កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ម៉ាឡេស៊ី Faisai Halim ដែលរង​ការ​ជះ​ទឹក​អាស៊ីត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ
08, May 2024 , 10:29 am        
រូបភាព
Faisal Halim សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងឈានដល់ការវះកាត់ ក្រោយរងការជះទឹកអាស៊ីត នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជនស្ស័យម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជះទឹកអាស៊ីតនេះ។



Halim សមាជិកក្រុម Selangor FC នៃលីគកំពូលម៉ាឡេស៊ី បានរងការជះទឹកអាស៊ីត នៅមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែងក្នុងតំបន់ Klang Valley ទីក្រុងគូឡាឡាំពួ ស្របពេលរួបគេកំពុងចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Go-kart កាលពីថ្ងៃទី៥ ខែឧសភា។
 
មេប៉ូលិសក្រុង Selangor លោក Comm Datuk Hussein Omar Khan បានប្រាប់កាសែត The Star ថា ជនសង្ស័យជាបុរសអាយុជាង ៣០ឆ្នាំ ត្រូវបានចាប់ខ្លួន និងបន្តឃុំខ្លួនរហូតដល់ថ្ងៃទី ១១ ខែឧសភា ដើម្បីស៊ើបអង្កេតបន្ថែម។
 
កីឡាករ​វ័យ​២៦​ឆ្នាំ ​ដែលរងការជះទឹកអាស៊ីត បាន​រង​របួស​ជុំវិញ​ក ស្មា ដៃ និង​ដើម​ទ្រូង។ Halim ត្រូវ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ហើយមកដល់ពេលនេះ ​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ថាមានស្ថានភាពធ្ងន់ធ្ងរ ដោយសារមានកម្រិតរលាកខ្លាំង។ បើតាមការផ្សាយរបស់កាសែត The Strait Times អនុប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ីរូបនេះ ប្រឈមនឹងទទួលការវះកាត់លើរបួសរបស់គេ។
 
លោក Shahril Mokhtar អនុប្រធានសមាគមកីឡាបាល់ទាត់ Selangor បានប្រាប់ទីភា្នក់ងារព័ត៌មាន AFP ថា៖«ស្ថានភាពរបស់ Halim ធ្ងន់ធ្ងរ ប៉ុន្តែយើងអាចគ្រប់គ្រងបាន។ Halim នឹងត្រូវទទួលការវះកាត់ត្រង់របួសដែលរងការលាកខ្លាំងពីទឹកអាស៊ីត»។
 
លោក Mokhtar បង្ហាញការភ្ញាក់ផ្អើល និងខកចិត្តចំពោះការវាយប្រហារបែបនេះលើកីឡាករនៅក្នុងទឹកដីម៉ាឡេស៊ី។ លោកបារម្ភថា ករណីនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ Halim និងកីឡាករផ្សេងទៀត ស្របពេលលីគកីឡាបាល់ទាត់ម៉ាឡេស៊ី នឹងចាប់ផ្តើមរដូវកាលថ្មីនៅចុងសប្តាហ៍នេះ៕
 

Tag:
 Faisai Halim
© រក្សាសិទ្ធិដោយ thmeythmey.com