អន្តរជាតិ
លោកសេដ្ឋាការពារការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ ទោះរងការជំទាស់ពីសភាពាណិជ្ជកម្ម
08, May 2024 , 4:59 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Sretha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី៧ ខែឧសភា បានការពារការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃនៅទូទាំងប្រទេសដល់ ១០,៨៨ដុល្លារ (៤០០បាត) ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ យ៉ាងណាមិញក្រុមតំណាងពាណិជ្ជករ និងអ្នករកស៊ីថៃ បានជំទាស់ផែនការដំឡើងប្រាក់ឈ្នួល។

 
នៅសប្តាហ៍មុន រដ្ឋាភិបាលថៃ បានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ១០,៨៨ដុល្លារ (៤០០បាត) នៅទូទាំងប្រទេស ដើម្បីបង្កើនការប្រើប្រាស់នៅក្នុងប្រទេស ជំរុញសេដ្ឋកិច្ចជាតិ និងកែលម្អជីវរស់នៅរបស់ប្រជាជន។ ផែនការដំឡើងប្រាក់ពលកម្មប្រចាំថ្ងៃនេះ មិនបានធ្វើឱ្យម្ចាស់អាជីវកម្ម និងពាណិជ្ជករ សប្បាយចិត្តឡើយ។ 
 
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន នៅតែបន្តការពារការដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ ឱ្យដូចនឹងការសន្យារបស់ខ្លួនមុនការបោះឆ្នោត។
 
«វាគឺអំពីជីវភាព និងជីវិតរបស់ប្រជាជនក្រីក្រ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញសេដ្ឋកិច្ចជាតិ»។ លោកសេដ្ឋា បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៧ ខែឧសភា ដោយបន្តថា ក្នុងរយៈពេល ១០ឆ្នាំមកនេះ ប្រាក់ឈ្នួលប្រចាំថ្ងៃ ត្រូវបានដំឡើងត្រឹម ១០ភាគរយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិកន្លងទៅ លោកសេដ្ឋា និងបក្សភឿថៃ បានសន្យាដំឡើងប្រាក់ពលកម្មអប្បបរមាប្រចាំថ្ងៃឱ្យបានរហូតដល់ ១៦,២១ដុល្លារ (៦០០បាត) ក្នុងមួយថ្ងៃ នៅត្រឹមឆ្នាំ២០២៧។ 
 
ទន្ទឹមនេះ ដើម្បីការបន្ថយការចំណាយលោកសេដ្ឋា ក៏បានសន្យារក្សតម្លៃប្រេងឱ្យនៅត្រឹម ០,៨៩ដុល្លារ ក្នុងមួយលីត្រ រួមទាំងតម្លៃហ្គាស និងកាត់បន្ថយតម្លៃអគ្គិសនីផង។ 
 
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលថៃខាងលើ ធ្វើឡើងស្របពេលសភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្ម នៅទូទាំងប្រទេស បានជំទាស់ការដំឡើងប្រាក់ឈ្នួលរហូតដល់១០,៨៨ដុល្លារ (៤០០បាត) ក្រោមហេតុផលធ្វើឱ្យអាជីវកម្មដួលរលំ ដែលមានតែបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ទន្ទឹមនេះ ការដំឡើងប្រាក់ពលកម្មនោះ នឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែង ខណៈតំបន់ខ្លះ មិនទាន់អាចដំឡើងបានដល់១០,៨៨ដុល្លារឡើយ។ ការជំទាស់នេះ បានចូលរួមពីសភាពាណិជ្ជកម្មចំនួន ៧៦ និងសមាគមពាណិជ្ជកម្មចំនួន ៥៤។ 
 
នៅសប្តាហ៍មុន រដ្ឋមន្រ្តីការងារ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃទៅ១០,៨៨ដុល្លារ នៅទូទាំងប្រទេស ទំនងមិនអាចសម្រេចបាននៅត្រឹមខែតុលាខាងមុខនោះទេ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com