ជាតិ
វិចិត្រករនិងអ្នកច្នៃម៉ូតមួយក្រុម ធ្វើកម្មវិធីដេញថ្លៃសិល្បៈសប្បុរសធម៌ ជួយសង្គ្រោះជីវិតកុមារ១រូប
08, May 2024 , 11:29 am        
រូបភាព
(រូបផ្ដល់ឱ្យ)
(រូបផ្ដល់ឱ្យ)
ភ្នំពេញ៖ ដើម្បីបង្ហាញស្មារតីជួយគ្នាទៅវិញទៅមក កម្មវិធីដេញថ្លៃសិល្បៈសប្បុរសធម៌ និងការបង្ហាញម៉ូត ត្រូវបានបង្កើតឡើង ដើម្បីប្រមូលថវិកាយកទៅជួយកុមារ ឆាលី អាយុ៤ឆ្នាំ ដែលកំពុងប្រយុទ្ធនឹងជំងឺ មហារីកដុំសាច់ខួរក្បាល កម្រិតធ្ងន់ធ្ងរ និងកំពុងព្យាបាលនៅប្រទេសថៃ។



លោក ព្រហ្ម ពន្លឺ គឺជាវិចិត្រករ និងត្រូវជាឪពុករបស់កុមារ ឆាលី បានកៀងគរអ្នកសិល្បៈដូចគ្នា បង្កើតកម្មវិធីសប្បុរសធម៌មួយឡើង ដើម្បីប្រមូលប្រាក់ យកទៅព្យាបាលកូនប្រុសរបស់ខ្លួន ដែលកំពុងព្យាបាលជំងឺ មហារីកដុំសាច់ខួរក្បាល កម្រិតធ្ងន់ធ្ងរ នៅប្រទេសថៃ។ 

លោក ព្រហ្ម ពន្លឺ វិចិត្រករ (រូបពីហ្វេសប៊ុក Ponleu Prom)

លោកពន្លឺបញ្ជាក់ថា កម្មវិធីដេញថ្លៃសិល្បៈសប្បុរសធម៌ និងការបង្ហាញម៉ូតនោះ មានវិចិត្រករជាតិ២៣រូប និងវិចិត្រករអន្តរជាតិ២រូប រួមទាំងអ្នកច្នៃម៉ូត សម្លៀកបំពាក់១រូបចូលរួម។ ម្ចាស់ស្នាដៃទាំងអស់ និងបរិច្ចាគស្នាដៃរបស់ពួកគេមួយចំនួន ទៅជួយថ្លៃព្យាបាល ឆាលី។  
 
លោក ពន្លឺ បន្ថែម៖«សិល្បករខ្លះបរិច្ចាកគំនូររបស់គាត់១ផ្ទាំង ឬ២ផ្ទាំងតាមលទ្ធភាពគាត់។ ខ្ញុំបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីឱ្យមានការសហការជារួម ជួយគ្នាទៅវិញទៅមក។ គំនូរសរុប ដែលដាក់ដេញថ្លៃថ្ងៃនោះ មានពី៣០ទៅ៤០ផ្ទាំង។ និងមានសម្លៀកបំពាក់មួយចំនួនទៀត ដោយមានអ្នកដើរម៉ូត១០នាក់»។ 
 
អ្នកស្រី អេង ហេងលី ត្រូវជាភរិយាលោក ព្រហ្ម ពន្លឺ និងត្រូវជាម្ដាយរបស់កុមារ ឆាលី ដែលកំពុងមើលថែកូន ក្នុងប្រទេសថៃ បានពន្យល់ពីអាការៈជំងឺកូនរបស់ខ្លួនថា ឆាលី មានជំងឺមហារីកដុំសាច់ខួរក្បាល ប្រភេទលឿនរហ័ស ដែលដុះត្រង់បិទទឹកបង្ហូរពីខួរក្បាលទៅឆ្អឹងខ្នង។ ម្ដាយវ័យ៣៤ឆ្នាំរូបនេះ ថាដោយសារដុំសាច់ ដុះចំបង្ហូរខួរក្បាល បានបណ្ដាលឱ្យ ឆាលី ក្អួតរាល់ថ្ងៃ។

 កុមារ ឆាលី (រូបផ្ដល់ឱ្យ)

