ជាតិ
អ្នកសារព័ត៌មានពលរដ្ឋ មានផលលំបាកច្រើនជាង អ្នកសារព័ត៌មានអាជីព
04, May 2024 , 12:19 pm        
រូបភាព
ភ្នំពេញ៖ អ្នកសារព័ត៌មានពលរដ្ឋ ពុំមានកាតសម្គាល់ខ្លួន ដែលចេញដោយក្រសួងព័ត៌មាន ដូចអ្នក សារព័ត៌មានអាជីពឡើយ។ ពេលខ្លះពួកគេបាត់បង់ឱកាស ក្នុងការចូលយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ ថ្នាក់ជាតិមួយចំនួន។ បន្ថែមពីនោះ ពួកគេមានបញ្ហាប្រឈមមួយចំនួនទៀត នៅពេលចុះទៅយកព័ត៌មាន នៅមូលដ្ឋាន។


 
ស្ថិតក្នុងវេទិកាប្រចាំឆ្នាំ ក្រោមប្រធានបទ “លើកកម្ពស់ការងារពលរដ្ឋអ្នកសារព័ត៌មាន និងបណ្ដាញអ្នកសារព័ត៌មានឯករាជ្យ” ដែលរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM កាលពីពេលកន្លងទៅ ពលរដ្ឋអ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងកម្មវិធីនោះ បានបង្ហាញក្ដីព្រួយបារម្ភរបស់ខ្លួន ជុំវិញការបំពេញការងារ។ 
លោក នូ រ៉េន គឺជាអ្នកសារព័ត៌មានពលរដ្ឋ ដែលប្រចាំការនៅខេត្តមួយ ធ្លាប់បានសរសេរព័ត៌មានចម្រុះ ពីបញ្ហាដីធ្លី អំពើហិង្សា និងអំពើពុករលួយជាដើម។ មានពិសោធន៍ក្នុងការងារ ជាអ្នកសារព័ត៌មាន រយៈពេលជិត១០ឆ្នាំមកនេះ លោក នូ រ៉េន មានបញ្ហាប្រឈមមួយចំនួន ពិសេសគឺភាពតូចចង្អៀតនៃឱកាសក្នុងការចូលទៅយកព័ត៌មាន ដែលរៀបចំដោយស្ថាប័នរដ្ឋ។ 

លោក នូ រ៉េន ពលរដ្ឋអ្នកសារព័ត៌មាន

ពលរដ្ឋអ្នកសារព័ត៌មានរូបនេះ អះអាងថា ខ្លួនបានព្យាយាមទាក់ទង អ្នកកាន់ផ្នែកចុះឈ្មោះ  ជាច្រើនលើក ដើម្បីបញ្ជាក់ថា តើលោកអាចចូលរួមយកព័ត៌មានក្នុងកម្មវិធីនោះ បានឬមិនបាន? ប៉ុន្តែពុំមានការឆ្លើយតបណាមួយឡើយ។ សម្រាប់លោក នូ រ៉េន យល់ថាឥរិយាបទនេះ បង្ហាញពីការរើសអើង ចំពោះពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានឯករាជ្យ ដែលពុំមានកាតកាសែត ចេញដោយក្រសួងព័ត៌មាន។
 
«មន្ទីរព័ត៌មានគេប្រកាស សារព័ត៌មាននានា ដែលចង់ចូលយកព័ត៌មាន ទាល់តែទៅចុះឈ្មោះមុន បង្ហាញកាត បង្ហាញប័ណ្ណ អ៊ីចឹងទៅ។ ប៉ុន្តែនៅពេលដែលខ្ញុំ យកប័ណ្ណ យកកាត អ្នកសារព័ត៌មានឯករាជ្យទៅ ត្រូវបានគេរឹតត្បិត មិនអនុញ្ញាតឱ្យចូល។ គេមិនបាននិយាយថា មិនអនុញ្ញាតទេ ប៉ុន្តែគេបានបញ្ជាក់ថា នៅពេលដែលគេទំនាក់ទំនងមកយើងវិញ ទើបយើងអាចចូលទៅយកបាន។ ហើយតាំងពីយើងដាក់កាតទៅបង្ហាញគេ ដល់ទៅចប់កម្មវិធី ក៏មិនមានអ្នកណាទំនាក់ទំនងមកយើងផង។ ខ្ញុំបានព្យាយាមទាក់ទងទៅគេតាមតេលេក្រាមដែរ តែគេមិនឆ្លើយតប»។ នេះជាការពន្យល់បន្ថែម របស់លោក រ៉េន។
 
