កីឡាជាតិ
ជាតិ
លោក ងិន សុខបញ្ញា ចាត់ទុកការប្រកួតអគ័តត្លុងជើងឯកសាលា ជាការបណ្ដុះធនធានយ៉ាងសំខាន់
22, Jan 2024 , 7:39 pm        
រូបភាព
កុមារចូលរួមប្រកួតក្នុងកីឡាអគ័តត្លុងជើងឯកសាលា ឆ្នាំ២០២៤
កុមារចូលរួមប្រកួតក្នុងកីឡាអគ័តត្លុងជើងឯកសាលា ឆ្នាំ២០២៤
ការប្រកួតអគ័តត្លុងជើងឯកសាលា លើកទី១ មានកុមារ និងយុវជន ២៧០នាក់ចូលរួម លើវិញ្ញាសាប្រកួត ចំនួន៨ប្រភេទ។ លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា មានសុទិដ្ឋិនិយមថា ការប្រកួតនេះ ជាការបណ្ដុះធនធានអត្ដពលិកថ្នាល សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។



លោក ងិន សុខបញ្ញា បានបញ្ជាក់ប្រាបសារព័ត៌មានថ្មីៗ ថា ការប្រកួតនេះ អាចជួយឱ្យសហព័ន្ធ មើលទេពកោសល្យកីឡាករ កីឡាការិនីក្មេងៗ ដើម្បីប្រមូលចូលជម្រើសជាតិ ជាពិសេសបំប៉ន ការហ្វឹកហាត់ និងសម្រួចសមត្ថភាពពួកគេថែមទៀត។ សម្រាប់ការប្រកួតនេះ មានកុមារា-កុមារី និងយុវជន ចាប់ពីអាយុ ៦ដល់១៧ឆ្នាំ សរុបចំនួន ២៧០នាក់ នៅពហកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។
 

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ថា៖«នេះ គឺជាការផ្សព្វផ្សាយមួយ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ហើយយើង ក៏អាចមើលលើធនធានកីឡាករ-កីឡាការិនីរបស់យើង ដែលចូលរួមផងដែរ។ យើង មិនមានអីខាតទេ ព្រោះយើងផ្សព្វផ្សាយពីកីឡាផង ហើយបង្ហាញពីការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ីផង។ 
 
គួរបញ្ជាក់ផងដែរថា វិញ្ញាសា នៃការប្រកួតអាគ័ត្លុងជើងឯកសាលា លើកទី១ មានដូចជា៖ ហែលទឹក ៥០ម៉ែត្រ និងរត់ ៤០០ម៉ែត្រ, ហែលទឹក ១០០ម៉ែត្រ និងរត់ ៨០០ម៉ែត្រ, ហែលទឹក ៣០០ម៉ែត្រ និងរត់ ១៨០០ម៉ែត្រ, ហែលទឹក ៥០០ម៉ែត្រ និងរត់ ២៧០០ម៉ែត្រ៕
 
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា

 

Tag:
 ទ្រីយ៉ាត្លុង
  អគ័តត្លុង
  ងិន សុខបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com