ជាតិ
ក្រសួងឧស្សាហកម្ម រៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៤
× ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៤-២៦ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវានេះ នឹងប្រារព្ធឡើងក្រោម អធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងឧស្សាហកម្ម ចុះថ្ងៃទី៩ កុម្ភៈ។
ក្រសួងឧស្សាហកម្ម ឱ្យដឹងទៀតថា ទិវាជាតិវិទ្យាសាស្ត្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោម ប្រធានបទ«សហគ្រាសធុន តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលដៅបំផុសចលនាឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតកម្ម និង ផលិតភាពរបស់ខ្លួន និងពន្លឿន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្ម ជំនាន់ទី៤។
កម្មវិធីសំខាន់ៗ ដែលនឹងត្រូវរៀបចំឡើងក្នុងទិវាជាតិនេះ រួមមាន ពិព័រណ៍បច្ចេកវិទ្យា និង គ្រឿងឧបករណ៍កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់ វិស័យ សាធារណៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com