ចំណែកព្រះភិក្ខុ ខុន ហី ក៏ជាពលរដ្ឋអ្នកសារព័ត៌មានដែរ។ ជានិស្សិតជំនាញព័ត៌មានវិទ្យាឆ្នាំទី១ នៅសាកលវិទ្យាល័យមួយ នាខេត្តបាត់ដំបង ព្រះភិក្ខុ ខុន ហី បានចាប់ផ្ដើមធ្វើការងារជា ពលរដ្ឋអ្នកសារព័ត៌មាន នៅចុងឆ្នាំ២០២១។ 
 
មានព្រះជន្ម២៤វស្សា ព្រះភិក្ខុ ខុន ហី ឆ្លៀតពេលទំនេរ ពីការសិក្សាបន្តិចបន្តួច ទៅសរសេរព័ត៌មានខ្លះៗ ដោយមិនធ្វើជាប្រចាំឡើយ។ ព័ត៌មានដែលព្រះសង្ឃអង្គនេះធ្វើ ភាគច្រើនរឿងបរិស្ថាន និងទេសចរណ៍ ដូចជាធ្វើពីតំបន់ទេសចរណ៍ និងបញ្ហាការគ្រប់គ្រងសំរាមក្នុងសហគមន៍ជាដើម។

ព្រះភិក្ខុ ខុន ហី ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកសារព័ត៌មានភាគច្រើន គឺជាគ្រហស្ថ ប៉ុន្តែអ្នកសារព័ត៌មានភេទជាព្រះសង្ឃកម្រមាន ដូច្នោះហើយផលលំបាក ក៏មានច្រើនជាងភេទធម្មតាដែរ។ ព្រះអង្គបញ្ជាក់ដូច្នេះ៖«ភាគច្រើនអាត្មាសម្ភាសតាមអនឡាញ។ ប៉ុន្តែរឿងខ្លះ តម្រូវឱ្យចុះទៅដល់មូលដ្ឋាន អាត្មាក៏ចុះទៅដែរ។ បើគ្រហស្ថអាចជិះម៉ូតូ ដោយខ្លួនឯងបាន ប៉ុន្តែអាត្មាត្រូវមានអ្នកឌុប នេះជាផលលំបាកមួយ។ ចំពោះការឆ្លើយតប របស់ប្រជាពលរដ្ឋ ភាគច្រើនមិនជាបញ្ហាអ្វីទេ។ ប៉ុន្តែពេលខ្លះក៏មានការមិនពេញចិត្តខ្លះដែរ»។ 
 
ផ្ដើមចេញពីអ្នកតាមដានព័ត៌មាន និងព្រឹត្តិការណ៍សង្គម ព្រះភិក្ខុ ខុន ហី ទុកការសរសេរព័ត៌មាន ដូចជាការរំលឹកមេរៀន ដែលបានរៀនរួចមកហើយដែរ។ យ៉ាងណាក៏ដោយ ព្រះអង្គថាការដែលពលរដ្ឋ ចូលរួមសរសេរព័ត៌មានផ្សព្វផ្សាយពីសហគមន៍ គឺមានសារសំខាន់ ព្រោះយុវជនអាចមានសំឡេង ក្នុងការផ្សព្វផ្សាយកាន់តែច្រើន ។ 
 
ដោយឡែកបញ្ហាប្រឈមមួយទៀត ដែលលោក នូ រ៉េន តែងជួបជាញឹកញយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត គឺនៅពេលដែលលោកសម្ភាស មន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន លោកតែងទទួលបានពាក្យផ្ដាំផ្ញើពីប្រភពទាំងនោះជារឿយៗថា ត្រូវតែដាក់សម្ដីដែលបានសម្ភាសទាំងអស់ ដែលវាធ្វើឱ្យលោកមានការលំបាក។
 