 «ថ្ងៃដំបូងដែលគាត់ក្អួតខ្លាំង គាត់ញ៉ាំស្រកានាគ។ ខ្ញុំគិតថាប្រហែល ស្រកានាគនោះមានជាតិថ្នាំ។ ស្អែកឡើង ខ្ញុំយកគាត់ទៅពេទ្យ។ ប៉ុន្តែពេទ្យរកមិនឃើញថា គាត់មានជំងឺអ្វីទេ។ អំឡុងពេលគាត់ក្អួតនោះ គាត់ឈឺផ្ដាសសាយទៀត មួយខែគាត់ឈឺ២៥ថ្ងៃហើយ ដូច្នេះខ្ញុំគិតថាគាត់ឡើងស្លេះ។ ពេទ្យឱ្យថ្នាំទប់ក្អួតក៏មិនបាត់។ ពេលពិនិត្យច្រើនដងមិនឃើញអ្វី ពេទ្យគាត់ព្យាយាមស្រាវជ្រាវ គាត់ក៏សន្និដ្ឋានថា ឆាលី អាចមាន២ករណី គឺក្រពះច្រាលទៅលើ និងខួរក្បាលបញ្ជាឱ្យគាត់ក្អួត»។ នេះជាការពន្យល់បន្ថែមរបស់អ្នកស្រី ហេងលី។
 
ក្រោយបញ្ជូនកុមារ ឆាលី ទៅពេទ្យជំនាញខាងខួរក្បាល ទើបរកឃើញថាកុមារមានដុះដុំសាច់ក្នុងខួរក្បាល។ ក្រោយព្យាបាល នៅពេទ្យក្នុងស្រុក បានរយៈពេល២ថ្ងៃ ម្ដាយឪពុក ក៏សម្រេចចិត្តយកកូន ទៅព្យាបាលនៅប្រទេសថៃ ដោយសារអាការៈជំងឺកុមារធ្ងន់ធ្ងរខ្លាំង។ 
 
អ្នកម្ដាយ អះអាង៖«គាត់ក្អួតខ្លាំង រហូតហើមខួរក្បាល។ ថ្ងៃទី២១ខែកុម្ភៈ គាត់វះកាត់ខួរក្បាល។ ក្រោយវះកាត់រួច ទឹកស្ទះពេញខួក្បាល ធ្វើឱ្យហើមថ្នេរវះកាត់។ ថ្ងៃទី១១ ខែមីនា វះកាត់លើកទី២។ ពេទ្យចោះក្បាលគាត់មួយចំហៀងទៀត ហើយវះពោះគាត់ដើម្បីបង្ហូរទឹកតាមទុយោចូល»។ 

គំនូរដាក់ដេញថ្លៃ ក្នុងកម្មវិធី (រូបផ្ដល់ឱ្យ)

ក្រោយវះកាត់បានជោគជ័យ កុមារ ឆាលី តម្រូវឱ្យបាញ់កាំរស្មីចំនួន៣០ដង ទៅតាមពេលវេលាសមស្រប ដែលពេទ្យបានកំណត់។ បន្ទាប់ពីបាញ់កាំរស្មីរួចរាល់ ទាំង៣០ដង ពេទ្យនឹងពិនិត្យសុខភាពរបស់ ឆាលី ជាថ្មីទៀត ដើម្បីរកវិធីព្យាបាលតាមបែបគីមីបន្តទៀត។ បើតាមអ្នកស្រី ហេងលី ការព្យាបាលតាមគីមី អាចមានរយៈពេល១ឆ្នាំ ឬច្រើនជាងនេះ អាស្រ័យលើសុខភាពកុមារ។
 
ចំពោះថ្លៃព្យាបាល គិតត្រឹមដំណាក់កាលវះកាត់២ដង ការព្យាបាលផ្សេងៗ បន្ទប់ស្នាក់នៅ អាហារ ថ្នាំសណ្ដំ ពុម្ពចម្លង(ធ្វើឡើងដូចរាងកាយកុមារ ដើម្បីបាញ់កាំរស្មី) រួមជាមួយការបាញ់កាំរស្មី៣០ដង ត្រូវចំណាយប្រាក់ ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក។ ចំនួននេះ ពុំបូកបញ្ចូល ការព្យាបាល ដោយប្រើគីមី ក្រោយពេល ឆាលី បាញ់កាំរស្មីគ្រប់៣០ដងឡើយ។

សម្លៀកបំពាក់ដេញថ្លៃក្នុងថ្ងៃកម្មវិធី (រូបផ្ដល់ឱ្យ)

