ជាតិ
«ស្ពូន» ជួយយុវជនខ្មែរមកពីគ្រួសារក្រីក្រ ឱ្យទទួលបានឱកាសសិក្សា​ និងការងារ
14, May 2024 , 8:59 am        
រូបភាព
រូបភាពពីគេហទំព័រអង្គការស្លាបព្រាកម្ពុជា
រូបភាពពីគេហទំព័រអង្គការស្លាបព្រាកម្ពុជា
សៀមរាប៖ អង្គការស្លាបព្រាកម្ពុជា ឬSPOON (ស្ពូន) ជាអង្គការក្នុងស្រុកមួយ ដែលកំពុងជួយយុវជនកម្ពុជា ដែលគ្មានលទ្ធភាព ឬឈប់រៀន ដោយសារជីវភាពក្រីក្រ និងលំបាក ឱ្យទទួលបានឱកាសសិក្សា និងការងារ ផ្នែកបដិសណ្ឋារកិច្ច ស្ថិតក្នុងក្រុងសៀមរាប។ ក្រោយបើកទ្វារក្នុងឆ្នាំ២០០៩ អង្គការមួយនេះ បានបណ្ដុះបណ្ដាលយុវជនខ្មែរ និងឱកាសការងារបានជិត៥០០នាក់។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង លោក ស៊ុល រ៉វី និងអ្នកស្រី ម៉ៅ សុផានី ប្រធានអង្គការស្លាបព្រាកម្ពុជាដូចតទៅ៖ 


ដំណើការបាន១៥ឆ្នាំមកនេះ អង្គការស្លាបព្រាកម្ពុជា កំពុងបន្តបេសកកម្មជួយដល់យុវជនកម្ពុជា ដែលមកពីគ្រួសារក្រីក្រ តំបន់ដាច់ស្រយាល ជនជាតិដើមភាគតិច អ្នកបោះបង់ការសិក្សា អ្នកដែលធ្លាប់ចំណាកស្រុក និងយុវជនដែលគ្មានជំនាញពិតប្រាកដ ពីបណ្ដាខេត្តនានាក្នុងប្រទេស។ បេសកកម្មរបស់ ស្ពូន គឺបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដូចជាបម្រើអាហារ និងភេសជ្ជៈ, ចុងភៅ ដុតនំ និងឆុងកាហ្វេ។ 
 
តាំងពីចាប់ប្រតិបត្តិការក្នុងឆ្នាំ២០០៩ ក្នុងក្រុងសៀមរាបមក អង្គការមួយនេះ បានបណ្ដុះបណ្ដាលយុវជនជិត៥០០នាក់ ក្នុងនោះ៦០ភាគរយជាស្ត្រី បញ្ចប់ការសិក្សានៅទីនេះ ហើយពួកគេទាំងអស់ទទួលបាន​ឱកាសការងារគ្រប់ៗគ្នា។ 

រូបភាពពីគេហទំព័រអង្គការស្លាបព្រាកម្ពុជា

«សម្រាប់ពួកយើង យើងចង់ឃើញយុវជនដែលមានជីវភាពខ្វះខាត បាត់បង់ឱកាស គិតថាខ្លួនឯងមិនមានតម្លៃ  តែងឱ្យតម្លៃខ្លួនឯងទាប បាត់បង់ជំនឿ អស់ក្ដីសង្ឃឹម។ អង្គការស្លាបព្រាកម្ពុជា យើងជឿជាក់ថា ការផ្ដល់ឱកាស ដល់មនុស្សត្រូវការពិតប្រាកដ ជាអ្វីដែលយើងចង់ធ្វើ»។ នេះជាការលើកឡើង អ្នកស្រី ម៉ៅ សុផានី ប្រធានអង្គការស្លាបព្រាកម្ពុជា។ 
 
ក្នុងមួយឆ្នាំសាលាបណ្ដុះបណ្ដាលមួយនេះ អាចទទួលបានសិស្សត្រឹម៧៥នាក់ប៉ុណ្ណោះ ខណៈអ្នកដាក់ពាក្យមានប្រមាណ៦០០នាក់។ សិក្ខាកាមដែលជាប់សិក្សានៅទីអង្គការស្លាបព្រាកម្ពុជា ពួកគេទទួលបានការបណ្ដុះបណ្ដាលជំនាញរយៈពេលមួយឆ្នាំ, ប្រាក់ឧបត្ថម, កន្លែងស្នាក់នៅ និងការគាំពារសុខភាព។ 

រូបភាពពីគេហទំព័រអង្គការស្លាបព្រាកម្ពុជា

បើតាមអ្នកស្រីសុផានី អង្កការស្លាបព្រាមប្រតិបត្តិការបានដោយម្ចាស់ជំនួយ, មូលនិធិ និងថវិកាបានមកពីការបម្រើសេវាម្ហូបអាហារ នៅភោជនីយដ្ឋាន SPOON ផ្ទាល់។ អ្នកស្រី សុផានី មានមហច្ឆិតាពង្រីកវិសាលភាពស្ថាប័នខ្លួន ទទួលសិស្ស១៥០នាក់ ក្នុងពេលអនាគត។ 
 
គួរជម្រាបផងដែរថា អង្គការស្លាបព្រាកម្ពុជា ត្រូវបានបង្កើតឡើងដំបូងបរទេស ក្រោមឈ្មោះអង្គការ  EGBOK តែដោយសារវិបត្តិកូវីដ-១៩ ស្ថាបនិកអង្កការមួយនេះបានដកខ្លួន និងបិទអង្គការមួយនេះ។ ក្រោយបិទរយៈពេលមួយឆ្នាំ អ្នកស្រី សុផានី រួមនឹងសហសេវិក ចាប់ផ្ដើមបើកឡើងវិញ ក្នុងឆ្នាំ២០២១ នៅពេលនោះមានសិស្សតែ១០នាក់ប៉ុណ្ណោះ និងប្ដូរឈ្មោះមកជា អង្គការស្លាបព្រាកម្ពុជា SPOON វិញ៕ 

រូបភាពពីគេហទំព័រអង្គការស្លាបព្រាកម្ពុជា

Tag:
 ThmeyThmey
  SPOON
  អង្គការស្លាបព្រាបកម្ពុជា
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com