ្គេមនៅកម្ពុជា។
ការប្រកួតការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ មានក្លិបនិងសមាគមចូលរួមចំនួនសរុប ២៥ មកពីទូទាំងប្រទេស ហើយដែលមានកីឡាករ កីឡាការិនី និង គ្រូបង្វឹក ចូលរួមចំនួនសរុប ១៩៥នាក់។ ក្នុងចំណោមក្លិប និងសមាគមទាំង ២៥ លទ្ធផលបានទៅលើក្លិបក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ សរុបដល់ទៅ ២៦គ្រឿង, ក្រសួងសេដ្ឋកិច្ចនៅចំណាត់ថ្នាក់លេខ ២ ឈ្នះមេដាយ ២១គ្រឿង និងលេខ ៣ បានលើក្លិបក្រសួងមហាផ្ទៃ មេដាយសរុប ១៣គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com