អន្តរជាតិ
អតីតប្រធានការិយាល័យរដ្ឋាភិបាលវៀតណាម ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការរំលោភអំណាច
05, May 2024 , 11:19 am        
រូបភាព
លោក Mai Tien Dung អតីតប្រធានការិយាល័យរដ្ឋាភិបាលវៀតណាម។ រូបភាព Vietnam Express
លោក Mai Tien Dung អតីតប្រធានការិយាល័យរដ្ឋាភិបាលវៀតណាម។ រូបភាព Vietnam Express
ប៉ូលិសវៀតណាម បានចាប់ខ្លួន អតីតប្រធានការិយាល័យរដ្ឋាភិបាល លោក Mai Tien Dung ពាក់ព័ន្ធនឹងបទសង្ស័យរំលោភអំណាច។ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែឧសភា។ ការចាប់ខ្លួននេះ ធ្វើឡើងស្របពេលវៀតណាម កំពុងអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបោសសម្អាតអំពើពុករលួយនៅក្នុងប្រទេស។

 
លោក Mai Tien Dung ជាអតីតប្រធានការិយាល័យរដ្ឋាភិបាលវៀតណាម នៅចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ក្រោមរដ្ឋាភិបាលរបស់លោកង្វៀន សួនហ្វ៊ុក អតីតនាយករដ្ឋមន្រ្តីវៀតណាម។ យ៉ាងណាមិញ លោក Dung ត្រូវបានប៉ូលិសវៀតណាមចាប់ខ្លួន នៅថ្ងៃទី៣០ ខែមេសា ពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅក្នុងករណីអំពើពុករលួយនៅក្នុងខេត្ត Lam Dong។ 
 
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខវៀតណាម ដែលចេញនៅថ្ងៃទី៤ ខែឧសភា មិនបានបញ្ជាក់ពីព័ត៌មានលម្អិត ជុំវិញការចាប់ខ្លួននោះទេ។ សារព័ត៌មានវៀតណាម បានចុះផ្សាយថា លោក Dung ត្រូវបានចាប់ខ្លួនពាក់ព័ន្ធគម្រោងអចលនទ្រព្យនៅក្នុងខេត្ត Lam Dong។
 
ការចាប់ខ្លួនរបស់អតីតប្រមុខការិយាល័យរដ្ឋាភិបាលខាងលើ ធ្វើឡើងស្របពេលវៀតណាមកំពុងប្រើយុទ្ធនាការទ្រង់ទ្រាយធំប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស។ កន្លងមកប្រធានាធិបតីពីរនាក់ រួមទាំងប្រធានសភាវៀតណាម បានលាលែងពីតំណែង បន្ទាប់ពីមន្រ្តីខ្លួន និងមនុស្សជំនិត បានប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច៕ 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com