អន្តរជាតិ
មនុស្សជាង១០នាក់រងរបួស និងស្លាប់ ដោយសារការវាយប្រហារមន្ទីរពេទ្យនៅចិន
07, May 2024 , 3:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្នុងការវាយប្រហារមួយនៅមន្ទីរពេទ្យ ដែលស្ថិតនៅភាគខាងត្បូងចិន ក្នុងថ្ងៃទី៧ ខែឧសភា មានមនុស្សច្រើនជាង ១០នាក់ បានទទួលមរណភាព និងរបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។

 
ហេតុការណ៍វាយប្រហារមួយ បានកើតឡើងនៅមន្ទីរពេទ្យមួយកន្លែង ក្នុងតំបន់Zhenxiong ខេត្តYunnan ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ 
 
«ឧបទ្ទវហេតុនេះ បានកើតឡើងនៅមន្ទីរពេទ្យស្រុកមួយកន្លែង នៅម៉ោងប្រមាណ ១ និង២០នាទី (ម៉ោងនៅចិន) ដោយមនុស្សច្រើនជាង ១០នាក់ បានរងរបួស និងទទួលមរណភាព»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយបែបនេះ នៅថ្ងៃទី៧ ខែឧសភា។
 
ពេលនេះ អាជ្ញាធរចិន កំពុងស៊ើបអង្កេតលើករណីវាយប្រហារនោះបន្ថែម ដើម្បីស្វែងរកមូលហេតុ។ 
 
តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន The Paper រូបភាពមួយសន្លឹកបានបង្ហាញពីបុរសម្នាក់ បានកាន់កាំបិតចង្អុលដាក់បុរសម្នាក់ទៀតដែលកំពុងកាន់ដំបងនៅក្នុងមន្ទីរពេទ្យ ខណៈប៉ូលិសបានទៅដល់កន្លែងកើតហេតុ។ 
 
សូមបញ្ជាក់ថា ការវាយប្រហារ ជារឿងដ៏កម្រកើតមានមួយនៅចិន ដោយសារប្រទេសអាស៊ីមួយនេះ បានហាមឃាត់មិនឱ្យកាន់កាប់អាវុធ។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយ ចិនមានការកើនឡើងករណីចាក់សម្លាប់។ នៅក្នុងខែសីហា ឆ្នាំ២០២៣ មនុស្ស ២នាក់ បានបាត់បង់ជីវិត និង៧នាក់ទៀតរងរបួស ដោយសារបុរសម្នាក់មានប្រវត្តិធ្លាប់មានជំងឺផ្លូវចិត្ត៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com