«គាត់ផ្ដាំថា អ្វីដែលគាត់បាននិយាយ ក្នុងបទសម្ភាស គាត់សុំឱ្យដាក់ទាំងអស់។ បើកាត់នាំឱ្យបាត់ខ្លឹមសាររបស់គាត់។ ប៉ុន្តែយើងមិនអាចធ្វើបាន ដោយសារឱ្យគាត់និយាយតាមចិត្តគាត់ ជួនកាលអាច១០ទៅ១៥នាទី។ បើយើងយកទាំងអស់មកចាក់ វាមិនអាចសមនឹងព័ត៌មានទេ។ យើងស្រង់តែខ្លឹមសារសំខាន់ ប៉ុណ្ណោះ ដើម្បីយើងអាចដាក់ប្រភពបានច្រើន។ ខ្ញុំប្រាប់គាត់ថា សំខាន់ខាងបង មានចម្លើយ មានការផ្ដល់ព័ត៌មានក្នុងហ្នឹង ដូច្នេះគឺមានតុល្យភាពព័ត៌មានហើយ»។ នេះជាការឆ្លើយតបរបស់លោក នូ រ៉េន អ្នកសារព័ត៌មានពលរដ្ឋ ទៅប្រភពដែលជាអាជ្ញាធរវិញ។


អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ CCIM បានប្រាប់សារព័ត៌មានថ្មីៗថា រាជរដ្ឋាភិបាល បានចេញកាតអ្នកសារព័ត៌មាន សម្រាប់តែអ្នកសារព័ត៌មានអាជីពប៉ុណ្ណោះ។ ចំណែកអ្នកសារព័ត៌មានពលរដ្ឋ ក្រសួងព័ត៌មាន មិនបានចេញកាតឱ្យនោះទេ។ 
 
អ្នកស្រីថា នេះគឺជាការប្រឈមខ្លាំង សម្រាប់អ្នកសារព័ត៌មានពលរដ្ឋ នៅពេលដែលពួកគេចុះទៅសម្ភាស ភាគីពាក់ព័ន្ធ។ អ្នកស្រី គន្ធា បញ្ជាក់បន្ថែមថា CCIM ត្រឹមតែអាចចេញកាតបញ្ជាក់ថា ពលរដ្ឋអ្នកសារព័ត៌មាន បានឆ្លងកាត់ ការបណ្ដុះបណ្ដាលពីខាង CCIM ប៉ុណ្ណោះ។ 
 
«នៅពេលដែលគាត់ទៅសម្ភាស ភាគីពាក់ព័ន្ធ គេតែងតែសួរថា តើពួកគាត់មកពីស្ថាប័នណា? មកពីកាសែតមួយណា? ដោយសារតែពួកគាត់ គ្រាន់តែឆ្លងកាត់ការបណ្ដុះបណ្ដាល ពីខាង CCIM គាត់មិនបានទទួលកាត ឬការទទួលស្គាល់ពីក្រសួងព័ត៌មានទេ។ នេះគឺជាការប្រឈមធំជាងគេ សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ទាំងជាង៤០០រូប»។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកស្រី ឆន សុគន្ធា។
 
នាយិកា CCIM បានអះអាងថា អ្នកស្រីបានទៅជួប រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទាំងថ្មីនិងចាស់ ក្នុងគោលបំណងស្នើឱ្យក្រសួងពិចារណា ចេញកាតកាសែត ឱ្យពលរដ្ឋអ្នកសារព័ត៌មាន។ ហើយក្នុងឆ្នាំ២០២៤នេះ អ្នកស្រី ក៏បានទៅជួបរដ្ឋមន្ត្រីក្រសួងព័ត៌មានជាថ្មីទៀត ដោយជជែកអំពីមធ្យោបាយ ធ្វើយ៉ាងណាឱ្យពលរដ្ឋអ្នកសារព័ត៌មាន មានសិទ្ធិនិងឱកាសច្រើនជាងមុន ស្របតាមច្បាប់។