«បាញ់កាំរស្មីម្ដង ១,៩០០ដុល្លារ។ គិតតែបាញ់កាំរស្មី អស់ជិត៦ម៉ឺនដុល្លារទៅហើយ។ គេឱ្យខ្ញុំស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែក។ វាថ្លៃ។ ខ្ញុំសុំអង្វរគេច្រើនណាស់ ថាខ្ញុំមិនមានលទ្ធភាពគេងបន្ទប់ថ្លៃទេ ខ្ញុំសុំគេយកអាថោក ប៉ុន្តែគេមិនឱ្យទេ។ គេទុកវាសម្រាប់តែប្រជាជនគេប៉ុណ្ណោះ។ គេជួយប្រជាជនគេណាស់។ យើងជនបរទេស ត្រូវតែយកបន្ទប់អាថ្លៃនេះតែម្ដង ព្រោះពេទ្យគេតម្រូវបែបហ្នឹង។ បើយើងមិននៅ ក៏មិនកើត។ ១យប់ ថ្លៃបន្ទប់ ៣,៨០០បាត ជាង១០០ដុល្លារ នៅថ្លៃថ្នាំ ថ្លៃអាហារ​ និងផ្សេងៗទៀត។ មួយសប្ដាហ៍ ត្រូវចំណាយប្រមាណ១៤,០០០ពាន់ដុល្លារ»។ នេះជាការអះអាងរបស់អ្នកស្រី ហេងលី។
 
លោក ព្រហ្ម ពន្លឺ ថាប្រាក់ចំណាយលើការព្យាបាលកូនប្រុស បានពីជំនួយសប្បុរសជនមួយចំនួន បានពីការលក់គ្រឿងអលង្ការច្នៃពីគ្រាប់កាំភ្លើង(មុខរបរប្រពន្ធ) បានពីការលក់គំនូរ(មុខរបរប្ដី) និងបានពីការខ្ចីមិត្តភក្ដិ និងសាច់ញាតិជាដើម។ 
 
«មានតារា និងមហាជន គាត់ជួយចែករំលែកដែរ ដូច្នេះមានអ្នកដឹង និងចូលរួមជួយច្រើន។ ពេលនេះខ្ញុំអាចធូរបានប្រហែល៣០ភាគរយដែរ ពីការជួយរបស់មហាជន។ អ្នកខ្លះជួយ១ដុល្លារ ២ដុល្លារ ឬ១ម៉ឺន ២ម៉ឺន ឬច្រើនជាងនេះ ទៅតាមទឹកចិត្តរបស់គាត់។ មហាជនបានជួយកូនខ្ញុំខ្លាំងណាស់»។ នេះជាការបន្ថែម របស់លោក ពន្លឺ។

គំនូរដែលដាក់ដេញថ្លៃថ្ងៃកម្មវិធី (រូបផ្ដល់ឱ្យ)

លោក ព្រហ្ម ពន្លឺ អះអាងថា ក្រោយពេលលោក បង្ហាញពីអាការៈជំងឺកូនប្រុស គំនូររបស់លោក លក់ដាច់ច្រើនជាងមុន។ ទោះជាយ៉ាង ម្ដាយឪពុកកុមារ សំណូមពរទៅមហាជន សូមកុំមានការយល់ច្រឡំ ថាការប្រកាសរកជំនួយ ឬការធ្វើកម្មវិធីផ្សេងៗ ដើម្បីរៃអង្គារប្រាក់ ទៅព្យាបាលជំងឺកូនប្រុសរបស់ពួកគេ គឺជាការធ្វើទីផ្សារអាជីវកម្ម ដ្បិតអីពួកគេគ្រាន់តែចង់ឱ្យកូន មានជីវិតរស់នៅ ដូចក្មេងដទៃប៉ុណ្ណោះ។
 
លោក ពន្លឺ ពន្យល់ដូច្នេះ៖«អាចនិយាយថា៥០ភាគរយគេទិញ ដោយសារគេចង់ជួយកូន។ ហើយ៥០ភាគរយទៀត គេទិញដោយសារ គេមើលឃើញ ពីទឹកដៃគំនូររបស់ខ្ញុំ។ អ្នកខ្លះគេថា ខ្ញុំផុសរកជំនួយ ឬលក់គំនូរយកប្រាក់ព្យាបាលកូននេះ គឺជាការយកកូនធ្វើឈ្នាន់ទាក់ទាញចំណាប់អារម្មណ៍។ ប៉ុន្តែ​​គាត់មិនដឹងពីការចំណាយរួម ថាអស់ច្រើនប៉ុណ្ណាទេ ក្នុងមួយខែៗ។ រាល់ថ្ងៃនេះ ខ្ញុំរស់ទាំងត្រដរ ផុតមួយអាទិត្យ គិតមួយអាទិត្យ។ បើខ្វះខាតពួកយើងខ្ចីប្រាក់គេ ដើម្បីបង្រប់»។
 
សូមបញ្ជាក់ថា កម្មវិធីដេញថ្លៃសិល្បៈ សប្បុរសធម៌ និងការបង្ហាញម៉ូត នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅហ្វេកធឺរីភ្នំពេញ (Factory Phnom Penh)៕

Tag:
 សិល្បៈ
  គំនូរ
  សប្បុរសធម៌
  បង្ហាញម៉ូត
  ការដេញថ្លៃ
 
© រក្សាសិទ្ធិដោយ thmeythmey.com