កីឡាអន្តរជាតិ
អន្តរជាតិ
Champions League នឹងមានក្រុមអាល្លឺម៉ង់៦ បើ Dortmund ឈ្នះជើងឯក
02, May 2024 , 8:29 pm        
រូបភាព
ក្របខណ្ឌ Bundesliga នឹងមានកៅអីក្រុមចំនួន ៥​ នៅក្នុងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយ បន្ទាប់ពីក្រុម Borussia Dortmund ប្រកួតយកឈ្នះលទ្ធផល ១-០ លើក្រុម Paris Saint Germain ដោយក្លិបអាល្លឺម៉ង់ ធានាបានចំណាត់ថ្នាក់លេខ ២ ក្នុងតារាង UEFA coefficient table (ស្ថិតិការប្រកួត) រដូវកាល ២០២៣-២៤​ នេះ។ បើ Dortmund ឈ្នះជើងឯកថែមទៀត នោះក្រុមអាល្លឺម៉ង់នឹងកើនដល់៦ក្រុម នៅក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ។

 
លីគកំពូលចំនួន ២ នឹងត្រូវផ្តល់កៅអីក្រុមបន្ថែម តាមរយៈ European Performance Spots។ ការផ្តល់កៅអីដល់លីគចំនួន ២ ដោយផ្អែកទៅលើការបង្ហាញទម្រង់លេងល្អបំផុតនៅទូទាំងពានរង្វាន់អឺរ៉ុបទាំង ៣ ក្នុងរដូវកាលនីមួយៗ ហើយការកើនឡើងកៅអីនេះក៏ជាផ្នែកមួយនៃការកែប្រែពង្រីកពាន Champions League ដល់ ៣៦ក្រុម។
 
ក្របខណ្ឌ Serie A ទទួលបានកៅអីបន្ថែម ១ ទៀតក្នុងក្របខណ្ឌ Champions League កាលពីខែមេសា ដែលជាហេតុធ្វើឱ្យពួគគេនៅរដូវកាលក្រោយមានក្លិបចំនួន ៥ ដែលនឹងចូលប្រកួតប្រជែង។ ជ័យជម្នះរបស់ Dortmund មានន័យថា ៥កៅអី នៅ Champions League រដូវកាលក្រោយ នឹងមិនត្រូវបានដណ្តើមដោយបេក្ខភាពដែលឆ្លងទៅវគ្គផ្តាច់ព្រ័ត្រ (ក្រុមមកពីអង់គ្លេស និងបារាំង) ដទៃបានឡើយ។
 
បើតាមសម្តីរបស់លោក Edin Terzic ទាក់ទងនឹងចំនួនកៅអី UCL កើនឡើងសម្រាប់លីគអាល្លឺម៉ង់៖«យើងចង់ជាប់ការប្រកួតសម្រាប់ពានរង្វាន់ Champions League តាមរយៈលីគ Bundesliga និងមិនផ្លូវនេះនោះទេ។ ប៉ុន្តែការពិតគឺថាវានឹងគ្រប់គ្រាន់ដើម្បីជាប់ទៅកាន់ការប្រកួតក្នុងនាមជាក្រុមលេខ ៥ ហើយនេះក៏ជាផ្នែកមួយសម្រាប់ភាគជោគជ័យរបស់យើង ការរួមចំណែករបស់យើង។ ជារួមក្រុមគោលដៅរបស់យើងគឺឈ្នះកៅអី Champions League ដល់ពេលនេះ (បន្ថែមកៅអី ១ទៀត) វាមិនបានន័យថាលីគរបស់យើងរីកចម្រើននោះទេ ប៉ុន្តែវាបានផ្តល់ភាពងាយស្រួលមួយដែរ។»។ 
 
ដំបូងឡើយក្របខណ្ឌ Premier League ជាបេក្ខភាពដែលបានប្រជែងខ្លាំង ថែមទាំងត្រូវបានគេចាប់អារម្មណ៍ថានឹងក្លាយជាលីគទី២​ បន្ទាប់ពីអ៊ីតាលី ក្នុងការទទួលយកកៅអីបន្ថែម។

ប៉ុន្តែនៅត្រឹមវគ្គ ៨ក្រុម ចុងក្រោយ​ ក្រុមមកពីអង់គ្លេសដូចជា Arsenal, Manchester City ធ្លាក់ចេញពីការប្រកួត UCL, Liverpool និង West Ham United ធ្លាក់ពី Europa League ធ្វើឱ្យឱកាសកៅអីបន្ថែមរសាត់ឆ្ងាយ។
 
ដល់ពេលនេះមានតែ Aston Villa មួយតែប៉ុណ្ណោះ ជាក្លិបអង់គ្លេសបន្តប្រកួតប្រជែងនៅក្នុងពានរង្វាន់អឺរ៉ុប Europa Conference League។
 
លីគអាល្លឺម៉ង់ឡើងមកកាន់តំណែងលេខ ២ ឆាប់រហ័ស ដោយសារតែក្លិប Bayern Munich និង Bayer Leverkusen បានទម្លាក់ក្រុមអង់គ្លេសចេញពីការប្រកួត។ Bayern ទម្លាក់ក្រុម Arsenal វគ្គ ៨ក្រុម ចំណែគ Leverkusen ទម្លាក់ក្រុម West Ham ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន។
 
ជួនគ្នាទៅទៀត កៅអី UCL បន្ថែម ក៏បានទៅលើដៃក្រុម Borussia Dortmund សម្រាប់ការប្រកួតនៅរដូវកាលក្រោយ ព្រោះតែបច្ចុប្បន្នពួកគេកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៃក្របខណ្ឌ Bundesliga។ RB Leipzig ស្ថិតនៅលេខ៤ មាន៦២ពិន្ទុ នាំមុខ Dortmund ៥ពិន្ទុ និងនៅសល់ ៣ ប្រកួតដូចគ្នា។
 
យ៉ាងណាប្រសិនបើ ​Dortmund អាចក្លាយជាក្រុមឈ្នះជើងឯក Champions League និងបញ្ចប់ចំណាត់ថ្នាក់លេខ ៥ ក្នុងរដូវកាលនេះ នោះលីគ Bundesliga នឹងមានក្រុមចំនួន ៦ ត្រូវលេងក្នុងក្របខណ្ឌកំពូលអឺរ៉ុប UCL រដូវកាលក្រោយ។ ក្រុមចំនួន៦ រួមមានក្រុមកំពូលទាំង ៤ រួមជាមួយ Dortmund ក្នុងនាមជាក្រុមជើងឯក និង១ក្រុមដែលជាប់ជាក្រុមល្អរបស់អឺរ៉ុប European Performance Spots៕

Tag:
 Bundesliga
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com