ជាតិ
JICA ​​ផ្តើមអនុវត្ត និងអភិវឌ្ឍ​​បច្ចេកវិទ្យាកាត់បន្ថយការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ចេញ​ពី​វាល​​ស្រែ​​ នៅ​​​​កម្ពុជា
30, Apr 2024 , 10:25 am        
រូបភាព
រូបភាព៖ ផ្នែកកសិកម្មនៃការិយាល័យចៃកាប្រចាំកម្ពុជា។
រូបភាព៖ ផ្នែកកសិកម្មនៃការិយាល័យចៃកាប្រចាំកម្ពុជា។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន JICA បានចាប់ផ្តើមអនុវត្តគម្រោង​ ថ្មីមួយនៅកម្ពុជា ស្តីពី ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះ កញ្ចក់ ​ដែលភាយចេញពីវាលស្រែ តាមរយៈការបង្កើតឲ្យមានប្រព័ន្ធស្រោចស្រព និងគ្រប់គ្រងទឹកខ្នាតធំ ស្ថិតក្នុងភាគខាងលិចទន្លេសាបនៃប្រទេសកម្ពុជា។

 
​​អង្គការចៃកា (JICA) បញ្ជាក់ថា ​គម្រោងថ្មីនេះ នឹងអនុវត្តវិធីសាស្ត្រខាងលើ​នៅទីតាំងគំរូ​របស់​គម្រោង ដែលស្ថិតនៅក្នុង ខេត្តពោធិ៍សាត់ ដោ​យចាប់ពីខែមេសា ឆ្នាំ​២០២៤ ដល់ខែមីនា ឆ្នាំ​២០២៩​។ «បច្ចេកទេសស្រោចស្រពពន្លិចឆ្លាស់ និងបង្គោក (Intermittent Irrigation) គឺ​ជាវិធីសាស្រ្ត​ដាំដុះ ដែលការស្រោចស្រព ត្រូវបានធ្វើឡើងវិញជាបន្តបន្ទាប់ ក្នុងអំឡុងពេល​នៃការដាំដុះ​ស្រូវ ដោយផ្តល់នូវអុកស៊ីសែនដល់ដី និងកាត់បន្ថយការបំភាយឧស្ម័ន​មេតាន​»​។ អង្គការ JICA បញ្ជាក់ដូច្នេះ។
 
រូបភាព៖ ផ្នែកកសិកម្មនៃការិយាល័យចៃកាប្រចាំកម្ពុជា
 
បើតាម ​ JICA ក្រៅពី​កាត់បន្ថយការបំភាយឧស្ម័នមេតានពី​វាលស្រែ ដោយធ្វើឲ្យការគ្រប់​គ្រង​ទឹក​មានភាព​ប្រ​សើរឡើង និងរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអា​កាស​ធាតុ គម្រោងនេះ ក៏​ដើម្បី​​កាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ តាមរយៈការបង្កើនផលិតភាព​ស្រូវ និង​ប្រាក់​ចំណូល ដោយប្រើប្រាស់ក្របខណ្ឌឥណទានកាបូន។ 
 
ក្រុមស្រាវជ្រាវរួមកម្ពុជា-ជប៉ុន នឹងធ្វើការរួមគ្នាជាមួយកសិករក្នុងតំបន់ ដើម្បីពង្រឹងប្រព័ន្ធ​កសិកម្ម និងចំណីអាហារឲ្យមានភាពបត់បែន និងនិរន្តរភាព តាមរយៈនវានុវត្តន៍ ដើម្បី​ធានាបាននូវសន្តិសុខស្បៀងនៅកម្ពុជា។ អង្គការ JICA បន្ថែមបែបនេះ។
 
 រូបភាព៖ ផ្នែកកសិកម្មនៃការិយាល័យចៃកាប្រចាំកម្ពុជា
 
សូមជម្រាបថា គម្រោងស្តីពី«ការអនុវត្ត និងអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះ កញ្ចក់ ​ដែលភាយចេញពីវាលស្រែនៅតំបន់ភាគខាងលិចទន្លេសាប ប្រទេសកម្ពុជា»ជាផ្នែកមួយនៃកម្មវិធី កិច្ចសហការស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍដោយចីរភាព(SATREPS) ដែលអនុវត្តន៍រួមគ្នាដោយទីភ្នាក់ងារ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជប៉ុន (JST) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន(JICA)។ ស្ថាប័នចូលរួមស្រាវជ្រាវរបស់កម្ពុជា រួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម(RUA) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC៕

Tag:
 បច្ចេកវិទ្យា
  ឧស្ម័នផ្ទះកញ្ចក់
  វាលស្រែ
 ទន្លេសាប
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com