បច្ចុប្បន្ន យុវជន និងក្មេងៗកម្ពុចាជាច្រើន បានចំណាយពេលលើការលេងហ្គេមតាមទូរសព្ទដៃលើសលុប។ លោក ឈាវ បូរ៉ា ម្ចាស់ជើងឯកអុកចត្រង្គអង្គរសង្ក្រាន្ដ និងជាជើងឯកកីឡាអុកចត្រង្គឆ្នាំ២០១៤ និងឆ្នាំ២០១៥ ស្នើអ្នកទាំងនោះ គួរកាត់បន្ថយពេលវេលាលេងហ្គេម ដោយជ្រើសរើសការលេងអុកចត្រង្គ ដែលជាកីឡាប្រពៃណីរបស់កម្ពុជាវិញ។ កីឡាករអុកចត្រង្គរូបនេះ បារម្ភថា កីឡាអុកចត្រង្គ នឹងមិនរីកចម្រើនទេ ប្រសិនជាគ្មានធនធានកីឡាករ-កីឡាការិនីថ្នាលបន្ដវេន។
អុក គឺជាប្រភេទកីឡាមួយប្រភេទ ដែលត្រូវបានដាក់ក្នុងការប្រកួតអន្ដរជាតិនានា ហើយកីឡាអុក ដែលបានប្រកួតកន្លងទៅ មានដូចជាអុកអន្ដរជាតិ អុកចិន ជាដើម។ រីឯកីឡាអុកចត្រង្គ កម្ពុជា បានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះ គឺជាលើកដំបូង ដែលកីឡាប្រពៃណី ឬកីឡាអត្ដសញ្ញាណជាតិកម្ពុជាមួយនេះ បានដាក់ប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ។
លោក ឈាវ បូរ៉ា ម្ចាស់មេដាយប្រាក់កីឡាអុកចត្រង្គព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានប្រាប់សារព័ត៌មានថ្មីៗថា កីឡាមួយនេះ គួរតែត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា ដើម្បីឲ្យមានការពង្រឹង និងពង្រីកធនធាន ព្រោះបើទោះជាកីឡានេះជារបស់ជាតិ ប៉ុន្ដែមិនសូវមានប្រជាប្រិយភាពទេ។ អុកចត្រង្គ អាចប្រឈមបាត់បង់ប្រសិន ដូចកាលពី២០ឆ្នាំមុន ដែលស្ទើរតែគ្មាន មនុស្សស្គាល់ និងចេះលេង។
«២០ឆ្នាំមុន អ្នកលេងអុក ដឹងតែគេអត់មើលមុខតែម្ដង ព្រោះគេមានផ្នត់គំនិតមួយថាអត់ប្រយោជន៍។ យើងនិយាយទៅ ពេលនោះ គឺបែបនេះ ឲ្យតែបានលេងអុក ភ្លេចបាយ ភ្លេចទឹក ភ្លេចធ្វើការងារ។ ហើយសព្វថ្ងៃ ផ្នត់គំនិតនោះ បានផ្លាស់ប្ដូរមកវិញ ដោយសារយើងមើលទៅជុំវិញពិភពលោក ប្រទេសណាក៏ឲ្យតម្លៃអុកដែរ។ យើង នាំគ្នាមកលេងអុកជាការកម្សាន្ដ ដើម្បីបំបាត់ភាពតានតឹង និងបង្កើនបញ្ញានៃការគិត។»។ លោក ឈាវ បូរ៉ា បានននិយាយដូច្នេះ។
ម្ចាស់ជើងឯកថ្នាក់ជាតិ ២សម័យរូបនេះ មានមោទកភាព ដោយសារដូនតាខ្មែរ បានបង្កើតកីឡានេះ ជាការកម្សាន្ដ និងបន្សល់ដល់បច្ចុប្បន្ន ហើយបើទោះជាភស្ដុតាងទាំងនោះ មិនមានការចងក្រងជាក្បួនច្បាប់បានល្អក៏ដោយ ប៉ុន្ដែចម្លាក់បតាមប្រាង្គប្រាសាទ បានបញ្ជាក់យ៉ាងច្បាស់អំពីអុកចត្រង្គខ្មែរ។ លោក ឈាវ បូរ៉ា សង្ឃឹមថានឹងមានការចូលរួមថែរក្សាពីអ្នកជំនាន់ក្រោយ ឲ្យបានច្រើន ព្រោះជាការថែមរតកដូនតា។
លោក បូរ៉ា ក៏បានបន្ថែមថា ក្មេងៗ និងយុវជនមួយចំនួន គួរតែកាត់បន្ថយពេលវេលាលេងហ្គេមលើទូរសព្ទដៃ ហើយមកចំណាយពេលខ្លះ ហ្វឹកហាត់កីឡាអុកចត្រង្គ ព្រោះបច្ចុប្បន្នកីឡានេះ មិនសូវមានធនធានកីឡាករ-កីឡាការិនីឡើយ។ បើទោះជា រយៈពេល៥ឆ្នាំចុងក្រោយនេះ សមត្ថភាព នៃការលេងរបស់កីឡាករកាន់តែខ្លាំង ប៉ុន្ដែនោះ មិនបានបង្ហាញចីរភាព នៃវិស័យកីឡានេះឡើយ ប្រសិនជាគ្មានធនធានអ្នកជំនានក្រោយបន្ដវេន។
លោក ឈាវ បូរ៉ា បានរៀបរាប់ដូច្នេះថា៖«៥ឆ្នាំចុងក្រោយនេះ បើយើងនិយាយពីធនធានកីឡាករ-កីឡាការិនី គឺមិនសូវជាច្រើនប៉ុន្មានទេ បើទោះជាកើនមែន ប៉ុន្ដែស្ថិតក្នុងស្ថានភាពមួយ ដែលតិចបំផុត។ សមត្ថភាពរបស់កីឡាករ-កីឡាការិនីម្នាក់ៗ កើនឡើង ប៉ុន្ដែមិនកើនឡើងចំនួនធនធានឡើយ។ ខ្ញុំ ឃើញកុមារនាពេលបច្ចុប្បន្ន នាំគ្នាចំណាយពេលលេងហ្គេមច្រើន។ ខ្ញុំ សង្ឃឹមថាឪពុកម្ដាយ ឬអាណាព្យាបាល ណែនាំកូនៗរបស់គាត់ពីការលេងហ្គេម ហើយប្តូរមកលេងកីឡាអុកចត្រង្គ ដែលជារបស់ខ្មែរយើងជំនួសវិញ ព្រោះយើងត្រូវការពង្រឹង និងពង្រីកអ្វីដែលជារបស់ជាតិ។»។
ជាមួយនិងការលេងអុក លោកបូរ៉ា បានប្រាប់ពីអត្ថប្រយោជន៍ខ្លះ ដែលមានដូចជា៖ បង្កើតបញ្ញា ក្នុងការគិត និងឲ្យជាមនុស្សមានរបៀប, មានសមាធិ ព្រោះមានស្មារតីនឹងធឹង និងមានភាពអត់ធ្មត់ច្រើន មិនឆេវឆាវ ក្នុងពេលដោះស្រាយបញ្ហា៕