ជាតិ
លោក ហ៊ុន ម៉ានី៖ ព្រះរាជវត្តមាន​​​ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ​​ ផ្តល់ឱកាសឱ្យកូនៗ​បន្តមិត្ត​​ភាពជា​បងប្អូន
30, Apr 2024 , 3:43 pm        
រូបភាព
(ឆ្វេង) ព្រះអង្គ អាប់ ឌុល ម៉ាទីន ព្រះរាជបុត្ររបស់ព្រះចៅស៊ុលតង់ព្រុយណេ និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីទទួលអាហារពេលព្រឹកថ្ងៃទី៣០ មេសា ២០២៤ នៅសណ្ឋាគាររូសវូត រាជធានីភ្នំពេញ។
(ឆ្វេង) ព្រះអង្គ អាប់ ឌុល ម៉ាទីន ព្រះរាជបុត្ររបស់ព្រះចៅស៊ុលតង់ព្រុយណេ និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីទទួលអាហារពេលព្រឹកថ្ងៃទី៣០ មេសា ២០២៤ នៅសណ្ឋាគាររូសវូត រាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ានី ចាត់ទុកព្រះរាជ​ដំ​ណើររបស់​ព្រះ​ចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេស​ប្រ៊ុយណេ ​មកកាន់​ប្រទេស​កម្ពុជា ថាបានបង្ហាញ​ពី​ទំនាក់​ទំនង​បង​ប្អូនដ៏ភក្តី និង​ជិតដិត​ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាដែលជាឪពុក។

​​
នៅ​លើគណនី​ហ្វេសប៊ុក​របស់ខ្លួន លោក ហ៊ុន ម៉ានី ​ មិនត្រឹមបាន​កោតសរសើរ​នូវទំនាក់​ទំនងដ៏ស្និទ្ធស្នាល​របស់ឪពុក និងព្រះចៅ​ស៊ុលតង់ ព្រះមហាក្សត្រនៃប្រទេស​ប្រ៊ុយណេ នោះទេ ប៉ុន្តែ​លោក ​​ក៏ទុកព្រះរាជវត្តមាន​របស់​ព្រះព្រះចៅ​ស៊ុលតង់នៅកម្ពុជានេះ ថាជាការ​ផ្តល់​ឱកា​​ស​ឱ្យ​កូនៗ បន្តមរតកទំនាក់​ទំនាក់ទំនង និងមិត្តភាពជាបងប្អូននេះឱ្យ កាន់តែរឹង​មាំដែរ។ 
 
លោក ហ៊ុន ម៉ានី បញ្ជាក់ដូច្នេះ៖ «ការយាងរបស់ព្រះអង្គ មកកាន់ព្រះរាជា​ណាចក្រកម្ពុជា នា​​ពេលនេះ បាន​បង្ហាញពីទំនាក់ទំនងប្រកបដោយភក្តីភាព និងភាពជិតដិតជាបងប្អូន ក៏ដូច​ជា​​ការផ្តល់​ឱកាស​ដល់យើងខ្ញុំ ដែលជាកូនៗដើម្បីបន្តទំនាក់ទំនង រឹតចំណងមិត្តភាព​ជា​បងជាប្អូននេះ ​បន្តពីមួយជំនាន់ ទៅមួយជំនាន់ឱ្យកាន់តែរឹងមាំ»។ 
 

 
សម្រាប់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចំណងមិត្តភាពដ៏ស្អិត ល្មួត នេះ មិនត្រឹមតែបាន​សបញ្ជាក់​ពីភាតុ​ភាព​រវាងបុគ្គល និងបុគ្គល ដែលជាថ្នាក់ដឹកនាំ ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញ​ពី​អនាគតដ៏សុខដុម ​និងរុងរឿងនៃប្រជាជាតិ ទាំងពីរផងដែរ។
 
ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេស​ប្រ៊ុយណេ ​និង​ព្រះរាជបុត្រា ម៉ាទីន បានយាងមកដល់​កម្ពុជា នៅល្ងាចថ្ងៃទី២៩មេសា ដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អមដំណើរដោយកូនប្រុសទាំង៣ ទៅទទួលព្រះរាជ ដំណើរដោយផ្ទាល់ និងបន្តអមដំណើរទៅកាន់សណ្ឋាគារ។ 
 

 
ព្រះអង្គ និងព្រះបុត្រា ​យាងមកកម្ពុជា ដើម្បីសោយព្រះក្រសាពេលព្រឹក​ជាមួយសម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា ដែលព្រះអង្គរាប់អានទុកដូចជាប្អូនពៅ និងកូនប្រុស ទាំង៣រូបរបស់សម្តេច ហ៊ុន សែន រួមមានសម្ដេច ហ៊ុន ម៉ា​ណែត​ នាយករដ្ឋមន្រ្តី, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារ​សាធារណៈ និងលោក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។ មុនយាងមកកម្ពុជា ព្រះមហាក្សត្រ​​ប្រ៊ុយ​ណេ  ក៏បានបញ្ចប់ព្រះទស្សនកិច្ចផ្លូវការនៅប្រទេសថៃ និងបានជួប លោក ថាក់ស៊ីន ស៊ីណា​វ៉ាតត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលព្រះអង្គរាប់អានទុកជាប្អូនទី១ផងដែរ។ 
 
ក្រោយសោយក្រយា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ​​ប្រ៊ុយណេ ​និង​ព្រះរាជបុត្រា ម៉ាទីន បានយាងនិវត្តន៍ទៅកាន់ប្រទេសប្រ៊ុយណេ នៅវេលាម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមេសានេះ៕
 






© រក្សាសិទ្ធិដោយ thmeythmey.com