រដ្ឋាភិបាលម៉ិកស៊ិក បានសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាឌ័រ បន្ទាប់ពីប៉ូលិសអេក្វាឌ័រចូលស្ថានទូតម៉ិកស៊ិក ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រ។ ទង្វើរបស់អេក្វាឌ័រ ដែលឈានដល់ប្រើកម្លាំងចូលស្ថានទូតបរទេសបែបនេះ បង្កការភ្ញាក់ផ្អើលខ្លាំង ដោយម៉ិកស៊ិកចោទថា ជាការបំពានអនុសញ្ញាក្រុងវីយែនស្ដីពីទំនាក់ទំនងការទូត។
ប៉ូលិសអេក្វាឌ័រ នៅល្ងាចថ្ងៃទី៥ ខែមេសាបានទម្លុះទ្វារខាងក្រៅនៃស្ថានទូតម៉ិកស៊ិកក្នុងរដ្ឋធានីគីតូ ដើម្បីចាប់ខ្លួនលោក Jorge Glas ដែលជាអតីតអនុប្រធានាធិបតីអេក្វាឌ័រ។ លោក Glas បានស្នាក់នៅក្នុងស្ថានទូតម៉ិកស៊ិកតាំងពីខែធ្នូ បន្ទាប់ពីបានស្វែងរកសិទ្ធិជ្រកកោននយោបាយ ក្រោយត្រូវបានចោទប្រកាន់ពីបទពុករលួយ។
ការវាយឆ្មក់នេះ ក៏នាំឱ្យប្រធានាធិបតីម៉ិកស៊ិក Andrés Manuel López Obrador ប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាឌ័រនៅថ្ងៃដដែល។ ម៉ិកស៊ិក ក៏មានបំណងយករឿងទៅតវ៉ានៅតុលាការអន្តរជាតិក្រុងឡាអេដែរ។
«វាមិនអាចទៅរួចនោះទេ។ វាមិនអាចឡើយ។» លោក Roberto Canseco ប្រធានផ្នែកកុងស៊ុលនៃស្ថានទូតម៉ិកស៊ិកក្នុងទីក្រុងគីតូ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅខាងក្រៅស្ថានទូតភ្លាមៗបន្ទាប់ពីការវាយឆ្មក់។ លោកព្រួយបារម្ភពីសុវត្ថិភាពរបស់លោក Glas ដែរ។
នៅថ្ងៃទី៦ ខែមេសា លោក Glas ត្រូវនាំចេញពីអគ្គរដ្ឋអាជ្ញាទៅកាន់ទីក្រុងកំពង់ផែ Guayaquil ជាកន្លែងដែលលោកនឹងបន្តឃុំខ្លួននៅពន្ធនាគារដែលមានសន្តិសុខកម្រិតខ្ពស់។ លោកស្រី Sonia Vera មេធាវីលោក Glas បានប្រាប់ទីភ្នាក់ងារព័ត៌មាន The Associated Press ថា ប៉ូលិសប្រើកម្លាំងបាយដាក់លោក Glas ដែលព្យាយាមតដៃ។
ពាក់ព័ន្ធរឿងនេះ អាជ្ញាធរអេក្វាឌ័រ កំពុងស៊ើបអង្កេតលោក Glas ជុំវិញភាពមិនប្រក្រតីក្នុងការចាត់ចែងការងាររបស់លោកបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាក្នុងឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្សរាប់រយនាក់។ អតីតអនុប្រធានាធិបតីរូបនេះ ត្រូវបានកាត់ទោសពីបទស៊ីសំណូក និងបទពុករលួយក្នុងករណីផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអេក្វាឌ័រ Gabriela Sommerfeld ប្រាប់អ្នកយកព័ត៌មានដែរថា ការសម្រេចចិត្តចូលស្ថានទូតម៉ិកស៊ិកត្រូវបានធ្វើឡើងដោយប្រធានាធិបតី Daniel Noboa បន្ទាប់ពីបានពិចារណាអំពីលទ្ធភាពដែលលោក Glas អាចហោះទៅក្រៅប្រទេស ហើយការចរចាជាមួយម៉ិកស៊ិកក៏មិនបានផល។
ម៉ិកស៊ិក បានផ្តល់សិទ្ធិជ្រកកោនឱ្យលោក Glas ប៉ុន្មានម៉ោងមុនពេលការវាយឆ្មក់។ លោក Sommerfeld បាននិយាយថា ការធ្វើបែបនេះមិនស្របច្បាប់ទេក្នុងការផ្តល់សិទ្ធិជ្រកកោនដល់មនុស្សដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មទូទៅពីសំណាក់តុលាការមានសមត្ថកិច្ច។
យ៉ាងណាមិញ លោកស្រី Alicia Bárcena រដ្ឋមន្រ្តីការបរទេសម៉ិកស៊ិក បានបង្ហោះលើបណ្ដាញសង្គមX ថាអ្នកការទូតម៉ិកស៊ិកមួយចំនួនបានរងរបួសក្នុងអំឡុងពេលវាយឆ្មក់នេះ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។
តាមអនុសញ្ញាវីយែន បរិវេណការទូតត្រូវបានចាត់ទុកថាជាដីបរទេស ហើយមិនអាចបំពានបានឡើយ។ លើសពីនេះ ភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសម្ចាស់ផ្ទះ មិនអាចចូលដោយគ្មានការអនុញ្ញាតពីឯកអគ្គរដ្ឋទូតឡើយ៕