ជាតិ
អត្ថបទពាណិជ្ជកម្ម
សាលាអន្តរជាតិនៅកម្ពុជាចំនួន៨ ទទួលបានអាជ្ញាបណ្ណឱ្យប្រើកម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលី
25, Apr 2024 , 10:19 am        
រូបភាព
ភ្នំពេញ៖ កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលី ទៅដល់សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួន៨ ក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២។

ការទទួលស្គាល់នេះ គឺជាចំណុចដ៏សំខាន់ថ្មីមួយសម្រាប់ការអប់រំនៅក្នុងប្រទេសកម្ពុជា ដែលសិស្សានុសិស្ស អាចសិក្សាកម្មវិធីសិក្សារបស់សាលារដ្ឋអូស្រ្តាលីនៅក្នុងប្រទេសបាន និងជាសារ​​បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ឱ្យសិស្សានុសិស្សរបស់ប្រទេសកម្ពុជា នូវបទពិសោធអប់រំលំដាប់ពិភពលោក ស្របតាមស្តង់ដាពិភពលោក។ 
 
ហើយការទទួលស្គាល់នេះ មិនត្រឹមតែមានបង្ហាញពីការយកចិត្តទុកដាក់របស់សាលា ចំពោះឧត្តមភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ផងដែរ ទៅលើការប្តេជ្ញាចិត្ត ក្នុងការផ្តល់ឱ្យសិស្សរបស់ខ្លួននូវការអប់រំមួយ ដែលរៀបចំពួកគេសម្រាប់ភាពជោគជ័យនៅលើឆាកអន្តរជាតិ។ កម្មវិធីសិក្សារដ្ឋអូស្ត្រាលី មានភាពល្បីល្បាញទៅលើវិធីសាស្រ្ត និងភាពម៉ត់ចត់ចំពោះការអប់រំ ដែលផ្តោតលើការជំរុញទៅលើជំនាញនៃការ​ត្រិះរិះ​ពិចារណា (critical thinking) ការច្នៃប្រឌិត (creativity) ជំនាញដោះស្រាយបញ្ហា (problem-solving skills) និងការសិក្សាពេញមួយជីវិត​ (lifelong learning)។
  


សាលាអន្តរជាតិចំនួនប្រាំបី ដែលទទួលបានអាជ្ញាប័ណ្ណកម្មវិធីសិក្សាស្តង់ដារដ្ឋអូស្រ្តាលីគឺ៖
 
1. គ្រប់សាខាសាលា Albert International Academy នៅទីក្រុងភ្នំពេញ
2. សាលា Asia-Pacific Fredfort International School នៅទីក្រុងភ្នំពេញ
3. សាលា Cambridge International School of Cambodia នៅទីក្រុងភ្នំពេញ
4. សាលា GloLink International School Phnom Penh នៅទីក្រុងភ្នំពេញ
5. គ្រប់សាខាសាលា Golden Bridge International School of Phnom Penh នៅទីក្រុងភ្នំពេញ
6. គ្រប់សាខាសាលា PAMA International School នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
7. សាលា Paññāsāstra Young Leader International School នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង
8. គ្រប់សាខាសាលា Westland International School នៅក្រុងតាខ្មៅ ខេត្តកណ្តាល
 


សាលាអន្តរជាតិទាំង៨នេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដាអន្តរជាតិ។ តាមរយៈការដាក់កម្មវិធីសិក្សារដ្ឋអូស្ត្រាលីខាងលិចក្នុងកម្មវិធីសិក្សារបស់ពួកគេ សាលាមានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សរបស់ខ្លួន នូវ​ចំណេះដឹង ជំនាញ និងសមត្ថភាព ដែលចាំបាច់ដើម្បីភាពរីកចម្រើននៅក្នុងយុគសម័យ ឌីជីថល ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងនេះ។ ការអនុវត្តន៍កម្មវិធីសិក្សារដ្ឋអូស្ត្រាលី នៅក្នុងសាលាអន្តរជាតិទាំង៨នៅក្នុងប្រទេសកម្ពុជានេះ ​នឹងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងភាពវិជ្ជមាន ទៅលើវិស័យអប់រំរបស់ប្រទេស។ ​ទាំងអស់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ស្ថាប័នអប់រំ អាជ្ញាធរ នឹងរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្តង់ដានៃការអប់រំ និងផ្តល់ឱ្យសិស្សានុសិស្ស នូវឱកាសសម្រាប់ការសិក្សា និងការរីកចម្រើនផ្ទាល់ខ្លួន។ 
 
សិស្សានុសិស្ស ដែលសិក្សាកម្មវិធីសិក្សាចំណេះទូទៅស្តង់ដាអូស្រ្តាលីនៅប្រទេសកម្ពុជា ក៏អាចមានឱកាសទទួលបានអាហារូបករណ៍ ដំណើរទស្សនកិច្ចសិក្សា ផ្ទេរការសិក្សាទៅកាន់សាលារដ្ឋនានា របស់ប្រទេសអូស្រ្តាលី និងប្រទេសផ្សេងៗលើពីភពលោក ដោយមិនខាតឆ្នាំ ទទួលបានសញ្ញាបត្រថ្នាក់ទី១២អូស្រ្តាលី (ចំណេះដឹងទូទៅ) និងការចូលរួមទទួលសញ្ញាបត្រ ពេលបញ្ចប់ការសិក្សាតាមថ្នាក់នីមួយៗ នៅរដ្ឋអូស្រ្តាលីភាគខាងលិចផងដែរ៕
 
 

















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com