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM

អ្នកស្រី ឆន សុគន្ធា បន្ថែម៖«ខ្ញុំបានទៅជួបជាមួយរដ្ឋមន្ត្រី ដើម្បីជជែកពី តើពលរដ្ឋអ្នកសារព័ត៌មាន ត្រូវការចុះបញ្ជីអ្វីទេ ឬត្រូវការធ្វើកាតទេ? ប៉ុន្តែពេលនេះ មិនទាន់មានដំណោះស្រាយអ្វីទេ ដោយសារក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាន របស់ប្រទេសកម្ពុជា មិនបានបញ្ជូល ពលរដ្ឋអ្នកសារព័ត៌មាន ចូលទៅក្នុងនោះ។ ជាឆន្ទៈនិងការតាំងចិត្ត របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាត់ថានឹងពិនិត្យមើល ច្បាប់ស្ដីពីរបបសារព័ត៌មាន។  ប៉ុន្តែមិនដឹងថា ពេលណាទើបរដ្ឋមន្ត្រី ចាប់ផ្ដើមពិនិត្យមើល ដើម្បីកែសម្រួលច្បាប់ ស្ដីពីរបបសារព័ត៌មាននេះទេ»។ 
 
ព្រះភិក្ខុ ខុន ហី សំណូមពរដល់ភាគីពាក់ព័ន្ធ គួរតែពិចារណាទៅលើការបើកសិទ្ធិទូលាយ សម្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ឬអ្នកសារព័ត៌មានទូទៅ។ ព្រះអង្គមានថេរដីកាថា អ្នកសារព័ត៌មាន គ្រាន់តែជាអ្នកនាំដំណឹងក្នុងសង្គម ទៅកាន់ថ្នាក់ដឹកនាំសង្គមប៉ុណ្ណោះ ដូច្នេះបើរដ្ឋាភិបាល សហការជាមួយអ្នកសារព័ត៌មាន នោះរដ្ឋាភិបាលនឹងចំណេញ។
 
«បើរដ្ឋាភិបាលចង់បញ្ជូនសារអ្វី ទៅកាន់ពលរដ្ឋ អ្នកព័ត៌មានអាចផ្សាយបន្តបាន។ រដ្ឋាភិបាលក៏អាចទទួលដំណឹង ពីសហគមន៍បានលឿនដែរ។ ត្រង់ចំណុចដោះស្រាយ ឬមិនដោះស្រាយ គឺជារឿងរបស់អាជ្ញាធរ ឬរដ្ឋាភិបាល។ ដូច្នេះក្រសួងសាមី ឬក្រសួងពាក់ព័ន្ធនានា រួមទាំងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផង គួរតែបើកទូលាយ សម្រាប់ការធ្វើការងារ កុំឱ្យមានការរឹតត្បិត»។ នេះជាការបញ្ជាក់បន្ថែមរបស់ព្រះភិក្ខុ ខុន ហី។
 
លោក នូ រ៉េន ក៏សំណូមពរទៅរដ្ឋាភិបាល ឱ្យបើកទូលាយ ក្នុងការផ្ដល់ឱកាសស្មើៗគ្នា ទៅលើអ្នកសារព័ត៌មានទាំងអាជីព ទាំងអ្នកឯករាជ្យ រួមទាំងពលរដ្ឋអ្នកសារព័ត៌មានផងដែរ ព្រោះពួកគេសុទ្ធតែធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីសង្គមដូចគ្នា។ លោកថា អាជ្ញាធរគួរកុំខ្លាច ក្នុងការឱ្យអ្នកសារព័ត៌មាន ចូលយកព័ត៌មាន ឬផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ព្រោះបើអាជ្ញាធរ សហការល្អជាមួយអ្នកសារព័ត៌មាន អាជ្ញាធរជាអ្នកចំណេញ។
 
លោក នូ រ៉េន ពន្យល់៖«ពុំមែនចំណេញដល់អ្នកសារព័ត៌មានទេ ព្រោះអាជ្ញាធរ បានទទួលដំណឹង ដឹងពីបញ្ហាទាំងឡាយ ដែលជាក្ដីកង្វល់របស់ពលរដ្ឋ ដែលអាចឱ្យអាជ្ញាធរ ស្វែងរកដំណោះស្រាយ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋបានទាន់ពេលវេលា»។


