ជាតិ
ពលរដ្ឋខ្មែរខ្លះ មិនជាប់សែស្រឡាយ និយមសែនចិន?
09, Feb 2024 , 2:29 pm        
រូបភាព
ភ្នំពេញ៖ ពិធីសែនចិន ជាប្រពៃណីរបស់ប្រជាពលរដ្ឋចិន និងកូនខ្មែរកាត់សែស្រឡាយចិន។ ប៉ុន្តែបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរខ្លះ ដែលមិនជាប់សែស្រឡាយចិន ក៏រៀបចំពិធីសែន នៅក្នុងរដូវចូលឆ្នាំចិន-វៀតណាម។ នោះក៏ព្រោះតែពួកគេ ជឿថាការសែនចិន នឹងជួយឱ្យពួកគេរកសុីធូរធារ។ 



៥ឆ្នាំហើយ ដែលលោក សឿង សុវណ្ណា បានប្រារព្ធពិធីសែនចិន។ ដ្បិតមិនជាប់សែស្រឡាយចិន តែបុរសខេត្តតាកែវរូបនេះ បានទម្លាប់​​​រៀបចំ​រណ្ដាប់​សែនចិន ព្រោះ​ជឿ​ថា ការសែន​កុងម៉ា ឬជីដូនជីតា តាមក្បួនចិននេះ គឺជួយឱ្យខ្លួនរកស៊ីមានបាន​។ «សែន​កាន់​តែ​ធំ រក​ស៊ី​កាន់​តែ​មាន​បាន»។ នេះជាការយល់ឃើញរបស់លោក សុវណ្ណា ។
 
ចំពោះការសែនចិននេះ តាមក្បួន និងជំនឿរបស់ជនជាតិចិន ក៏មានការត្រណម នៅក្នុងគ្រួសាររបស់ពួកគេដែរ។ ប៉ុន្តែគ្រួសារលោក សុវណ្ណា មិនមានត្រណមអ្វីនោះទេ ដ្បិតរៀបចំរណ្ដាប់សែនចិនដែរ។ «ខ្ញុំភាគច្រើនសែនចន្លោះម៉ោង ៩ ទៅម៉ោង១១ព្រឹក។ ឆ្នាំនេះខ្ញុំសែនធំជាងឆ្នាំមុនៗ ដោយសារសែនកាន់តែធំ វានាំលាភចូលក្នុងគ្រួសាររបស់ខ្ញុំកាន់តែល្អ និងរកស៊ីធូរធារ»។ នេះជាការលើកឡើងរបស់លោក សុវណ្ណា។ 
 
គ្រួសារលោក សុវណ្ណា ពិតជាមានជំនឿខ្លាំងលើការសែនចិននេះ យ៉ាងពិតប្រាកដ។ បុរសវ័យ៥៦ឆ្នាំរូបនេះ ថែមទៀតជឿជាក់ទៀតថា ការសែនចិននេះ នឹងជួយកាត់ឆុងរបស់ក្រុមគ្រួសារខ្លួន ឱ្យចាកផុតគ្រោះទាំងឡាយ ហើយមានសំណាងល្អនៅឆ្នាំថ្មី។ សម្រាប់បុរសសម្បុរស្រអែមរូបនេះ ជំនឿសែនចិន មិនមែនជារឿងលេងសើចនោះទេ។ 
 
លោក សុវណ្ណា ក៏មិនខ្វល់ពីអ្នកដទៃ រិះគន់លោកពីរឿងសែនចិននេះទេ ព្រោះលោកយល់ថា ពលរដ្ឋខ្មែរមួយចំនួន ក៏មានជំនឿលើការសែនកាត់ឆុង ដូចរូបខ្លួនផងដែរ។ អ្នកស្រុកបាទី ខេត្តតាកែវរូបនេះ បានបន្ថែមថា៖«ខ្ញុំមិនខ្មាសគេនិយាយអ្វីនោះទេ ព្រោះសម័យនេះគេធ្វើបែបនេះច្រើនណាស់ មិនមែនតែខ្ញុំនោះទេ»។ 
 
មិនខុសពីលោក សឿង សុវណ្ណា នោះទេ អ្នកស្រី ទូច ចាន់ឌី  ក៏សែនចិនជិត៩ឆ្នាំមកហើយ។ អ្នកស្រី ទូច ចាន់ឌី និយាយថា៖ «ខ្ញុំមិនមែនកូនកាត់ចិនទេ ខ្ញុំខ្មែរសុទ្ធ មូលហេតុសែនចិន ឬកាត់ឆុងនេះ ដោយសារតែមុខរបររកស៊ីរបស់ខ្ញុំធ្លាក់ចុះខ្លាំងពេក ខ្ញុំក៏ទៅមើលហុងស៊ុយ គេឱ្យសែន ទើបខ្ញុំសែនជាប់រហូតមក»។ 
 
អំឡុងពេលសែនចិនដំបូងៗ អ្នកភូមិ ឬបងប្អូន បានចោទជាសំនួរបែបមិនពេញចិត្ត មកកាន់អ្នកស្រី ចាន់ឌី ថា តើសែនចិនដើម្បីអ្វី? ឬសែនតាមគ្នាមែន? ហេតុអ្វីទៅជឿជំនឿសែនចិន? តែយ៉ាងណា អ្នកស្រី ចាន់ឌី មិនខ្វល់ការលែបខាយទាំងនេះទេ ដោយនៅតែប្រកាន់ភ្ជាប់ការសែនចិន។ នោះក៏ព្រោះ​ អ្នកស្រី ចាន់ឌី គិតថា ការសែនចិននេះ បានធ្វើឱ្យជីវភាពក្រុមគ្រួសារខ្លួនប្រសើរជាងមុន ទាំងការប្រកបមុខរបរ និងសុខភាព។ 
 
រាល់ឆ្នាំក្រុមគ្រួសារ អ្នកលក់បាយម្ហូបនៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវរូបនេះ តែងនាំគ្នាអបអរសាទរបុណ្យចូលឆ្នាំចិន តាមរយៈការរៀបចំផ្ទះសម្បែង តុបតែងលម្អផ្កាផ្ញី ភ្លើងពណ៌ និងរៀបចំម្ហូបអាហារផ្លែឈើសែនដូនតាជាដើម។ ដ្បិតអ្នកស្រី ចាន់ឌី មានជំនឿ ឬគោរពទំនៀមទម្លាប់សែនចិនក្តី តែអ្នកស្រីក៏ប្រាប់ឱ្យពលរដ្ឋគិតពិចារណាថា តើពិធីបុណ្យនេះ សំខាន់សម្រាប់ខ្លួនកម្រិតណាដែរ? ព្រោះត្រូវចំណាយពេលវេលា និងថវិកា មិនមែនចេះតែធ្វើ ឬជឿមិនពិចារណានោះទេ។ 

Tag:
 សែនចិន
© រក្សាសិទ្ធិដោយ thmeythmey.com