កីឡាជាតិ
ជាតិ
អនុប្រធានសហព័ន្ធចំបាប់កម្ពុជា ចង់ឱ្យក្រសួងអប់រំ បញ្ចូលកីឡាក្នុងកម្មវិធីសិក្សា
23, Jan 2024 , 9:59 pm        
រូបភាព
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ចង់ឃើញសហព័ន្ធកីឡាទាំងអស់ក្នុងប្រទេសកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលប្រភេទកីឡាទាំងអស់នៅតាមសាលារៀន គ្រប់ខេត្តក្រុង។



លោក Barnett យល់ថា ការបញ្ចូលកីឡាក្នុងកម្មវិធីសិក្សានេះ ដើម្បីបណ្តុះស្មារតីដល់សិស្ស និងយុវជនចូលរួមប្រកួតប្រជែង និងចេះអំពីកីឡា ជាពិសេសអាចឱ្យពួកគេសម្រេចគោលដៅអនាគត ឬភាពអត់ធ្មត់ផ្នែកស្មារតីផ្លូវចិត្ត ចំពោះការបំពេញការងារផ្សេងៗ។
 
«បាទ តាមអនុសាសន៍ររបស់យើងមិនមែនសម្រាប់តែសហព័ន្ធកីឡាចំបាប់តែមួយទេ យើងចង់ឃើញសហព័ន្ធ និងកីឡាទាំងអស់សហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលកីឡាក្នុងកម្មវិធីសិក្សា ឱ្យយុវជននៅតាមសាលាគ្រប់ខេត្តក្រុង មានឱកាសចូលរួមប្រកួតកីឡា និងចេះពីកីឡា។ ចេះរៀនចំពោះការខិតខំប្រឹងប្រែង ដើម្បីសម្រេចបានគោលដៅ ឱ្យចេះធ្វើការជាក្រុម ការដោះស្រាយបញ្ហានិងការអប់រំចិត្តវិទ្យាមួយដែលនឹងផ្តល់បទពិសោធន៍ដល់យុវជនផ្នែកស្មារតីផ្លូវចិត្ត។»។ លោក Casey Bernett ប្រាប់មកកាន់សារព័ត៌មានថ្មីៗ នៅក្នុងកម្មវិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក ឆ្នាំ ២០២៣ នៅថ្ងៃទី២១ ខែមករា។
  


លោក Barnett អំពាវនាវឱ្យយុវជនចូលរួមលេងកីឡាចំបាប់ឱ្យបានកាន់តែច្រើនថែមទៀត។ អនុប្រធានសហព័ន្ធកីឡាចំបាប់ ក៏បានបញ្ជាក់ពីគោលដៅក្នុងការប្រជែងមេដាយពីចន្លោះ ៨ ទៅ ១០ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ប្រទេសថៃ ផងដែរ។
 
ជាលទ្ធផលបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិកីឡាចំបាប់ ឆ្នាំ ២០២៣ មានក្លិប និងសមាគមចូលរួមចំនួន​ ១០​ មកពីបណ្តារាជធានីខេត្ត ក្នុងនោះសមាគមក្រសួងមហាផ្ទៃបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដា៣០ (មាស៨, ប្រាក់៩ និងសំរិទ្ធិ១៣) លេខ ២ ក្លិបគិរីបារមី ដំរីមានរិទ្ធ ខេត្តកំពង់ឆ្នាំង មេដាយសរុប៣ (មាស១, ប្រាក់១ និងសំរិទ្ធិ១) និងលេខ ៣ ក្លិបយាយព្រីងមានរិទ្ធ ខេត្តកំពង់ឆ្នាំ មេដាយចំនួន ២ (មាស១ និងប្រាក់១)៕





Tag:
 ចំបាប់
© រក្សាសិទ្ធិដោយ thmeythmey.com