អ្នកស្រី ឆន សុគន្ធា ថាច្បាប់ស្ដីពីរបបសារព័ត៌មាន បានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៥ ដោយមិនទាន់មានការធ្វើបច្ចុប្បន្នភាព ឱ្យស្របតាមការវិវឌ្ឍ សម្រាប់ស្ថានភាពប្រទេសកម្ពុជាឡើយ។ នាយិការូបនេះ សង្ឃឹមថា នៅពេលដែល ច្បាប់ស្ដីពីរបបសារព័ត៌មាន ត្រូវបានពិនិត្យមើល និងកែសម្រួលឡើងវិញ អាចដាក់ព័ត៌មានបន្ថែម ពីបញ្ហាផ្សេងៗ និងតម្រូវការចាំបាច់ របស់ពលរដ្ឋអ្នកសារព័ត៌មាន។ 
 
«មានតែព្យាយាម ទៅជួបពិភាក្សា លើកពីបញ្ហា ការប្រឈមរបស់យើង ដែលធ្វើការផ្ទាល់ ជាមួយនឹងពលរដ្ឋអ្នកសារព័ត៌មាន ទៅជូនរដ្ឋមន្ត្រី ដើម្បីឱ្យរដ្ឋមន្ត្រី គាត់អាចពិនិត្យនិងពិចារណា។ ឬក៏ពន្លឿនក្នុងនីតិវិធី»។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកស្រី គន្ធា។
 
នាយិកា CCIM សង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន គឺជាភ្នែក ច្រមុះ ដើម្បីជួយលើកពីបញ្ហា ដែលបានកើតឡើង ប្រាប់ដល់ថ្នាក់ដឹកនាំ។ ជាពិសេសពាក់ព័ន្ធនឹង ការអនុវត្តរបស់មន្ត្រីមួយចំនួន ដែលមានបញ្ហា ដើម្បីឱ្យថ្នាក់ដឹកនាំបានដឹង និងដោះស្រាយបានទាន់ពេលវេលា។ អ្នកស្រីថា បើរដ្ឋាភិបាលសហការជាមួយអ្នកសារព័ត៌មាន នោះរដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហា បានទាន់ពេលវេលា នាំឱ្យពលរដ្ឋសប្បាយចិត្ត នឹងការដឹកនាំរបស់រាជរដ្ឋាភិបាល។
 
«គ្រប់ភាគីពាក់ព័ន្ធ សូមកុំយល់ថាអ្នកសារព័ត៌មាន ដែលហ៊ានរាយការព័ត៌មានពិត គឺជាគណបក្សប្រឆាំង ឬជាអ្នកគាំទ្រ ភាគីបរទេសណាមួយ។ សម្រាប់អ្នកសារព័ត៌មានឯករាជ ឬអ្នកសារព័ត៌មានណាមួយ ដែលហ៊ានរាយការពីបញ្ហាផ្សេងៗក្នុងសង្គម។ ពួកគេមានឆន្ទៈមួយ គឺចង់លើកពីបញ្ហាដែលបានកើតឡើង នៅក្នុងសង្គម ដូចជារឿងដីធ្លី រឿងធនធានធម្មជាតិ រឿងគណៈបក្សនយោបាយ និងរឿងការបណ្ដេញចេញជាដើម ដើម្បីជូនដំណឹងដល់ ថ្នាក់ដឹកនាំឱ្យបានដឹង និងដោះស្រាយដោយសន្ដិវិធី ដោយតម្លាភាព និងដោយគណនេយ្យភាព»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី ឆន សុគន្ធា។ 
 
អ្នកស្រី ឆន សុគន្ធា បានប្រាប់សារព័ត៌មានថ្មីៗថា តាំងពីឆ្នាំ២០១៣ មកដល់ឆ្នាំ២០២៤ CCIM បានបណ្ដុះបណ្ដាល ពលរដ្ឋអ្នកសារព័ត៌មាន សរុបចំនួន៤៥០រូបរួចហើយ ដោយស្ទើរតែ៩៥ភាគរយ គឺជាយុវជន ដោយនៅក្នុងនោះនារី មាន៣៥ភាគរយ។ អ្នកស្រីថា ក្នុងចំណោមពលរដ្ឋអ្នកសារព័ត៌មាន ជាង៤០០រូបនោះ មានប្រមាណ៣០-៤០ភាគរយ សកម្មក្នុងការបន្តអាជីពនេះ៕

Tag:
 សារព័ត៌មាន
  ព័ត៌មាន
  អាជីព
  ពលរដ្ឋ
  ពលរដ្ឋអ្នកសារព័ត៌មាន
  ផលលំបាក
  អ្នកព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com