ជាតិ
កម្ពុជា នាំចេញត្រីងៀតជាផ្លូវកា​រលើកដំបូងទៅអូស្រ្តាលី ក្នុងបរិមាណ៤,៧តោន
25, Apr 2024 , 4:19 pm        
រូបភាព
អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ។ រូបពី កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ។ រូបពី កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ កម្ពុជា បាននាំចេញត្រីងៀតជាផ្លូវការ និងលើកដំបូង ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី ក្នុង បរិមាណ៤,៧តោន តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅ​កាត់ថា(CQS)។ នេះបើតាមការឱ្យដឹងពី កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមេសា។



កញ្ញា អ៊ឹម រចនា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កាលពីថ្ងៃ៣ ខែមេសា សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤,៧តោន ទៅកាន់ប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។
 
នេះជាការនាំចេញត្រីងៀតផ្លូវការ និងលើកដំបូងសម្រាប់កម្ពុជាទៅកាន់ទីផ្សារបរទេស។ ត្រីកែច្នៃ ដែលបាននាំចេញនេះមាន៣ប្រភេទ រួមមាន ងៀត ត្រីឆ្អើរ និងត្រីបង្ហើម ដោយដឹកជញ្ជូនតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ ដើម្បីយកទៅលក់នៅអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនេះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសាខាងមុខនេះ។
 
កញ្ញា អ៊ឹម រចនា ប្រាប់ដូច្នេះថា៖«នេះជាការនាំចេញត្រីងៀត ដែលជាផលិតផលរបស់ខ្មែរ​ជាផ្លូវការ និងលើកដំបូងទៅកាន់ទីផ្សារបរទេស។ កន្លងទៅមានការនាំចេញដែរ ប៉ុន្តែវាមិនមែនជាលក្ខណៈផ្លូវការនោះទេ គឺជាសុទ្ធសឹងក្រៅផ្លូវការ ដូចជា ដាក់តាមវ៉ាលិស ជាដើម។ ដូច្នេះ Home Taste Food គឺជាសិប្បកម្មទី១ហើយ ដែលនាំត្រីកែច្នៃរបស់ខ្មែរយើងទៅកាន់ទីផ្សារអូស្រ្តាលីជាផ្លូវការ»។ 
  


Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ។
 
កញ្ញា អ៊ឹម រចនា បានបន្ថែមដូច្នេះថា៖«នៅពេលដែលសហគ្រាស ស្ថិតក្រោម គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលទទួលបានវិញ្ញាបនបត្រ CQS ភាគច្រើនសុទ្ធសឹងអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារបរទេសបាន។ ចំពោះ ការចរចាពាក់ព័ន្ធទីផ្សារ និងដឹកជញ្ជូនបែបណា គឺអាស្រ័យលើម្ចាស់សហគ្រាសខ្លួនឯងផ្ទាល់»។ 
 
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការបោះជំហានដោយជោគជ័យរបស់សហគ្រាស Home Taste Food នៅពេលនេះ។ ក្រសួង នឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាម៉េរិក និងប្រទេសនូវែលសេឡង់នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខ។
 
ជាមួយគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថា ប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាព និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដា សុវត្ថិភាព អនុលោមតាមបទប្បញ្ញត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ៕

Tag:
 អ៊ឹម រចនា
  ស៊ឹម សេរីរ័ត្ន
  ត្រីងៀតខ្មែរ
  Home Taste Food
© រក្សាសិទ្ធិដោយ thmeythmey.com