អន្តរជាតិ
ប្រមុខការទូតចិនត្រៀមខ្លួនធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្ត
22, Apr 2024 , 10:39 am        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) ចាប់ដៃជាមួយសមភាគីកម្ពុជា លោកសុខ ចិន្តាសោភា នៅក្រុងភ្នំពេញ ក្នុងថ្ងៃទី២១ ខែមេសា។ រូបភាពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ឆ្វេង) ចាប់ដៃជាមួយសមភាគីកម្ពុជា លោកសុខ ចិន្តាសោភា នៅក្រុងភ្នំពេញ ក្នុងថ្ងៃទី២១ ខែមេសា។ រូបភាពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ចិន មានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឱ្យស៊ីជម្រៅទំនុកចិត្តទៅវិញទៅមកប្រកបដោយយុទ្ធសាស្រ្ត, ពង្រឹងការរួបរួម និងកិច្ចសហប្រតិបត្តិការ និងលើកតម្កើងពីការអភិវឌ្ឍដ៏ខ្លាំង ក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា។ ប្រមុខការទូតចិន លោកវ៉ាង យី បានប្រាប់សមភាគីកម្ពុជា​ លោកសុខ ចិន្តាសោភា បែបនេះ នៅថ្ងៃទី២១ ខែមេសា។


 
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដោយផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា លោកវ៉ាង យី នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស និងរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងជាថ្មីពីការលើកតម្កើងការអភិវឌ្ឍសហគមន៍ដែលមានអនាគតរួមគ្នា។
 
«ចិន មានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត, ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ, ពង្រឹងមូលដ្ឋានផលប្រយោជន៍ទៅវិញទៅមក និងលើកតម្កើងពីការអភិវឌ្ឍក្នុងការកសាងសហគមន៍ចិន និងកម្ពុជា ដែលមានអនាគតរួមគ្នា»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីលោកវ៉ាងបែបនេះ នៅក្នុងជំនួបជាមួយសមភាគីកម្ពុជា លោកសុខ ចិន្តាសោភា នៅថ្ងៃទី២១ ខែមេសា។
 
បើតាមលោកវ៉ាង ភាគីទាំងពីរ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន, ធ្វើឱ្យប្រសើរឡើងលើការរួបរួម និងកិច្ចសហប្រតិបត្តិការ រួមទាំងលើកតម្កើងពីការផ្តោះប្តូរប្រជាជន និងប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការបែបពហុភាគី។ ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើឱ្យភាគីទាំងពីរមានការស៊ីសង្វាក់គ្នា និងអភិវឌ្ឍរួមគ្នាលើវិស័យចំនួន ៦ដូចជា នយោបាយ, ផលិតកម្ម, សមត្ថភាព, កសិកម្ម, ថាមពល,​ សន្តិសុខ និងការផ្តោះប្តូរប្រជាជន និងប្រជាជន។ 
 
ជាការឆ្លើយតប លោកសុខ ចិន្តាសោភា ដែលជាឧបនាយករដ្ឋមន្រ្តីផងនោះ បានបញ្ជាក់ពីការរំពឹងទុកលើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយចិន និងស្វាគមន៍អ្នកវិនិយោគចិន ជាច្រើនបន្ថែមទៀត មករកស៊ីនៅកម្ពុជា។
 
នៅចំពោះមុខលោកវ៉ាង លោក សុខ ចិន្តាសោភា បានបង្ហាញពីកាយវិការមិនយល់ស្របនឹងការលូកដៃរបស់កម្លាំងបរទេសនៅក្នុងតំបន់។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយចិន និងធានាឱ្យតំបន់អាស៊ីបូព៌ាមានការអភិវឌ្ឍ រួមទាំងសន្តិភាព និងស្ថិរភាព។ 
 
ក្នុងថ្ងៃដដែលនោះ លោកវ៉ាង ក៏បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីផងដែរ។ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ចិននៅតែជាដៃគូដ៏ទុកចិត្តរបស់កម្ពុជា។ ជាការឆ្លើយតប លោកវ៉ាង បានប្តេជ្ញាថា ចិន នឹងបន្តជាដៃគូដ៏ទុកចិត្ត និងអ្នកគាំទ្រខ្លាំងបំផុតរបស់កម្ពុជា។
 
សូមបញ្ជាក់ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅក្នុងឆ្នាំ២០២៣ មានចំនួន២,២៦ពាន់លានដុល្លារ ដោយកម្ពុជានាំទៅចិនចំនួន ១,៤៧ពាន់លានដុល្លារ ហើយចិននាំមកកម្ពុជាមានចំនួន ១០,៧៨ពាន់លានដុល្លារ៕

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com