កីឡាជាតិ
ជាតិ
សមាគមកីឡាជឺជីតស៊ូក្រសួងសេដ្ឋកិច្ច ដណ្ដើមមេដាយមាសថ្នាក់ជាតិ៥ ច្រើនជាងគេ
23, Jan 2024 , 2:06 pm        
រូបភាព
ការប្រកួតកីឡាជឺជិតស៊ូ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣
ការប្រកួតកីឡាជឺជិតស៊ូ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣
សមាគមកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយមាសចំនួន៥ ដែលជាចំនួនច្រើនជាងគេ ពីការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៣។ លោក ជឹម ធារ៉ា អគ្គហេរញ្ញិករងសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា យល់ថាសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនី រីកចម្រើនជាងលើកទី១ ដោយសាតែអ្នកទាំងនោះ ទទួលបានបទពិសោធន៍ពីការចូលរួមប្រកួតជាច្រើន រួមផ្សំនិងគ្រូបង្វឹកមានបទពិសោធន៍ និងទេពកោសល្យក្នុងការបង្ហាត់។

 
ការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៣ ដែលធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៤ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានអ្នកចូលរួមសរុប ចំនួន២០៨នាក់ ក្នុងនោះ កីឡាករ ៨៩នាក់, កីឡាការិនី ៣៥នាក់, ប្រតិភូដឹកនាំ ៩នាក់ និងមន្ដ្រីដឹកនាំ ៦០នាក់។ កីឡាករ-កីឡាការិនីទាំងនោះ មកពីបណ្ដាល ៩សមាគម-ក្លិប នៃកីឡាជឺជិតស៊ូ មានដូចជា៖ សមាគមកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, សមាគមកីឡាជឺជីតស៊ូ ក្រសួងមហាផ្ទៃ, សមាគមកីឡាជឺជីតស៊ូ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, ក្លិបគីរីជឺជីតស៊ូ (KIRI JIU JITSU), ក្លិបឱកាសប្រ៊ូជីក (AOKAS PROJECT), ក្លិបនាគរាជជឺជីតស៊ូ (NEAK REACH JU JITSU), ក្លិបម៉នស្ទើវ៉ាយវ៉េកតូរី (MONSTER FIGHT FACTORY), ក្លិបចតុមុខជឺជីតស៊ូ (CHAKTOMUK JU JITSU) និងក្លិបស្ទឺងត្រែងយូដូ។ 
 
ឆ្លងកាត់ការប្រកួតពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៣ សមាគមកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទទួលបានចំណាត់ថ្នាក់ទី១ ដោយដណ្ដើមបានមេដាយសរុប៨ ក្នុងមាស៥ ប្រាក់១ និងសំរិទ្ធ២ តាមពីក្រោយដោយ ក្លិបគីរីជឺជិតស៊ូ មេដាយមាស៤ ប្រាក់៦ និងសំរិទ្ធ១២។ ចំណាត់ថ្នាក់ទី៣ បានទៅលើសមាគមកីឡាជឺជីតស៊ូមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មេដាយមាស៣ ប្រាក់៣ សំរិទ្ធ១ និងចំណាត់ថ្នាក់លេខ៤ ក្លិបចតុមុខជឺជីតស៊ូ ដណ្ដើមបានមេដាយមាស៣, ប្រាក់២ និងសំរិទ្ធ៨។ រីឯចំណាត់ថ្នាក់លេខ៥ ក្លិបម៉នស្ទើវ៉ាយវ៉េកតូរី ដណ្ដើមបានមេដាយមាស២ ប្រាក់១ និងសំរិទ្ធ៣ ខណៈក្លិបស្ទឹងត្រែងយូដូ លេខ៦ ដណ្ដើមបានមេដាយមាស២ និងសរិទ្ធ១។ លេខ៧ បានទៅសមាគមកីឡាជឺជីតស៊ូ ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយប្រាក់៥ និងសំរិទ្ធ៧ រីឯ លេខ៨ ក្លិបឱកាសប្រ៊ូជីក មេដាយប្រាក់១ សំរិទ្ធ៤។ ដោយឡែក ក្លិបនាគរាជជឺជីតស៊ូ មិនដណ្ដើមបានមេដាយណាមួយឡើយ។
 
លោក ជឹម ធារ៉ា បានថ្លែងក្នុងពិធីបិទការប្រកួតនេះថា ចំនួននៃអ្នកចូលរួមប្រកួត មានការកើនឡើងជាងមុន បើធៀបទៅឆ្នាំ២០២២ ដែលជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១។ ជាមួយនៃការកើនឡើងនៃអ្នកចូលរួម អគ្គហេរញ្ញិករូបនេះ សង្កេតឃើញថា សមត្ថភាពរបស់អត្ដពលិកចូលរួមទាំងអស់មានការរីកចម្រើនខ្លាំង ហើយការរីកចម្រើនេះ គឺដោយសារពួកគេប្រឹងប្រែងហ្វឹកហាត់ គួបផ្សំមានគ្រូបច្ចេកទេស និងគ្រូបង្វឹកដែលមានគុណភាព ក្នុងការបង្វឹក ផងដែរ៕

Tag:
 ជឺជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com